ខេត្តកណ្ដាល ៖ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតខ្មែរ នៅខេត្តបុរីរម្យ ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ ត្រូវបានសម្តេច ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សាងសង់វត្តថ្មីមួយ ឈ្មោះ “តេជោសម្មាទិដ្ឋិ” ប្រគេនព្រះអង្គគង់ជាអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា មិនត្រលប់ទៅប្រទេសថៃ វិញឡើយ ។

វត្តថ្មី “តេជោសម្មាទិដ្ឋិ” ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចហ៊ុន សែន ប្រគេនលោកឪ ស៊ុច នេះ មានទីតាំងស្ថិតនៅក្នុងតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល របស់ឧកញ៉ា ស្រី ចាន់ថន ។

បន្ទាប់ពីទទួលបានអំណោយដ៏ថ្លៃថ្លានេះ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ស្រី ចាន់ថន បានអមដំណើរលោកគួច ចំរើន អភិបាលខេត្តកណ្ដាល ចូលថ្វាយបង្គំលោកឪ ស៊ុច ដើម្បីពិនិត្យនិងរៀបចំកសាង វត្តថ្មី “តេជោសម្មាទិដ្ឋិ” នេះ ។

ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាព ភ្ជាប់ជាមួយសំណេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ ជុំវិញការរៀបចំកសាងវត្ត “តេជោសម្មាទិដ្ឋិ” ជូនលោកឪ ស៊ុច នោះថា “វត្តមានឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងមានការចូលរួមពីឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញថ្វាយបង្គំលោកតា ស៊ុច និងពិនិត្យទីតាំងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាចក្រកម្ពុជា ដើម្បីត្រៀមសាងសង់ (វត្តតេជោសម្មាទិដ្ឋិ) ស្ថិតនៅក្នុងតំបន់7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល“ ។

គួរបញ្ជាក់ថា មុនទទួលបានវត្តថ្មី ““តេជោសម្មាទិដ្ឋិ” ដែលត្រូវរៀបចំសាងសង់នៅពេលនេះ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច កាលពីពេលថ្មីៗកន្លងទៅនេះ ក៏ត្រូវបានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនរថយន្តថ្មីសន្លាង ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការនិមន្តជួបពុទ្ធបរិស័ទ នៅទីជិតឆ្ងាយ លើវិថីអប់រំតាមព្រះធម៌ព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតខ្មែរ នៅខេត្តបុរីរម្យ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យថា មិននិមន្តទៅប្រទេសថៃ វិញជាដាច់ខាត ដោយសារជនជាតិថៃ រួមទាំងអ្នកដែលមានដើមកំណើតខ្មែរ មួយចំនួន ដែលវង្វេងប្រវត្តិសាស្ត្រ ភ្លេចដើមកំណើតខ្លួនជាខ្មែរ មានការរើសអើងចំពោះព្រះអង្គ ដែលមានថេរដីកាការពារកម្ពុជា ដែលរងការឈ្លានពានពីទាហានថៃ ជ្រុលនិយម។ បន្ទាប់ពីលោកឪ ស៊ុច បានបិណ្ឌបាតសុំនិមន្តមកគង់នៅប្រទេសកម្ពុជា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងទូលថ្វាយស្នើព្រះមហាក្សត្រ ប្រោសព្រះរាជទានផ្តល់សញ្ជាតិខ្មែរ ដល់លោកឪ ស៊ុច ទៀតផង ៕

