Saturday, June 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុកគ្រឹះសង់ដេប៉ូសាំង បា.../ក់ស្រុតផ្ទះ១ខ្នង

បុកគ្រឹះសង់ដេប៉ូសាំង បា…/ក់ស្រុតផ្ទះ១ខ្នង

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ១ខ្នង បានបាក់ស្រុតរងការខូចខាតទាំងស្រុង ខណៈ២ខ្នងផ្សេងទៀត នៅក្បែរនោះ រងផលប៉ះពាល់ខ្លាំង ដោយតាមការអះអាងពីជនរងគ្រោះជាម្ចាស់ផ្ទះ គឺផ្តើមចេញពីការបុកគ្រឹះចាក់ដីរបស់ការដ្ឋានសាងសង់ដេប៉ូសាំង មួយកន្លែង ដែលជាប់ផ្ទះ រងគ្រោះ ក្រោយចាប់ផ្តើមសាងសង់បានជាង១ខែមកនេះ។

ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋដោយសារការបុកគ្រឹះសាងសង់ដេប៉ូសាំងនេះ បានបង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា ការដ្ឋាននេះ បានចាប់ផ្តើមសាងសង់ប្រហែលជាងមួយខែមកហើយ ខណៈពេលកំពុងសាងសង់បុកគ្រឹះមានភាពរង្គើដល់ផ្ទះរបស់គាត់ និងផ្ទះអ្នកជិតផងដែរ ហើយពួកគាត់ក៏បាននាំគ្នាទៅប្រាប់ បែរជាខាងជាងប្រាប់មកវិញថា “មិនដឹងទេ ពួកគាត់ដឹងតែពីធ្វើ” រហូតដល់ថ្ងៃកើតហេតុក៏មានរថយន្តដឹកដីដឹកថ្ម យកមកចាក់បន្ថែមទៀត ស្រាប់តែធ្វើឱ្យផ្ទះគាត់ដែលនៅជាប់ការដ្ឋាន បាក់ធ្នឹមស្រុតខូចខាតទាំងស្រុង ចំណែកផ្ទះប្រជាពលរដ្ឋ ២ខ្នងផ្សេងទៀត ក៏រងផលប៉ះពាល់ខ្លាំងដែរ។

ប្រជាពលរដ្ឋរងគ្រោះបានបន្ថែមទៀតថា ចាប់តាំងពីសាងសង់មក ឃើញតែគេដឹកគ្រឿងចក្រចូល មិនដែលឃើញមានម្ចាស់ការដ្ឋាន មកប្រាប់អ្វីនោះទេ តែពេលមានបញ្ហា ក៏ឱ្យរថយន្តដឹកគ្រឿងចក្រចេញភ្លាមៗ តែត្រូវបានប្រជាពលរដ្ឋឃាត់ មិនឱ្យដឹកចេញទេ រង់ចាំឱ្យដោះស្រាយ ជាមួយពួកគាត់វិញ។

យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានឱ្យដឹងថា ការដ្ឋាននេះ ជាការដ្ឋានសាងសង់ដេប៉ូសាំង តែមិនបានបញ្ជាក់ពីឈ្មោះម្ចាស់ទីតាំងនោះទេ។

ចំណែកអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ថា ទីតាំងការដ្ឋាននេះជារបស់ឯកជន ហើយក៏ត្រូវបានរដ្ឋបាលខណ្ឌកំពុង ចុះធ្វើការហើយដែរ តែលោកស្រីមិនបានបញ្ជាក់ថា ការដ្ឋាននេះមានច្បាប់អនុញ្ញាតឬអត់នោះទេ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អាវុធហត្ថខណ្ឌដង្កោ ក្នុងហេតុការណ៍បាក់ស្រុតផ្ទះពលរដ្ឋនេះ មានផ្ទះពលរដ្ឋសរុបចំនួន៣ខ្នង ត្រូវរងការខូចខាត ដោយផ្ទះមួយខ្នងខូចខាត ទាំងស្រុង និងពីរខ្នងទៀតខូចខាត៥០ភាគរយ។

បន្ទាប់ពីមានហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុជួយរុករក និងជួយប្រមូលវត្ថុមានតម្លៃជូនម្ចាស់ផ្ទះផងដែរ៕

RELATED ARTICLES