Monday, June 30, 2025
Homeព័ត៌មានជាតិក្រុមប្រឆាំងថា សម្តចហ៊ុន សែន-ហ៊ុន ម៉ាណែត ជាវីរបុរសកម្ពុជា បើប្តឹងយួន ដូចថៃ ទៅ ICJ

ក្រុមប្រឆាំងថា សម្តចហ៊ុន សែន-ហ៊ុន ម៉ាណែត ជាវីរបុរសកម្ពុជា បើប្តឹងយួន ដូចថៃ ទៅ ICJ

ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលសព្វថ្ងៃកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងក្លាយជាវីរបុរសកម្ពុជា បើហ៊ានប្ដឹងយួន ទាមទារដែនទឹកប្រវត្តិសាស្រ្ត រួមមាន កោះក្រចកសេះ និងកោះត្រល់ ជាដើម ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចប្ដឹងថៃ ករណីតំបន់ព្រំដែនមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ហេតុអ្វីលោក ហ៊ុន សែន បំផុសគំនិតជាតិនិយមតែជាមួយថៃ ប៉ុន្តែមិនហ៊ានបំផុសគំនិតជាតិនិយមជាមួយវៀតណាម? លោក ហ៊ុន សែន កំពុងបំផុសគំនិតជាតិនិយម និងធ្វើសង្រ្គាមរឿងទឹកដី ជាមួយថៃ ព្រមទាំងប្តឹងថៃ រឿងទឹកដី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជារឿងល្អ ប៉ុន្តែគាត់មិនហ៊ានធ្វើជាមួយវៀតណាម ព្រោះវៀតណាម ជាចៅហ្វាយរបស់គាត់ហើយវៀតណាម ជាអ្នកមានគុណសម្រាប់គាត់ ដោយសារវៀតណាម បានលើកបន្តុបគាត់ឲ្យកាន់អំណាច តាំងពីទសវត្សទី៨០។ តាមពិត វៀតណាម ឈ្លានពានយកទឹកដីកម្ពុជា ច្រើនជាងថៃ ទៅទៀត ហើយវៀតណាម គ្រោះថ្នាក់ជាងថៃ ដោយសារវៀតណាម មានជនជាតិខ្លួនពាសពេញស្រុកខ្មែរ និងក្នុងជួររដ្ឋាភិបាលខ្មែរ និងជួរប៉ូលិស ទាហាន។ លោក ហ៊ុន សែន បំផុសគំនិតជាតិនិយម និងធ្វើសង្រ្គាមរឿងទឹកដីជាមួយថៃ គឺព្រួញមួយ បាញ់បានសត្វពីរ គឺទី១ ដើម្បីស្វែងរកប្រជាប្រិយភាពឲ្យលោកហ៊ុន ម៉ាណែត និងទី២ អាចការពារទឹកដី ពីការឈ្លានពានរបស់ថៃ“ ។

លោកអ៊ុំ សំអាន បានសរសេរបន្តថា “ប្រសិនបើលោក ហ៊ុន សែន បំផុសគំនិតជាតិនិយម និងធ្វើសង្រ្គាមរឿងទឹកដី ព្រមទាំងប្តឹងវៀតណាម រឿងទឹកដី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចធ្វើជាមួយថៃ នោះពលរដ្ឋខ្មែរ នឹងគាំទ្រភ្លូកទឹកភ្លូកដី។ ហេតុនេះ យើងលើកទឹកចិត្តឲ្យលោក ហ៊ុន សែន បំផុសគំនិតជាតិនិយម ប្រឆាំងវៀតណាម និងធ្វើសង្រ្គាមរឿងទឹកដី ព្រមទាំងប្តឹងវៀតណាម ករណីកោះត្រល់ ចង្កោមកោះក្រចកសេះ ដែនសមុទ្រនិងដែនដីគោកទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចធ្វើជាមួយថៃ នោះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងក្លាយជាវីរបុរសរបស់កម្ពុជា“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា បើសិនជាសម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត ប្ដឹងវៀតណាម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រាកដណាស់ សម្ដេច ទាំងពីរ នឹងក្លាយទៅជាវីរបុរសរបស់កម្ពុជា ប្រជាពលរដ្ឋនឹងគាំទ្រភ្លូកទឹកភ្លូកដីហើយ ព្រោះប្ដឹងថៃហើយ ហ៊ានប្ដឹងវៀតណាម ទៀត ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បើសិនជាលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ប្ដឹងវៀតណាម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រាកដណាស់ អ្នកទាំងពីរ នឹងក្លាយទៅជាវីរបុរសរបស់កម្ពុជា ព្រោះប្ដឹងថៃ ហើយហ៊ានប្ដឹងវៀតណាម ទៀត ។ ដូច្នេះប្រជាពលរដ្ឋ នឹងគាំទ្រភ្លូកទឹកភ្លូកដីហើយ ហើយប្ដឹងទៅលើអង្គហេតុអី? គឺប្ដឹងទី១ គឺទាមទារកោះត្រល់ កោះក្រចកសេះ ដែនសមុទ្រដែលជាតំបន់ទឹកប្រវត្តិសាស្រ្ត ចំនួន ១០០០០គីឡូម៉ែត្រការ៉េ ហើយនិងដែនសមុទ្រដែលវៀតណាម យកទៅកាន់កាប់ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ ដែលទាំងកោះត្រល់ កោះក្រចកសេះ ហើយនិងដែនសមុទ្រ ជាតំបន់ទឹកប្រវត្តិសាស្រ្ត ហើយនិងដែនសមុទ្រ វៀតណាម គ្រប់គ្រង បាត់តាមរយៈលោកហ៊ុន សែន បានធ្វើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ហើយប្ដឹងមួយទៀត គឺប្ដឹងទៅលើព្រំដែនគោក ដែលមានទំនាស់នៅតាមព្រំដែន ជាមួយវៀតណាម ដូចជាតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលសព្វថ្ងៃ វៀតណាមគ្រប់គ្រងទឹកដីរបស់យើង នៅក្នុងខេត្តមណ្ឌលគិរី ទំហំ៥០គីឡូម៉ែត្រការ៉េ ហើយតំបន់ដទៃទៀត ដែលវៀតណាម យកហ្នឹង ត្រូវទៅកាន់តុលាការអន្តរជាតិដូចគ្នា ហើយត្រូវសើរើការបង្គោលបាន ៨៤ភាគរយហ្នឹង»។

លោកអ៊ុំ សំអាន បន្តថា «ហើយមួយទៀត ត្រូវលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាសញ្ញាឆ្នាំ១៩៨៥ សម័យយួន វៀតណាម ត្រួតត្រាកម្ពុជា ព្រោះយើងដឹងហើយ សន្ធិសញ្ញាទសវត្សរ៍ទី៨០ ហ្នឹង ត្រូវបានលុបចោលរួចហើយ តាមមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ ដូច្នេះបើសិនជាលោកហ៊ុន ម៉ាណែត ហ៊ានប្ដឹងដែនសមុទ្រ កោះ ហើយនិងដែនគោកហ្នឹង ទៅកាន់តុលាការអន្តរជាតិ ប្រាកដជាពួកគាត់នឹងក្លាយទៅជាវីរបុរសរបស់កម្ពុជា ហើយ ១៦% ហ្នឹង កុំយកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលគំរាមស្ដេច ឲ្យដូររបបហ្នឹង កុំយកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ហ្នឹង ត្រូវយកតាមមរតករបស់បារាំង កុំយកតាមមរតករបស់យួន ។ កាលណាយកតាមមរតករបស់យួន គឺបាត់បង់ទឹកដីរបស់យើងទៅខាងវៀតណាម ហើយ“ ។

ស្របនឹងការលើកឡើងរបស់លោកអ៊ុំ សំអាន ខាងលើនេះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់”នគរធំ” នៅថ្ងៃដដែលនោះថា ការពិត មេដឹកនាំ គួរណាស់តែធ្វើរឿងដែលជាប្រយោជន៍សម្រាប់ជាតិ គឺការពារបូរណភាពទឹកដីរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ប៉ុន្តែជុំវិញការប្ដឹងវៀតណាម បាន វាទាល់តែកម្ពុជា ត្រូវធ្វើនិរាករណ៍លើឯកសារនានាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាព្រំដែន ទាំងគោក ទាំងទឹក ជាមួយវៀតណាម ទើបមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការប្ដឹងប្រទេសវៀតណាម ។ យ៉ាងណា លោកជឿថា កម្ពុជា​ មិនហ៊ានប្ដឹងវៀតណាម ទេ ព្រោះវៀតណាម ជាបងធំរបស់កម្ពុជា ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ជាទស្សនៈ ខ្ញុំមិនច្រានចោលការលើកឡើងរបស់លោកអ៊ុំ សំអាន ទេ គាត់លើកឡើងត្រូវហើយ ដែលសំដៅលើលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង អាចនឹងក្លាយជាវីរបុរសកម្ពុជា បើសិនជាហ៊ានប្ដឹងប្រទេសវៀតណាម ដូចហ៊ានប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ជាការពិត មេដឹកនាំ គួរណាស់តែធ្វើរឿងដែលជាប្រយោជន៍សម្រាប់ជាតិ គឺការពារបូរណភាពទឹកដីរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញរបស់ខ្លួន និងស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រទេសជិតខាងយើងទាំងអស់ហ្នឹង ក៏ជាម្ចាស់ហត្ថលេខីដែរ ។ ជុំវិញការប្ដឹងវៀតណាម បាន វាទាល់តែកម្ពុជា ត្រូវធ្វើនិរាករណ៍លើឯកសារនានាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាព្រំដែន ទាំងគោក ទាំងទឹក ជាមួយវៀតណាម ធ្វើនិរាករណ៍ចោលឲ្យអស់ ដូចជាសន្ធិសញ្ញាទសវត្សរ៍ឆ្នាំ១៩៨០ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥-២០១៩ អីជាដើមហ្នឹង ធ្វើនិរាករណ៍ចោលហើយ បានមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការប្ដឹងប្រទេសវៀតណាម ។ បើថាយើងប្ដឹងទាំងគ្មានការធ្វើនិរាករណ៍លើឯកសារដែលមិនស្របច្បាប់ហ្នឹងទេ វៀតណាម គេអាចនៅតែយកលេសថា ភាគីកម្ពុជា របស់លោកហ៊ុន សែន កន្លងទៅហ្នឹង ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយគេ ។ អ៊ីចឹងការប្ដឹងរបស់យើង នឹងមិនអាចធ្វើបានទេ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ជាផ្លូវការ ត្រូវតែយើងធ្វើនិរាករណ៍លើឯកសារដែលមិនប្រក្រតីហ្នឹងចោលអស់ ដែលផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស អាហ្នឹងអ៊ីចឹង ។ ប៉ុន្តែជាយោបល់ខ្ញុំ ខ្ញុំថាអត់ជឿជាក់ទៅលើរដ្ឋាភិបាលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ៊ានប្ដឹងវៀតណាម ទេ ។ ដែលថាមិនហ៊ានប្ដឹង ដោយសារវៀតណាម គឺជាបងធំ ជួយលើកបន្តុបពួកគេហ្នឹង ឲ្យមានអំណាច មានទ្រព្យសម្បត្តិ និងជួយប្រជែងជាមួយនឹងអ្នកឯទៀតៗហ្នឹង ដាក់ពួកគេហ្នឹងឲ្យឈរនៅក្នុងតំណែងកំពូលរបស់គណបក្សកាន់អំណាច ហើយយើងដឹងស្រាប់ហើយ គណបក្សកាន់អំណាច គឺជាគណបក្សដែលវៀតណាម បង្កើតឡើង ឆ្នាំ១៩៥១ មកម្ល៉េះ ។ អ៊ីចឹងជាមួយវៀតណាម មើលទៅពិបាកក្នុងការហ៊ានប្ដេជ្ញាចិត្តប្ដឹង ។ បើជាមួយថៃ មេដឹកនាំយើង មិនជាប់ជំពាក់គុណបំណាច់អីទេ តែជាមួយវៀតណាម គឺមេដឹកនាំយើង ជាប់ជំពាក់គុណបំណាច់ ។ ហ្នឹងខ្ញុំដូចជាមិនមានអីច្រើនទេ ខ្ញុំគ្រាន់តែជូនយោបល់ថា ប្ដឹងវៀតណាម ក៏មិនខុសដែរ ត្រឹមត្រូវ ល្អហើយ គឺប្រជាពលរដ្ឋខ្មែរ មានស្មារតីគាំទ្រឲ្យប្ដឹង ប៉ុន្តែមុននឹងប្ដឹង ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹងថា ត្រូវធ្វើនិរាករណ៍លើឯកសារដែលមិនប្រក្រតីទាំងអស់ ជាមួយវៀតណាម កន្លងទៅហ្នឹង រួចចាំរៀបចំឯកសារប្ដឹង ។ ករណីនេះ យើងមិនប្ដឹងក្នុងពេលជាមួយថៃ​ ក៏បានដែរ មិនបញ្ហាអីទេ កម្ពុជា អាចប្ដឹងមួយសំណុំរឿងម្ដងដែរ ឆ្នាំហ្នឹង ប្ដឹងថៃ ឆ្នាំក្រោយ​ ប្ដឹងវៀតណាម ក៏បាន ឬខែនេះ ប្ដឹងថៃ ខែក្រោយ ប្ដឹងវៀតណាម ក៏បានដែរ អាហ្នឹងវាជាឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាល ប៉ុន្តែត្រូវតែធ្វើការប្ដេជ្ញាចិត្តក្នុងស្មារតីជាតិ កុំឲ្យវាមានការខុសឆ្គង“  កុលបុត្រ៕  

RELATED ARTICLES