Sunday, July 13, 2025
Homeសង្គម និងជីវិតជិះគោយន្តទៅពេទ្យ កើតកូនតាមផ្លូវ

ជិះគោយន្តទៅពេទ្យ កើតកូនតាមផ្លូវ

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមគោយន្ត សំដៅទៅមន្ទីរពេទ្យ ដើម្បីក្រុមគ្រូពេទ្យជំនាញជួយសម្រាល ស្រាប់តែធ្វើដំណើរមិនទាន់ដល់មន្ទីរពេទ្យផង បានសម្រាលកូននៅតាមផ្លូវ នៅលើគោយន្តតែម្តង ដោយត្រូវបានក្រុមគ្រូពេទ្យឆ្មប ចុះជួយសម្រាលកូន ដោយសុវត្ថិភាព ទាំងម្តាយនិងកូន។

ករណីស្ត្រីសម្រាលកូនលើគោយន្ត តាមផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៩នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក។

ស្ត្រីដែលសម្រាលកូនលើគោយន្ត មានឈ្មោះឆាន សុខឃី អាយុ៤២ឆ្នាំ។ ចំណែកទារកទើបសម្រាល គឺជាកូនទី៦ និងមានទម្ងន់ ២គីឡូក្រាម។

តាមប្រភពមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង ៧និង១៩នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី រស់ ស៊ីអ៊ីន ប្រធានមណ្ឌលសុខភាពរស្មីសាមគ្គី និងមន្ត្រី ១នាក់ បន្ទាប់ពីបានទទួលដំណឹងតាមទូរស័ព្ទ ពីក្រុមគ្រួសារស្ត្រីខាងលើ បានចុះទៅជួយសម្រាលកូន ឲ្យស្ត្រីឈ្មោះឆាន សុខឃី អាយុ៤២ឆ្នាំ ដោយសម្រាលកូន មានទម្ងន់ ២គីឡូក្រាម នៅលើគោយន្ត តាមផ្លូវ ប្រកបដោយសុវត្ថិភាព ស្ថិតនៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បន្ទាប់ពីសម្រាលរួច មន្ត្រីឆ្មប បានបញ្ជូនស្ត្រីជាម្តាយ និងទារក មកមណ្ឌលសុខភាព ដើម្បីសម្អាត និងតាមដានសុខភាពបន្ត ដែលនៅពេលនេះ សុខភាពម្តាយ និងកូន ល្អធម្មតា៕

RELATED ARTICLES