Saturday, July 12, 2025
Homeសង្គម និងជីវិតក្រមុំតូច តូចចិត្តគេបង្អាប់មុខដូចស្វា ពោះធំ ភ័យពេទ្យ ឲ្យវះយកកូន៧ខែ

ក្រមុំតូច តូចចិត្តគេបង្អាប់មុខដូចស្វា ពោះធំ ភ័យពេទ្យ ឲ្យវះយកកូន៧ខែ

ភ្នំពេញ ៖ ក្រមុំតូច កម្ពស់១ម៉ែត្រ២តឹក ដែលបានរៀបការប្តីសង្ហា កម្ពស់១,៧០ម៉ែត្រ បានបង្ហាញនូវអារម្មណ៍តូចចិត្ត និយាយទាំងទឹកភ្នែក អួលដើមក ពីរឿងគេបង្អាប់ថា មុខដូចស្វា   ចេះតែមានគេយកធ្វើប្រពន្ធទៅកើត ហើយពេលនេះ កំពុងមានផ្ទៃពោះ៤ខែ មានអារម្មណ៍រំភើបអរ តែក៏មានការភ័យបារម្ភដេរ ដោយសារពេទ្យបានប្រាប់ថា នាងមិនអាចពពោះដល់៩ខែ និងមិនអាចកើតកូនតាមធម្មជាតិបាន គឺត្រូវវះកាត់យកកូន ពេលពពោះ៧ខែ។

នាងយ៉ិន ស្រីចា ហៅសុខជា ហៅក្រមុំតូច បានរៀបរាប់ប្រាប់ថា ដំបូងឡើយ នាងនិងប្តី បានដឹកដៃគ្នាវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីចប់កុងត្រាការងារជាមួយម្ចាស់ផលិតផលឡាកាម៉ូ ។ លុះក្រោយមក លោកស្រីស៊ូ សោភា និងម្ចាស់ប្រេន S&K មើលឃើញពីស្ថានភាពរបស់នាងគួរឱ្យអាណិត ក៏បានផ្តល់ឱកាសឱ្យនាងបានធ្វើការ គិតមកដល់ពេលនេះ មានរយៈពេលជិត ១ឆ្នាំហើយ ដែលលោកស្រីស៊ូ សោភា និងម្ចាស់ប្រេន S&K មើលថែ ទំនុកបម្រុងនាងគ្រប់បែបយ៉ាង ផ្តល់ទាំងការហូបចុក ស្នាក់នៅ ស្លៀកពាក់ និងសូម្បីតែពេលនាងឈឺថ្កាត់យប់ព្រលប់ តែងដឹកបញ្ជូននាងទៅព្យាបាល ធ្វើឱ្យនាងមានអារម្មណ៍កក់ក្តៅ ទោះនៅឆ្ងាយពីឪពុកម្តាយ តែជីវិតនាងមានក្តីសុខ ប្រៀបបានរស់នៅជុំគ្រួសារដែរ។

នាងយ៉ិន ស្រីចា បានបន្តថា ពេលនេះ នាងកំពុងមានផ្ទៃពោះ ៤ខែ ខណៈដែលកន្លងមក នាងធ្លាប់មានផ្ទៃពោះម្តងដែរ តែកូនមិននៅ (រលូត) តែលើកនេះ ក្រោយពេលពិនិត្យផ្ទៃពោះរួច គ្រូពេទ្យបានប្រាប់ថា កូនក្នុងផ្ទៃរបស់នាង មានវ័យ ៤ខែហើយ ជាកូនប្រុស។ ចំណែកសុខភាពកូនក្នុងផ្ទៃ ក៏ល្អធម្មតា គ្រាន់តែធ្វើឱ្យរូបនាងជាម្តាយ មានអាការចាញ់ខ្លាំង ដោយចេះតែថប់ៗ បេះដូងលោតញាប់ៗ។

នាងយ៉ិន ស្រីចា បានបន្ថែមថា ស្របពេលដែលរូបនាងកំពុងមានផ្ទៃពោះនេះ នាងមានអារម្មណ៍រំភើប ដែលនាងអាចមានមានកូនចៅ តពូជពង្សដូចគេឯងដែរ តែក៏ភ័យព្រួយរឿងមិនអាចកើតកូនបានតាមធម្មជាតិ ព្រោះតែរូបរាងនិងសុខភាពរបស់នាង មិនអំណោយផល ពិសេសគឺអាការជំងឺប្រចាំកាយរបស់នាងផ្ទាល់តែម្តង។ យ៉ាងណា តាមរយៈការផ្តល់ដំបូន្មានពីក្រុមគ្រូពេទ្យជំនាញ ពិសេសដោយមានការជួយជ្រោមជ្រែងពីលោកស្រី ស៊ូ សោភា និងម្ចាស់ប្រេន S&K ផងនោះ នាងសម្រេចចិត្តថា នឹងសម្រាលកុនដោយការវះកាត់ នៅពេលកូនក្នុងផ្ទៃចម្រើនវ័យដល់៧ខែ ដោយសារតែសូម្បីតែគ្រូពេទ្យជំនាញ ក៏មិនលើកទឹកចិត្តឱ្យនាង សម្រាលដោយធម្មជាតិដែរ។

នាងយ៉ិន ស្រីចា បានបញ្ជាក់ថា កន្លងមក នាងធ្លាប់ត្រូវបានមហាជនលើកទឹកចិត្ត ពោលសរសើរ និងផ្តល់កម្លាំងចិត្ត ឱ្យនាងខំបន្តដំណើរជីវិតទៅមុខទៀត ប៉ុន្តែស្របជាមួយគ្នានេះ ក៏មានមនុស្សមួយចំនួនតូច បែរជាប្រមាថមើលងាយ បង្អាប់នាងទៀតផង។ ជាក់ស្តែង ថ្មីៗនេះ មានអ្នកទូរស័ព្ទមកនាង ហើយនាងនឹកស្មានថា ជាអតិថិជនចង់រកទិញផលិតផល ខំនិយាយជម្រាបសួរត្រឹមត្រូវ ស្រាប់តែគេជះសម្តីដាក់នាងផាំងៗថា “អញស្អប់អ្ងែងណាស់ សម្តីបានណាស់ក្នុងការឡាយ អ្ងែងបើជួបអញនៅខាងក្រៅ អញចាប់ញេចអ្ងែងដូចចៃហ្មង!”។ ក្រៅពីនេះ  អ្នកខ្លះដៀលនាងថា “មីមុខដូចស្វា” ធ្វើឱ្យរូបនាងស្រក់ទឹកភ្នែក តូចចិត្ត។

ក្រមុំតូច បានបន្តថា ទោះនាងធ្វើឆ្កួតធ្វើជា ដើម្បីលុយ តែនាងក៏មានកិត្តិយស និងចេះឈឺចាប់ដែរ ពិសេសមិនអាចទទួលយកបានឡើយ នូវពាក្យជេរប្រមាថ មើលងាយ បង្អាប់នាងថា មុខស្វា ដោយមានស្ត្រីម្នាក់ ដៀលនាងថា “មុខមាត់ដូចស្វា កោតតែប្តីអ្ងែងស្រលាញ់ដែរ កោតតែម៉ែក្មេកនោះឱ្យយកដែរ” ដែលពាក្យនេះ ធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់ ហើយពាក្យបែបនេះ បានដក់ជាប់នៅក្នុងខួរក្បាលរបស់នាងរហូត នឹកឃើញពេល ណា តូចចិត្ត ឈឺចាប់ ស្រក់ទឹកភ្នែកពេលហ្នឹង។

ក្រមុំតូច បានបន្ថែមថា “មនុស្សម្នាក់ៗ គ្មានអ្នកណាគេកើតមកចង់អាក្រក់ទេ គឺចង់ស្អាតដូចគេដូចឯង តែធ្វើម៉េចបើខ្ញុំកើតមកបែបនេះ ប្រកែកមិនបាន រើសមិនបាន ហេតុនេះខ្ញុំត្រូវទទួលយកអ្វីដែលជាខ្លួនឯង ហើយខ្ញុំនឹងតស៊ូដើម្បីកូន ដើម្បីប្តី និងដើម្បីគ្រួសារ ក្រោមការផ្តល់កម្លាំងចិត្តពីប្តី និងមេៗទាំងពីរ (លោកស្រីស៊ូ សោភា និងម្ចាស់ប្រេន S&K)”។

លោកស្រីស៊ូ សោភា និងម្ចាស់ប្រេន S&K បានឱ្យដឹងថា តាមពិត ដំបូងឡើយ ពួកគាត់មិនចង់ទទួលយកក្រមុំតូច មកធ្វើការជាមួយនោះទេ តែមិនមែនមានន័យថា ស្អប់ឬរើសអើងគាត់នោះទេ ប៉ុន្តែចំណុចសំខាន់នៅត្រង់ថា ទី១-ខ្លាចមហាជនយល់ច្រឡំផលិតផល ព្រោះកន្លងមកគាត់ធ្លាប់ធ្វើការឱ្យម្ចាស់ផលិតផលផ្សេង។ ទី២-បារម្ភថា មានការរិះគន់ និងភាន់ច្រឡំថា ពួកគាត់អូសទាញមនុស្សពីគេ និងទី៣- មិនចង់ឱ្យមានបញ្ហាមើល មុខគ្នាមិនចំ ជាមួយម្ចាស់ផលិតផលផ្សេង។ ប៉ុន្តែក្រោយមក ដោយមើលឃើញពីទុក្ខលំបាកក្នុងជីវភាព និងដឹងថា ក្រមុំតូច បានចប់កុងត្រាការងារជាមួយផលិតផលផ្សេងៗអស់ទាំងស្រុងហើយ ទើបពួកគាត់សម្រេចផ្តល់ឱកាសការងារឱ្យនាង និងឃើញថា រយៈពេលកន្លងមកនេះ ទាំងក្រមុំតូច និងស្វាមី មានភាពសកម្មស្វាហាប់ និងយកចិត្តទុកដាក់ក្នុងការបំពេញការងារខ្លាំងណាស់ ហើយក៏បានជួញរុញផលិតផលរបស់ពួកគាត់ឱ្យឡើងមួយកម្រិតទៀតផងដែរ។

លោកស្រីស៊ូ សោភា និងម្ចាស់ប្រេន S&K បានបញ្ជាក់បន្ថែមថា ចំពោះការសម្រាលកូន របស់ក្រមុំតូច គឺពួកគាត់សម្រេចទទួលរ៉ាប់រងទាំងស្រុង នូវកញ្ចប់ការសម្រាលដោយការវះកាត់ ហើយចំពោះការវះកាត់សម្រា លនេះដែរ គឺដោយសារតែក្រុមគ្រូពេទ្យជំនាញ បានពិនិត្យ ឃើញថា សុខភាពទារកនៅក្នុងផ្ទៃ គឺល្អធម្មតាទាំងអស់ ប៉ុន្តែដោយសារតែរូបរាងកាយរបស់ស្ត្រីជាម្តាយ (ក្រមុំតូច) មានមាឌតូចល្អិត ទើបធ្វើឱ្យមានបញ្ហាដល់ការលូតលាស់ទារក ក្រោយពេល៧ខែ ពោលគឺស្បែកពោះរបស់ស្ត្រីជាម្តាយ មិនអាចរីកធំតាមមាឌទារកបានឡើយ ពិសេស នៅពេលទារករីកលូតលាស់លើសពី៧ខែ ស្ត្រីជាម្តាយ នឹងមានបញ្ហាក្នុងការពពោះ ដោយ សារតែជើងរបស់នាង មិនអាចទប់ទម្ងន់របស់ទារកបានឡើយ។ ហេតុនេះ គ្រូពេទ្យជំនាញបានផ្តល់យោបល់ឱ្យគាត់សម្រាលដោយវះកាត់ ក្នុងពេលដែលទារកចម្រើនវ័យដល់៧ខែ រួចដាក់ចិញ្ចឹមក្នុងកែវ។ រីឯក្រមុំតូច ក្រោយ ពីបានស្តាប់ការពន្យល់ណែនាំពីគ្រូពេទ្យជំនាញរួចហើយ ក៏យល់ព្រមសម្រាលដោយការវះកាត់នេះផងដែរ។

គួររំលឹកថា នាងយ៉ិន ស្រីចា ហៅសុខជា ដែលមានមាឌតូចល្អិត កម្ពស់១ម៉ែត្រ២តឹក ខាងលើនេះ បានរៀបការជាមួយប្តី ឈ្មោះណាវ ដារ៉ា អាយុ២៦ឆ្នាំ មុខរបរកសិករ និងដើរស៊ីឈ្នួលលើកស្រូវឱ្យគេ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិព្រែកជីក ឃុំសោក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមវត្តមានញាតិមិត្តទាំងសងខាង និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង៤០តុ៕ ដារិទ្ធ

RELATED ARTICLES