ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ជាពលការិនីខ្មែរ មានផ្ទៃពោះ ទើបនឹងត្រឡប់មកពីប្រទេសថៃ ចូលមកដល់ទឹកដីកំណើតវិញ តាមច្រកព្រំដែនប៉ោយប៉ែត គ្រាន់តែឈានជើងជាន់ដីខ្មែរភ្លាម ស្រាប់តែឈឺពោះសម្រាលកូន ត្រូវបានអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សម្រាល់បានកូនប្រុសម្នាក់ ទម្ងន់ជាង ៣គីឡូក្រាម ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

ស្ត្រីដែលសម្រាលបានកូន ពេលឆ្លងដែននេះ មានឈ្មោះសេង កែវមុនី អាយុជាង៣០ឆ្នាំ ជាពលការិនីចំណាកស្រុក ទើបនឹងត្រឡប់មកពីប្រទេសថៃ និងមានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គ្រាន់តែដើរឆ្លងដែនចូលមកដល់ទឹកដីកម្ពុជា ភ្លាម ស្ត្រីឈ្មោះ សេង កែវមុនី បានប្រាប់ទៅមន្ត្រីក្រសួងការងារ ដែលឈរនៅច្រកព្រំដែន ពីអាការរបស់ខ្លួនដែលកំពុងឈឺពោះសម្រាលកូន។ ភ្លាមនោះ លោកងិន វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការ គ.ក.ប នៃក្រសួងការ ងារ បានស្ទុះស្ទាជួយសម្របសម្រួលទាក់ទងហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនស្ត្រីខាងលើ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសម្រាល។ ក្រោមការយកចិត្តទុកដាក់របស់គ្រូពេទ្យ អ្នកស្រី កែវមុនី បានសម្រាលកូនប្រុស ទម្ងន់ជាង៣គីឡូក្រាម ដោយសុវត្ថិភាព។

អ្នកស្រី សេង កែវមុនី បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងការងារ និងគ្រូពេទ្យដែលបានជួយសង្គ្រោះអ្នកស្រី និងកូន បានដោយសុវត្ថិភាព។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្ត្រីជាពលរកខ្មែរ ឈ្មោះសេង កែវមុនី អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈចេញពីប្រទេសត្រឡប់ចូលមកប្រទេសកម្ពុជា វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះ សម្រាលកូន ត្រូវបានអាជ្ញាធរខេត្តក្រុង មន្ត្រីពាក់ព័ន្ធជុំវិញច្រក រួមជាមួយក្រុមគ្រូពេទ្យប្រចាំការទទួលពលករវិលត្រឡប់មកប្រទេសវិញ ក្រោមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)។

លោកអោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេខាងលើ កើតបានកូនប្រុស មានទម្ងន់ ៣,១៦៨គីឡូក្រាម នៅម៉ោងវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥។

ក្រោយសម្រាល ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា ហើយពេលនេះកំពុងឱ្យពួកគាត់សម្រាកថែសុខភាព ពេលរឹងមាំ ទើបអនុញ្ញាតឱ្យវិលទៅសម្រាកនៅលំនៅឋានវិញ។

ជាមួយនេះ ស្ត្រីឈ្មោះសេង កែវមុនី ត្រូវបានលោកអភិបាលក្រុងប៉ោយប៉ែត ឧបត្ថម្ភជាថវិកាចំនួន៨០ម៉ឺនរៀល ហើយនៅពេលដែលស្ត្រីខាងលើ មានសុខភាពរឹងមាំ អាចចេញពីពេទ្យបាន ក្រុមការងារនឹងដឹកជញ្ជូនទៅដល់លំនៅឋានតែម្តង៕