Saturday, July 5, 2025
Homeសង្គម និងជីវិតហ្មដំរី  មិនត្រឡប់ទៅធ្វើការអង្គការវិញ តែសុំទៅលេងកូនស្រីចិញ្ចឹមឡាក់គី

ហ្មដំរី  មិនត្រឡប់ទៅធ្វើការអង្គការវិញ តែសុំទៅលេងកូនស្រីចិញ្ចឹមឡាក់គី

ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរីឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

ជំនួបនេះ មានគោលបំណងសម្របសម្រួលឱ្យលោកទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែដំរី ឡាក់គី វិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការ ដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីសាវតារនៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរី ឡាក់គី។ យ៉ាងណា លោកបានបដិសេធ មិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គី ម្តងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោកទ្រី ស៊ីថេង លោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោក ក្នុងការថែរក្សាដំរី ឡាក់គី តាំងពីតូច អស់រយៈពេលជាង២៦ឆ្នាំ។ លោកយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។

លោកឌិត ទីណា បានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ លោកមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

ដោយឡែកចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី លោករដ្ឋមន្ត្រី ឌិត ទីណា បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី ស៊ីថេង អាចបានទៅមកភ្ជាប់មនោសញ្ចោតនាជាមួយឡាកគី ដូចឪពុកនិងកូន។

ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀត ដែលជាបុគ្គលិកអង្គការ ពីលក្ខខណ្ឌការងារផងដែរ។ លោកក៏បានសន្យាថា នឹងនាំយកសំណើ សំណូមពររបស់លោកទ្រី ស៊ីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ។

មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ ដែលជាបំណង ប្រាថ្នារបស់លោកផ្ទាល់៕

RELATED ARTICLES