Friday, July 4, 2025
Homeព័ត៌មានជាតិក្រុមសម រង្ស៊ី ថាកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ជាអំពើប្រហាររដ្ឋធម្មនុញ្ញ

ក្រុមសម រង្ស៊ី ថាកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ជាអំពើប្រហាររដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ រួមជាមួយសហការី បានលើកឡើងនិងចេញសេចក្ដីថ្លែងការណ៍ក្នុងន័យស្រដៀងគ្នាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ដើម្បីដកសញ្ជាតិខ្មែរ ពីប្រជាជនខ្មែរ គឺជាអំពើប្រហាររដ្ឋធម្មនុញ្ញ និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ថាអាចធ្វើទៅបាន ។

សេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិតស៊ូ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពី «ការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ជាអំពើប្រហាររដ្ឋធម្មនុញ្ញ និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ» មានខ្លឹមសារទាំងស្រុងថា “ក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្រោកឈរក្នុងនាមជាម្ចាស់ប្រទេសកម្ពុជា ប្រឆាំងនឹងការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ។ យើងថ្កោលទោសក្រុមប្រឹក្សាធម្មនុញ្ញ នៃគណបក្សប្រជាជនកម្ពុជា ដែលទូលថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី២ ខែកក្កដា នេះ ថាសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ដោយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត តាមការចង់បានទាំងបំពាន របស់លោកហ៊ុន សែន «អាចធ្វើទៅបាន» ។

មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក» ។ នេះច្បាស់ណាស់ថា ស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ធានាការពារនូវបុព្វសិទ្ធិនិងអំណាចរបស់ជនជាតិខ្មែរ ដែលជាម្ចាស់ទឹកដីជាតិកម្ពុជា នៅខ្ពស់ជាងអំណាចនៃស្ថាប័នគ្រប់គ្រងរដ្ឋទាំងឡាយ ។ ដូច្នេះរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា និងព្រឹទ្ធសភា ក្រោមការដឹកនាំផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ដែលមានផែនការកែរដ្ឋធម្មនុញ្ញ មាត្រា៣៣ បើកឲ្យមានការដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរនោះ កំពុងប្រហាររដ្ឋធម្មនុញ្ញ ដោយតាំងខ្លួនពួកគេជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ខណៈពួកគេប្រើឈ្មោះប្រជាពលរដ្ឋ ដើម្បីទៅកាន់អំណាច ។

ជាតិជាធម្មជាតិមនុស្ស ត្រូវតែមានជាតិដើមកំណើតពូជសាសន៍របស់ខ្លួន ដែលគ្មានអ្នកណានិងស្ថាប័នណាដកហូតបានឡើយ ទោះផ្អែកលើស្មារតីច្បាប់ជាតិ គោលការណ៍ច្បាប់អន្តរជាតិ និងកត្តាសត្យានុម័តជាក់ស្តែង ។ ជាតិសាសន៍ខ្មែរ មានន័យថា ជាជនជាតិមានឈាមជ័រខ្មែរ ព្រមទាំងមានប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅរបស់ខ្លួន ដែលគ្មានក្រឹត្យក្រមអ្វីទៅកែឬដូរបានទេ ។

ក្រុមប្រឹក្សាជាតិតស៊ូ ចាត់ទុកការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ គឺជាការដកហូតសិទ្ធិជាម្ចាស់ព្រលឹងជាតិខ្មែរ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីជនជាតិខ្មែរ ជាពិសេស ជានិន្នាការបំផ្លាញពូជសាសន៍ខ្មែរ ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រសូតឡើងដោយការមើលឃើញរបស់មហាអំណាចទាំងអស់ នៅលើពិភពលោក ដើម្បីការពារកុំឲ្យបាត់បង់ពូជសាសន៍ខ្មែរ ដោយការផ្ដល់សិទ្ធិអំណាចនៃសេចក្ដីសម្រេចជោគវាសនាជាតិកម្ពុជា ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាម្ចាស់ ។

មាត្រា១៥ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) ចែងថា «មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មាននរណាម្នាក់ ត្រូវដកហូតសញ្ជាតិ តាមអំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្តូរសញ្ជាតិបានឡើយ» ។ លើមូលដ្ឋាននេះ ការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ដោយបំណងចិត្តនិងគោលដៅនយោបាយបំពានរបស់បុគ្គលកាន់អំណាច គឺជាបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ ជាពិសេស ការកែរដ្ឋធម្មនុញ្ញ ពេលនេះ មានគោលដៅទុច្ចរិត ដើម្បីកម្ចាត់ខ្មែរអ្នកប្រជាធិបតេយ្យ ក្នុងទ្រង់ទ្រាយធំ ។

យើងខ្មែរ ប្រឆាំងដាច់ខាតនឹងការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ។ យើងជាជនជាតិខ្មែរ ត្រូវតែជាម្ចាស់ទឹកដីប្រទេសកម្ពុជា ។ ជនណាឬក្រុមបុគ្គលណាដែលដកសញ្ជាតិយើង គឺជាក្រុមមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ ប៉ងបំបាត់ពូជសាសន៍ខ្មែរ តាមមហិច្ឆតាបរទេសឈ្លានពាន“ ។

ជុំវិញសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិតស៊ូ ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ ដែលជាសហការីរបស់លោកសម រង្ស៊ី កំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ការដកសញ្ជាតិពលរដ្ឋខ្មែរ ពីកំណើតនេះ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារធម្មនុញ្ញ និងជាអំពើប្រល័យពូជសាសន៍មួយ ជាការរំលាយ លុបបំបាត់ជាតិសាសន៍ពូជខ្មែរ ឲ្យសាបសូន្យ ដើម្បីផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម បង្កើតសហព័ន្ធឥណ្ឌូចិន ដោយយកកម្ពុជា វៀតណាម ឡាវ ដាក់ទៅជាប្រទេសតែមួយ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា “តើការធ្វើច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើត រួចផ្តល់សញ្ជាតិខ្មែរ ឲ្យជនជាតិវៀតណាម ជំនួសវិញ មានផលវិបាក និងផលប៉ះពាល់អ្វីខ្លះ? ពលរដ្ឋខ្មែរ ត្រូវបានដកសញ្ជាតិខ្មែរពីកំណើត ៖ លែងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ លែងមានសិទ្ធិបោះឆ្នោត មិនអាចកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនអាចកាន់លិខិតឆ្លងដែនខ្មែរ មិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន (បើមានសញ្ជាតិតែមួយ) មិនអាចទិញដីឬផ្ទះបាន មិនអាចមានកម្មសិទ្ធិលើដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ មិនអាចទទួលបានប័ណ្ណក្រីក្រនិងសេវាសង្គមផ្សេងៗ មិនអាចធ្វើជាប៉ូលិស ទាហាន និងមន្រ្តីរាជការ កូនចៅកើតមកមិនអាចទទួលបានសញ្ជាតិខ្មែរ ។ល។ រីឯជនជាតិវៀតណាម ទទួលបានសញ្ជាតិខ្មែរ ៖ មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ មានសិទ្ធិបោះឆ្នោត អាចកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចកាន់លិខិតឆ្លងដែនខ្មែរ អាចទិញដីឬផ្ទះបាន អាចមានកម្មសិទ្ធិលើដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ អាចទទួលបានប័ណ្ណក្រីក្រនិងសេវាសង្គមផ្សេងៗ អាចធ្វើជាប៉ូលិស ទាហាន មន្រ្តីរាជការ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល កូនចៅកើតមកអាចទទួលបានសញ្ជាតិខ្មែរ ។ល។ ហេតុនេះ ជនជាតិវៀតណាម ទទួលបានសញ្ជាតិខ្មែរ នឹងសម្រេចជោគវាសនាជំនួសខ្មែរ ហើយដំណើរឆ្ពោះមកទិសខាងលិច របស់ហូ ជីមិញ ក្នុងការបង្កើតសហព័ន្ធឥណ្ឌូចិន នឹងបានសម្រេច នាពេលអនាគត»។

លោកអ៊ុំ សំអាន សរសេរបន្តថា “លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ហ៊ីទ្លែរ និងប៉ុល ពត សាហាវយ៉ាងណាក៏មិនដកសញ្ជាតិកំណើតពីពលរដ្ឋខ្លួនដែរ។ គ្មានប្រទេសណាលើលោក ដកសញ្ជាតិពលរដ្ឋពីកំណើតនោះទេ លើកលែងតែជនល្មើសនោះមានសញ្ជាតិពីរហើយមិនទាក់ទងនឹងរឿងនយោបាយនោះទេ។ ការចង់ធ្វើច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើតនេះ គឺជារឿងនយោបាយ ដែលចង់ធ្វើទុក្ខបុកម្នេញដល់គូប្រកួតប្រជែងនយោបាយ“ ។

លោកអ៊ុំ សំអាន បានសរសេរបន្ថែម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា “មាត្រា១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៃអង្គការសហប្រជាជាតិ ចែងថា : “មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិ។ គ្មាននរណាម្នាក់ត្រូវដកហូតសញ្ជាតិ តាមអំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្តូរសញ្ជាតិរបស់ខ្លួនបានឡើយ»។ ក្នុងន័យនេះ ខ្មែរគ្រប់រូប មានសិទ្ធិមានសញ្ជាតិខ្មែរ ដែលផ្តល់ឱ្យពួកគេតាំងពីកំណើត នូវការទទួលស្គាល់និងការការពារស្របច្បាប់ ដោយរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវតែគោរពសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។ ការធ្វើច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើត គឺជាការរំលាយជាតិសាសន៍ខ្មែរខ្លួនឯង និងជាអំពើប្រលយ័ពូជសាសន៍។ បើទោសក្បត់ជាតិ ត្រូវដកសញ្ជាតិខ្មែ គឺត្រូវដកសញ្ជាតិខ្មែរ ពីលោកហ៊ុន សែន មុនគេ ព្រោះលោកហ៊ុន សែន ជាជនក្បត់ជាតិ ដែលបានកាត់ទឹកដីខ្មែរ ឲ្យវៀតណាម។ លោកហ៊ុន សែន ចង់រំលាយជាតិសាសន៍ខ្មែរ ដើម្បីយកទឹកដីខ្មែរ ឲ្យវៀតណាម តាមបំណងដំណើរឆ្ពោះមកទិសខាងលិច របស់ហូ ជីមិញ ក្នុងការដាក់កម្ពុជា វៀតណាម និងឡាវ បង្កើតទៅជាសហព័ន្ធឥណ្ឌូចិន» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា “បើសិនជាមានច្បាប់ដកសញ្ជាតិខ្មែរពីកំណើត គួរតែដកសញ្ជាតិលោកហ៊ុន សែន មុនគេ ព្រោះលោកហ៊ុន សែន បានធ្វើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ហ្នឹង កាត់កោះត្រល់ កោះក្រចកសេះ ទៅឲ្យវៀតណាម ដែនសមុទ្រខ្មែរ ៣០ ០០០គីឡូម៉ែត្រការ៉េ ទៅឲ្យវៀតណាម ដាក់តំបន់ទឹកប្រវត្តិសាស្រ្ត ១០ ០០០គីឡូម៉ែត្រការ៉េ ដោយដាក់សមុទ្រខ្មែរ រួមជាមួយវៀតណាម ១០ ០០០គីឡូម៉ែត្រការ៉េ ។ នៅឆ្នាំ១៩៨៥ បានធ្វើសន្ធិសញ្ញាព្រំដែនគោកហ្នឹង កាត់ទឹកដីឲ្យវៀតណាម សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ហ្នឹង បានកាត់ទឹកដីខ្មែរ ឲ្យវៀតណាម ឆ្នាំ២០០១ បានឲ្យលោកសុខ អាន ធ្វើអនុស្សរណៈនៃការយោគយល់គ្នាហ្នឹង កាត់កោះគុត ទៅឲ្យថៃ ហើយបានគប់គិតធ្វើលិខិតឆ្លងដែនខុសច្បាប់ ទៅឲ្យអ្នកស្រី យីងឡាក់ ដើម្បីឆ្លងកាត់ពីប្រទេសកម្ពុជា ទៅប្រទេសទី៣ ។ អាហ្នឹងសុទ្ធជាទង្វើក្បត់ជាតិ ហើយ ខុសច្បាប់ហើយ អ៊ីចឹងអ្នកដែលគប់គិតជាមួយបរទេស គឺលោកហ៊ុន សែន ហ្នឹងហើយ ។ ដូច្នេះត្រូវដកសញ្ជាតិលោកហ៊ុន សែន មុនគេ បើសិនជាមានច្បាប់ហ្នឹង ប៉ុន្តែយើងអត់គាំទ្រឲ្យមានច្បាប់ហ្នឹងនោះទេ“ ។

លោក ផន ផាន់ណា អតីតសកម្មជនបក្សប្រឆាំង និងជាកូនធម៌លោកសម រង្ស៊ី ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា «សញ្ជាតិរបស់ពលរដ្ឋ មិនត្រូវដកជាដាច់ខាត ព្រោះ ១. តាមច្បាប់អន្តរជាតិ ៖ មិនអនុញ្ញាតឲ្យដកសញ្ជាតិ ដោយធ្វើឲ្យមនុស្សគ្មានសញ្ជាតិ ឬដោយចេតនាជាតិនិយមនិងនយោបាយ (យោង : អនុសញ្ញា 1961, Amnesty, Human Rights Watch) ។ ២. តាមសិទ្ធិមនុស្សនិងសីលធម៌ ៖ វាជារំលោភសិទ្ធិធ្ងន់ធ្ងរ ដោយបំបាត់អត្តសញ្ញាណ និងការការពារច្បាប់របស់មនុស្ស។ ៣. តាមច្បាប់ក្នុងប្រទេស ក៏ត្រូវគោរពច្បាប់អន្តរជាតិដែរ ៖ ប្រទេសណាមួយមិនអាចប្រើច្បាប់ជាតិ ដើម្បីរំលោភសិទ្ធិអន្តរជាតិបានទេ។ ៤. លទ្ធផលអាក្រក់ ៖ មិនអាចធ្វើដំណើរ មិនទទួលសេវាសាធារណៈ ក្លាយជាជនគ្មានសញ្ជាតិ អាចចាត់ទុកជាអំពើប្រល័យពូជសាសន៍ ប្រសិនបើវាមានបំណងបំបាត់ជនជាតិណាមួយ» ។

លោកស៊ន តារា សកម្មជនបក្សប្រឆាំង គាំទ្រលោកសម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃដដែលនោះថា «ការដកសញ្ជាតិជនជាតិពីកំណើត ផ្តល់សញ្ជាតិឲ្យអន្តោប្រវេសន៍ខុសច្បាប់ គឺជាទង្វើក្បត់ជាតិ និងប្រល័យពូជសាសន៍។ ជាមេដឹកនាំបំបែកព្រលឹងជាតិ និងបង្ហូរឈាមខ្មែរ ។ ច្បាប់ដកសញ្ជាតិខ្មែរពីកំណើត បានទាញចំណាប់អារម្មណ៍ពីជម្លោះព្រំដែនខ្មែរ-ថៃ មកជាជម្លោះខ្មែរនិងខ្មែរ ជាអចិន្ត្រៃយ៍វិញ (បរទេសសប្បាយ) វានឹងរីកកាន់តែធំ គ្មានថ្ងៃខ្មែរសាមគ្គី» ។

ដោយឡែក ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលមានលោកស្រី មួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ជាប្រធាន បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពី “សញ្ជាតិខ្មែរពីកំណើត ដែលមិនអាចដកហូតបាន”  មានខ្លឹមសារទាំងស្រុងថា “ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើចេតនារបស់សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពេលថ្មីៗនេះ ក្នុងការសិក្សាទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានធានានូវភាពមិនអាចដកហូតបាននៃសញ្ជាតិខ្មែរ។ យើងរឹតតែមានការព្រួយបារម្ភថែមទៀត នៅពេលក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ អាចធ្វើវិសោធនកម្មបាន។ KMD កត់សម្គាល់ដោយក្តីបារម្ភថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្មជាញឹកញាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ស្របតាមឆន្ទៈអ្នកនយោបាយកាន់អំណាច ដែលធ្វើឲ្យធ្លាក់ចុះនូវទំនុកចិត្តសាធារណៈ ចំពោះភាពរឹងមាំជាអចិន្ត្រៃយ៍ នៃរដ្ឋធម្មនុញ ពីព្រោះរដ្ឋធម្មនុញ្ញ គឺជាគ្រឹះស្ថិរភាពសម្រាប់អភិបាលកិច្ចជាតិ មិនមែនជាឧបករណ៍ដែលអាចបត់បែនតាមគោលដៅនយោបាយរយៈពេលខ្លីនោះទេ ។

សញ្ជាតិ គឺជាធាតុគ្រឹះនៃអត្តសញ្ញាណជាតិ និងសមភាពខាងផ្លូវច្បាប់ ពោលគឺជាទំនាក់ទំនងផ្លូវច្បាប់ រវាងបុគ្គលនិងរដ្ឋ។ ធាតុគ្រឹះនិងសមភាពខាងផ្លូវច្បាប់នេះ មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៣ ថា «ប្រជាពលរដ្ឋខ្មែរ មិនត្រូវដកហូតសញ្ជាតិ និរទេសខ្លួន ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក”។ លើសពីនេះទៀត ក្រមព្រហ្មទណ្ឌកម្ពុជា បានផ្តល់ឧបករណ៍ផ្លូវច្បាប់រួចហើយ ពាក់ព័ន្ធនឹងការគប់គិតមួយបរទេស ដូចមានចែងក្នុងជំពួកទី២ (ការប៉ះពាល់ល់ដល់សន្តិសុខនៃរដ្ឋ) ផ្នែកទី១ អំពើក្បត់ជាតិ និងចារកម្ម ក្នុងនោះមានមាត្រាដែលចែងអំពើសន្ទិដ្ឋិភាពជាមួយបរទេស (មាត្រា៤៤៣) និងការប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ (មាត្រា៤៤៥) ។

ប្រទេសកម្ពុជា គឺជាភាគីនៃសន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ ជាអាទិ៍ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោយ ដែលបានហាមឃាត់ការដកហូតសញ្ជាតិ តាមអំពើចិត្ត ។ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មាត្រា១៥ ចែងថា “ មនុស្សគ្រប់ រូបមានសិទ្ធិទទួលបានញ្ជាតិមួយ» និង «គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួន ដោយរំលោភបានឡើយ»។

ប្រសិនបើវិសោធនកម្មនេះ ត្រូវបានអនុម័ត ពលរដ្ឋខ្មែរ មួយចំនួន នឹងក្លាយទៅជាជនគ្មានរដ្ឋ ដែលនឹងបាត់បង់ទាំងស្រុងនូវសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសង្គម ហើយអាចឈានទៅដល់ការឲ្យរើសអើងផងដែរ ។ នេះគឺជាការប្រឆាំងនឹងស្មារតីដើមនៃរដ្ឋធម្មនុញ្ញកម្ពុជា ផ្ទុយពីបទដ្ឋានច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជា មានកាតព្វកិច្ចត្រូវតែអនុវត្តតាមក្នុងនាមជារដ្ឋសមាជិកអង្គការ នៃអង្គការសហប្រជាជាតិ ក៏ដូចជាលក្ខខ័ណ្ឌតម្រូវនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។

ក្នុងស្មារតីរក្សានិងការពារសញ្ជាតិខ្មែរ ដែលបានពីកំណើត និងក្នុងគោលដៅឆ្ពោះទៅរកការបង្រួមបង្រួមជាតិពិតប្រាកដ KMD សូមស្នើដ៏ទទូចដល់រាជរដ្ឋាភិបាល ឲ្យចាត់វិធានការដូចតទៅ ៖

១. បដិសេធចោលសេចក្តីស្នើសិក្សាទិដ្ឋភាពច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិ ពីជនជាតិខ្មែរ ដែលជាសិទ្ធិមានតាំងពីកំណើត មិនអាចដកហូតបាន តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែត្រួតពិនិត្យឡើងវិញអំពីបែបបទ ដំណើរការ និងនិតិវិធីនៃការធ្វើសញ្ជាតូបនីយកម្ម នាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងទប់ស្ថាត់បាននូវហានិភ័យផ្នែកសន្តិសុខជាតិ។

២. ទម្លាក់ចោលបទចោទ ដោះលែងនិងផ្តល់នីតិសម្បទាដល់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន មេដឹកនាំសហជីព និងអង្គការសង្គមស៊ីវិល ដែលត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងដាក់ពន្ធនាគារ ដោយអយុត្តិធម៌ ដោយសារការតស៊ូមតិដោយសន្តិវិធី ក្នុងគោលដៅការពារផលប្រយោជន៍ជាតិ ។

យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងឥស្សរជននយោបាយ ចូលរួមជាកម្លាំងនិងគំនិត ដើម្បីពង្រឹងនីតិរដ្ឋ ប្រព័ន្ធយុត្តិធម៌ និងការបង្រួបបង្រួមជាតិ ឈានទៅរកសន្តិភាពពិតប្រាកដ ជូនមាតុភូមិយើង“ ។

គួរកត់សម្គាល់ដែរថា ក្រៅពីក្រុមសម រង្ស៊ី សម្រាប់ក្រុមកឹម សុខា នៃអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ក៏មិនគាំទ្រឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពីការដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរនេះដែរ ។

លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា ដែលកំពុងរស់នៅក្រៅប្រទេស បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កុំឡប់សតិ កែមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីកំណើត! ពលរដ្ឋខ្មែរ មានឈាមជ័រជាខ្មែរ មិនអាចត្រូវបានដកសញ្ជាតិឡើយ។ ទោសប្រតិសាស្រ្ត នរណាស៊ីញ៉េច្បាប់វិសោធនកម្មមាត្រា៣៣នេះ“ ។

បន្ថែមពីនេះ តាមរយៈគណនីហ្វេសប៊ុកដដែល លោកមុត ចន្ថា បញ្ជាក់ថា ការដែលក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តល់យោបល់ថ្វាយព្រះមហាក្សត្រ ថាអាចធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បាន គឺជាការបំភាន់ព្រះមហាក្សត្រ ដោយស្ថាប័ននេះ ត្រូវបានរកឃើញថា បានប្រព្រឹត្តនូវអំពើល្ងង់ខ្លៅខាងច្បាប់អន្តរជាតិ ខណៈដែលផ្តល់យោបល់នេះ ជាចេតនានយោបាយ ។

លោកមុត ចន្ថា បានសរសេរបន្ថែម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា “ក្រុមប្រឹក្សាបំភាន់ព្រះមហាក្សត្រ!  ប្រធាន និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ផ្តល់យោបល់ថ្វាយព្រះមហាក្សត្រ អំពីសំណើធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរ ដោយ «អំពើល្ងង់ខ្លៅនៃច្បាប់អន្តរជាតិ»។ ការដែលក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តល់យោបល់ថ្វាយព្រះមហាក្សត្រ ថាអាចធ្វើវិសោធនកម្មមាត្រា៣៣ បាន គឺជាការបំភាន់ព្រះមហាក្សត្រ ដោយស្ថាប័ននេះ ត្រូវបានរកឃើញថា បានប្រព្រឹត្តនូវអំពើល្ងង់ខ្លៅខាងច្បាប់អន្តរជាតិ ខណៈដែលផ្តល់យោបល់នេះ ជាចេតនានយោបាយ។  ចូរកត់សម្គាល់ថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើ «កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ» (International Covenant on Civil and Political Rights, ICCPR, ១៦ ធ្នូ ១៩៦៦) នៅឆ្នាំ១៩៩២។ កតិកាសញ្ញានេះ គឺជាច្បាប់អន្តរជាតិ ដែលមានឋានានុក្រមច្បាប់ស្មើនឹងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ដូច្នេះការធ្វើនិងអនុម័តច្បាប់របស់កម្ពុជា មិនគ្រាន់តែអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន»។

លោកមុត ចន្ថា បន្តថា «ក្នុងន័យនេះ អ្វីដែលក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយយោបល់ព្រះមហាក្សត្រ ថាអាចធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញបាន គឺជា «ការរំលោភបំពានលើមាត្រា១២ វាក្យខណ្ឌទី៤ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ឆ្នាំ១៩៩៦» ដែលកម្ពុជា បានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៩២។ មាត្រា១២ វាក្យខណ្ឌទី៤ ចែងថា «គ្មានជនណាម្នាក់ត្រូវបានដកហូតសិទ្ធិចេញចូលប្រទេសកំណើតខ្លួន តាមទំនើងចិត្តឡើយ» (No one shall be arbitrarily deprived of the right to enter his own country)។

ជាមួយគ្នានេះ កម្ពុជា ក៏បានទទួលស្គាល់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨។ មាត្រា ១៥ បានចែងថា «មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មានជនណាម្នាក់ត្រូវបានដកហូតសញ្ជាតិ ឬសិទ្ធិផ្លាស់ប្តូរសញ្ជាតិតាមទំនើងចិត្តឡើយ»។

កម្ពុជា បានចូលនិងក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជា បានសន្យាជាឱឡារិក ជាមួយកាតព្វកិច្ចនៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការគោរពនិងប្រតិបត្តិជាសកលនូវសិទ្ធិមនុស្ស និងសេរីភាពរបស់មនុស្ស។

មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។

មាត្រា ៨ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

អនុលោមតាមមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបំភាន់អង្គព្រះមហាក្សត្រ និងមានចេតនាផ្តល់យោបល់ថ្វាយព្រះមហាក្សត្រ ឱ្យទ្រង់រំលោភបំពានទាំងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលក្នុងព្រះបរមនាមព្រះអង្គ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ សេរីភាព និងសន្ធិសញ្ញាអន្តរជាតិ»។

លោកមុត ចន្ថា បន្តទៀតថា «ផ្អែកតាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា ១២ វាក្យខណ្ឌទី៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, មាត្រា ១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ហើយនិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ រដ្ឋសភាកម្ពុជា មិនអាចធ្វើវិសោនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ សំដៅដកសញ្ជាតិខ្មែរពីកំណើត ពីពលរដ្ឋខ្មែរ ណាម្នាក់បានឡើយ។ ទោះបីរដ្ឋសភា នៃបក្សប្រជាជនកម្ពុជា ចេះធ្វើវិសោធនកម្មមាត្រា ៣៣ តាមចេតនានយោបាយរបស់ប្រធានបក្សប្រជាជនកម្ពុជា ក៏ដោយ ក៏អង្គព្រះមហាក្សត្រ ទ្រង់មិនមានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់វិសោធនកម្មនេះបានឡើយ។ ព្រះមហាក្សត្រ ទ្រង់មិនអាចប្រោសព្រះរាជទានសិទ្ធិឱ្យប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាជួសព្រះអង្គបានដែរ ព្រះមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ បានចែងពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងសន្ធិសញ្ញនានា“ ៕ កុលបុត្រ

RELATED ARTICLES