
ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ជាការបង្រួបបង្រួម ឯកភាពជាតិមួយដ៏ធំ និងចាំបាច់បំផុតក្នុងប្រវត្តិសាស្រ្ត គឺខ្មែរ មិនត្រឹមតែរក្សាទឹកដីបច្ចប្បន្ន ឲ្យបានគង់វង្សប៉ុណ្ណោះទេ តែក៏ត្រូវប្រមូលខ្មែរដែលរស់នៅលើទឹកដីអតីតអាណាចក្រខ្មែរ មករួមគ្នាជាខ្មែរតែមួយ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្មែរមិនត្រូវមានតែមហិច្ឆតារក្សាទឹកដីបច្ចុប្បន្នទេ ប៉ុន្តែត្រូវចងក្រងប្រមូលខ្មែរដែលរស់នៅលើទឹកដីអតីតអាណាចក្រខ្មែរ មកវិញដែរ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា ខ្មែរ ត្រូវតែរួបរួមសាមគ្គីគ្នា ទោះបីជាយើងមានគំនិត ទស្សនៈខុសគ្នាខ្លះក្ដី ប៉ុន្តែសំខាន់ទាក់ទងនឹងរឿងបញ្ហាទឹកដី បញ្ហាជាតិនេះ មិនថាខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរនៅប្រទេសដទៃទៀតក្នុងពិភពលោកទេ គឺត្រូវចាំថា យើងជាខ្មែរ នៅក្នុងស្ថានភាពប្រទេសកំពុងតែប្រឈមមុខនឹងការលំបាកលំបិន ត្រូវកសាងជាតិយើងឲ្យរឹងមាំឡើងវិញ ប្រកាន់ផ្នត់គំនិតជាខ្មែរតែមួយ ព្យាយាមជួយជាតិ ទៅតាមអ្វីដែលយើងអាចធ្វើបាន ។ ការប្រកាន់ផ្នត់គំនិត ឬក៏ចរិតបែបខ្មែរតែមួយនេះ នឹងធ្វើឲ្យខ្មែរយើងខ្លាំង រឹងមាំ និងអាចកសាងប្រទេសយើងឲ្យរុងរឿង អាចដោះស្រាយបញ្ហាប្រឈមមុខ ការឈ្លានពាន សម្ពាធពីប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត ដែលមានបំណងមិនល្អ មកលើកម្ពុជា បាន ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ការពិតទៅ ខ្មែរយើងធ្លាប់ជាមហាអំណាចមួយ នៅអាស៊ីអាគ្នេយ៍ដីគោកនេះ ប៉ុន្តែនៅពេលដែលយើងមានជម្លោះរ៉ាំរ៉ៃក្នុងច្រើនសតវត្សរ៍ទៅ ប្រទេសខ្មែរហ្នឹង ក៏កាន់តែរួមតូចៗ នៅប៉ុនសព្វថ្ងៃហ្នឹង ហើយដែនដីអតីតអាណាចក្រខ្មែរ គឺមាននៅខាងលើ ដែលយើងហៅថា ខ្មែរក្រោម ខ្មែរលើហ្នឹង ។ សូម្បីតែដែនដីព្រំដែនដែលកំពុងតែប្រទាញប្រទង់គ្នានៅតំបន់មុំបី នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ហ្នឹង នៅសុរិន្ទ នៅស៊ីសាកេត នៅបុរីរម្យ នៅអីហ្នឹង គឺសុទ្ធតែដែនដីខ្មែរ សម័យដើម សម័យអាណាចក្រខ្មែរ ។ បើយើងនិយាយឲ្យអស់ទៅ វាសុទ្ធតែសាច់ឈាមឯងពីមុនមកទេ ដែលបានក្លាយជាទឹកដីថៃ គ្រប់គ្រងទៅហ្នឹង ក៏វាបានបែកគ្នា ទៅជាខ្មែរលើ យើងហៅខ្មែរលើ នៅក្នុងទឹកដីថៃ ហើយខ្មែរក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម នៅកម្ពុជាក្រោមសព្វថ្ងៃហ្នឹង ។ ដូច្នេះសម្រាប់ខ្ញុំ មើលឃើញថា ប្រទេសកម្ពុជាយើង ខ្មែរគ្រប់រូប ត្រូវមានចក្ខុវិស័យ មិនត្រឹមតែប្រឹងរស់ដើម្បីការពារអ្វីដែលខ្មែរ មានសព្វថ្ងៃទេ និយាយភាសាសាមញ្ញថា ទឹកដីដែលយើងមានប្រមាណ ១៨១ ០៣៥គីឡូម៉ែត្រការ៉េហ្នឹង ប៉ុន្តែត្រូវមានមហិច្ឆតាឲ្យខ្ពស់ តាំងចិត្តឲ្យធំ ហើយតាំងចិត្តឲ្យមាំ ដូចចម្រៀង «សាវតារខ្មែរ» អ៊ីចឹង គឺត្រូវតែខំប្រឹងប្រែងអភិវឌ្ឍខ្លួន កសាងសង្គមជាតិខ្លួនឯងហ្នឹង ឲ្យខ្លាំងឡើងវិញ មិនមែនត្រឹមតែដើម្បីរស់ ដើម្បីរក្សាទឹកដីដែលមានសល់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េហ្នឹងទេ ប៉ុន្តែខំប្រឹងពង្រីកផ្សាយឥទ្ធិពល និងស្ដារកេរ្តិ៍ឈ្មោះ កិត្តិយសជាតិរបស់ខ្លួនឡើងវិញ ហើយពង្រឹងនិងពង្រីកទាំងឥទ្ធិពល និងទំនាក់ទំនងសាមគ្គីភាពជាមួយខ្មែរលើ ទាំងខ្មែរក្រោម រួមទាំងខ្មែរក្រៅប្រទេសផង ដែលតាំងលំនៅក្រោយពេលដែលកម្ពុជាយើង ធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយប្រជាពលរដ្ឋមួយចំនួន ក៏បានភៀសខ្លួនទៅនៅបរទេស ក្រោយឆ្នាំ១៩៧៩ ហ្នឹង“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “បើសិនជាអាចរួមចិត្ត រួមគំនិត រួមសកម្មភាពគ្នា ទាំងខ្មែរនៅក្នុងប្រទេស ព្រះរាជាណាកម្ពុជា សព្វថៃ្ង ទាំងប្រជាពលរដ្ឋដែលមានឈាមជាខ្មែរ នៅខ្មែរលើ នៅស្រុកខ្មែរ នៅខ្មែរក្រោម នៅស្រុកយួន ក៏ដូចជាខ្មែរ នៅក្រៅប្រទេស យើងអាចជួយខ្មែរ នៅក្នុងប្រទេសនេះ ខ្មែរព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃហ្នឹង ឲ្យកាន់តែរឹងមាំ រីកចម្រើន ហើយកាលណាសង្គមយើងរីកចម្រើន សង្គមយើងរឹងមាំ យើងមានសាមគ្គីភាពទៅ អ្នកដទៃ ជាតិសាសន៍ដទៃ មើលងាយ មើលស្រាល ឬក៏បំពារបំពានយើងក៏ពិបាកដែរ ។ យើងអាចរៀនអំពី លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ហើយក៏ជាបិតាប្រទេសអ្នកមាននៅអាស៊ីអាគ្នេយ៍ហ្នឹងដែរ គាត់ថា នៅក្នុងពិភពលោក ដែលត្រីធំស៊ីត្រីតូច ត្រីតូចស៊ីកំពឹសហ្នឹង កំពឹសនៅសាំងហ្គាពួរ ត្រូវតែជាកំពឹសដែលមានពិស ដែលមានខ្លឹម អាហ្នឹងបានអាចរស់បាន ហើយខ្មែរយើង ក្លាយជាប្រទេសតូច យើងបានបាត់ទឹកដី រងនូវការឈ្លានពាន ការគាបសង្កត់ពីប្រទេសជិតខាង រាប់សតវត្សរ៍មកហើយ ពីអាណាចក្រ មកនៅជាកូនប្រទេស ។ ដូច្នេះបើសិនជាមិនធ្វើឲ្យខ្លួនឯងហ្នឹងខ្លាំងរឹងមាំ ជាពិសេសចាប់ផ្ដើមពីសាមគ្គីភាពរវាងទាំងខ្មែរ នៅក្នុង និងខ្មែរនៅខាងក្រៅទេ យើងមិនអាចទប់ទល់នឹងឥទ្ធិពល ឬក៏មហិច្ឆតារបស់ប្រទេសជិតខាង ដែលប៉ុនប៉ងលេបត្របាក់ ឬក៏ឈ្លានពានមកលើប្រទេសយើងបានទេ ។ យើងមើលឧទាហរណ៍មួយទៀត គឺប្រទេសអ៊ីស្រាអែល ដែលអាចបង្កើតប្រទេសឡើងវិញ បន្ទាប់ពីបាត់បង់ទឹកដី បាត់បង់ប្រទេសរបស់ខ្លួនហ្នឹង រាប់សតវត្សរ៍មកហើយ គឺតាមរយៈការរួមចិត្ត រួមគំនិត រួមកម្លាំង និងសកម្មភាព ទាំងអ៊ីស្រាអែល នៅខាងក្នុងប្រទេស និងអ៊ីស្រាអែល នៅខាងក្រៅប្រទេស“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះខ្មែរយើង ក៏អាចធ្វើបានដូចគ្នា ប្រសិនបើទាំងអ្នកនៅខាងក្នុង ទាំងអ្នកនៅក្រៅហ្នឹង មានចិត្តចង់ឲ្យជាតិរបស់ខ្លួនហ្នឹងរឹងមាំ រីកចម្រើនឡើងវិញ ហើយនៅក្នុងពិភពលោកសព្វថ្ងៃនេះ វារឹតតែចាំបាច់ទៅទៀតបានការពារឹងមាំ សាមគី្គភាព និងការយកចិត្តទុកដាក់ជួយជាតិរបស់ខ្លួនឯង ទាំងអ្នកនៅខាងក្នុង និងអ្នកនៅខាងក្រៅ ពីព្រោះការផ្គុំគ្នារវាងខ្មែរក្នុង ខ្មែរក្រៅ ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាលនេះ គឺឲ្យទៅជាខ្មែរតែមួយហ្នឹង អាហ្នឹងបានខ្មែរយើងខ្លាំង ។ ពិភពលោកសព្វថ្ងៃនេះ វាបាត់បង់សណ្ដាប់ធ្នាប់ វាបាត់បង់អាប្រព័ន្ធយន្តការច្បាប់អន្តរជាតិ ឥឡូវហ្នឹងវាទៅជាពិភពលោកក្នុងស្ថានភាពមួយ ដែលត្រីធំ ស៊ីត្រីតូច ត្រីតូចស៊ីកំពឹសហើយ ។ យើងឃើញរស្ស៊ី ឈ្លានពាននៅអ៊ុយក្រែន សង្រ្គាមថ្មីៗ អ៊ីស្រាអែល នៅកាហ្សា អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ អីជាដើម នៅស្រុកគេហ្នឹង យើងក៏ប្រឈមមុខជាមួយនឹងការឈ្លានពានពីថៃ ទាក់ទងនឹងរឿងបញ្ហាព្រំដែន នៅពេលថ្មីៗនេះផងដែរ ។ ដូច្នេះជារួមមក ខ្មែរ ត្រូវតែរួបរួមសាមគ្គីគ្នា ទោះបីជាយើងមានគំនិត ទស្សនៈខុសគ្នាខ្លះក្ដី អាហ្នឹងវាជារឿងធម្មតាទេ គ្មានអ្នកយល់ឃើញដូចគ្នាទាំងអស់ទេ ប៉ុន្តែសំខាន់ទាក់ទងនឹងរឿងបញ្ហាទឹកដី បញ្ហាជាតិនេះ ត្រូវតែចេះរួបរួម សាមគ្គីគ្នា ចូលរួមនៅក្នុងការដោះស្រាយ មានអីអាចធ្វើបាន ធ្វើហ្នឹង មិនថាខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល ឬក៏ខ្មែរនៅអាមេរិក នៅអូស្រ្តាលី នៅកាណាដា នៅបារាំង ឬក៏នៅប្រទេសដទៃទៀតនៅក្នុងពិភពលោកទេ គឺត្រូវចាំថា យើងជាខ្មែរ ហើយនៅក្នុងស្ថានភាពប្រទេសកំពុងតែប្រឈមមុខនឹងការលំបាកលំបិន និងកសាងជាតិយើងឲ្យរឹងមាំឡើងវិញហ្នឹង គឺទាល់តែយើងប្រកាន់ផ្នត់គំនិតថា ខ្មែរតែមួយ មិនថាខ្មែរ នៅទីកន្លែងណា ហើយព្យាយាមជួយជាតិយើង ទៅតាមអ្វីដែលយើងអាចធ្វើបាន ជាមួយអ្នកដែលយើងធ្វើកើត ជាមួយអ្វីដែលយើងមាន នៅទីកន្លែងដែលយើងនៅ និងនៅពេលណាដែលយើងអាចធ្វើបាន ។ ខ្ញុំថា ការប្រកាន់ផ្នត់គំនិត ឬក៏ចរិតបែបខ្មែរតែមួយនេះ ខ្ញុំជឿថា នឹងធ្វើឲ្យខ្មែរយើងខ្លាំងរឹងមាំ និងអាចកសាងប្រទេសយើងឲ្យរុងរឿង ហើយអាចបញ្ចៀសនិងដោះស្រាយបញ្ហាការប្រឈមមុខ ឬក៏ការឈ្លានពាន ឬក៏សម្ពាធពីប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត ដែលមានបំណងមិនល្អមកលើកម្ពុជា បាន“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “អារឿងទាមទារ (ទឹកដី) ជារឿងក្រោយទៀត សម្រាប់ខ្ញុំនៅពេលនេះ គឺកុំទាន់គិតរឿងទាមទារទឹកដីដែលបាត់តាំងសម័យបុរាណមក អ្វីដែលជាជំហានដំបូងហ្នឹង គឺធ្វើម៉េចផ្សារភ្ជាប់បេះដូង ទឹកចិត្ត មនសិការ សេចក្ដីស្នេហាជាតិ រវាងខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល នៅលើពិភពលោក ឲ្យបាន ។ នៅពេលដែលយើងរីកចម្រើន ហើយយើងរឹងមាំហើយ អានោះចាំយើងចាប់គិតបន្តទៀត តើយើងត្រូវធ្វើអីបន្តទៀត? ប៉ុន្តែជំហានដំបូង គឺយើងត្រូវតែផ្សារភ្ជាប់និងទាក់ទាញការចាប់អារម្មណ៍ ពង្រឹងសាមគ្គីភាពទាំងខ្មែរក្នុង និងខ្មែរក្រៅសិន ។ តាមពិត ខ្មែរយើង ទោះជាយើងឈ្លោះទាស់ទែងគ្នាជាច្រើនសតវត្សរ៍មកក្ដី ប៉ុន្តែស្មារតីស្នេហាជាតិ ស្មារតីជាតិនិយមរបស់យើង នៅមានច្រើន មិនថាខ្មែរ ទៅនៅរស់នៅអាមេរិក កាណាដា ឬខ្មែរក្រោម ឲ្យតែឮថាខ្មែរហ្នឹង ខ្មែរត់រកគ្នា ។ ដូច្នេះយើងត្រូវបណ្ដុះស្មារតីស្នេហាជាតិ ក្នុងចំណោមខ្មែរយើង សហគមន៍ខ្មែរយើង មិនថានៅក្នុងស្រុកខ្មែរបច្ចុប្បន្ន ឬក៏ខ្មែរ នៅក្រៅស្រុក ខ្មែរនៅស្រុកគេទេ ការស្រលាញ់ជាតិ ឲ្យតម្លៃជាតិ ការជួយជាតិហ្នឹង គឺជារឿងចាំបាច់ ហើយជាពិសេសគឺយើងត្រូវមានមោទនភាពជាតិ ហើយចេះយកអាសាគ្នា មិនថាខ្មែរនៅឯណាទេ ហើយព្យាយាមកាត់បន្ថយនូវការមើលឃើញគ្នាជាសត្រូវ ដោយសារតែមនោគមន៍វិជ្ជានយោបាយ ឬក៏ដោយសារតែយើងនៅក្នុងក្រុម ឬក៏គណបក្សនយោបាយផ្សេងគ្នា ។ អារឿងធ្វើនយោបាយក្នុងស្រុកហ្នឹង ក៏បន្តធ្វើទៅ ប៉ុន្តែនៅក្នុងស្ថានភាពដែលស្រុកទេសប្រឈមមុខជាមួយនឹងការឈ្លានពាន ឬក៏សត្រូវពីខាងក្រៅហ្នឹង យើងគួរតែដាក់អាវុធនៃសមរភូមិក្នុងស្រុកយើងហ្នឹងចោលមួយឡែកសិន ហើយរួបរួមគ្នាដើម្បីការពារនិងថែរក្សាស្រុកទេសយើង ក៏ដូចជាកិត្តិយសនិងផលប្រយោជន៍របស់ជាតិយើង ពីព្រោះបើជាតិបាត់ទៅ ទោះបីយើងខំប្រឹងច្បាំងគ្នាក្នុងចំណោមខ្មែរគ្នាឯងហ្នឹង ក៏យើងអត់បានជាតិ មកវិញដែរ តែជាតិបាត់ហើយ យើងហ្នឹងក៏បង់ដូចគ្នាដែរ“ ៕ កុលបុត្រ