ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមរកសព្វកន្លែង និងត្រូវបានមិត្តភក្តិខ្លះប្រាប់ថា ត្រូវថ្នាំគេ តែខ្លះអះអាងថា ត្រូវឡានបុក ធ្វើឱ្យស្ត្រីជាម្តាយដែលមានជំងឺស្រឺត ប្រចាំកាយ ភ័យបារម្ភ ទួញយំសន្លប់ជាច្រើនលើកច្រើនសា។

យុវតីដែលបាត់ខ្លួន មានឈ្មោះម៉ី យូឡេតា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងខណ្ឌទួលគោក បានបាត់ខ្លួន តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា ក្មេងស្រីឈ្មោះម៉ី យូឡេតា អាយុ១៤ឆ្នាំ បានបាត់ខ្លួន តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១២៨ មុខសាលារៀនបឋមសិក្សាសន្ធរម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពដដែល បន្តថា ដោយសារតែទទួលព័ត៌មានពីមិត្តភក្តិមិនច្បាស់ការណ៍ថា ម្តងត្រូវថ្នាំគេ និងម្តងត្រូវឡានបុក ពេលនេះបានធ្វើឱ្យម្តាយគាត់ មានជំងឺស្រឺត រើឡើង សន្លប់ជាច្រើនលើកកំពុងនៅសង្គ្រោះបន្ទាន់។ ហេតុនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញប្អូនស្រីដែលមានភិនភាគដូចក្នុងរូបថត ពាក់អាវកីឡាពណ៌ក្រហមដៃខ្លី ខោខូវប៊យជើងវែងធំ កាតាបស្ពាយពីក្រោយពណ៌ខ្មៅ សូមមេត្តាជួយផ្តល់ដំណឹងនេះ មកកាន់ក្រុមគ្រួសារផង តាមរយៈលេខទូរស័ព្ទ ០១៥៣៦០៣៣៥ / ០៨៨៥៥៣៦០៨៦ / ០៩៦ ៣០៨៣៤០០ ដោយក្តីអនុគ្រោះ៕