Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរលួចទ្រព្យវត្ត លោកប្តឹងប៉ូលិសចា.../ប់

 ចោរលួចទ្រព្យវត្ត លោកប្តឹងប៉ូលិសចា…/ប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចខ្សែភ្លើង និងទូរស័ព្ទដៃ ក្នុងវត្ត បានសម្រេចជាច្រើនលើក ច្រើនសា ទីបំផុតអស់លក្ខណ៍ ដោយត្រូវព្រះគ្រូសូត្រស្តាំ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវចាបឃាត់ខ្លួនបាន យកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនចោរលួចទ្រព្យវត្តនេះ បានធ្វើឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំណុចក្នុងដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាន គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មានសារធាតុញៀន)។

ចំណែកសម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទ ចំនួន៥គ្រឿង។ រីឯវត្ថុតាងដែលដកហូតបាន រួមមាន កាំបិតច្នៃ ចំនួន១ដើម ដង្កាប់ ចំនួន១ កាំបិតហូត ចំនួន១ ជ័រសម្រាប់ស៊កខ្សែភ្លើង ចំនួន១ កន្ត្រៃ ចំនួន១ ខ្សែភ្លើង មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រឹក (មិនចាំថ្ងៃ) ក្នុងខែមិថុនា ឆ្នាំ២០២៥ គណៈ កម្មការវត្តម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ធ្វើដំណើរមកវត្តស្វាយជ្រំ លុះពេលមកដល់ ត្រូវបានលោកនេន ប្រាប់ថា នៅក្នុងវត្ត បានបាត់ទូរស័ព្ទ ចំនួន៥គ្រឿង អង្រឹង ចំនួន១ និងសម្ភារៈផ្សេងៗទៀត។ បន្ទាប់មក ព្រះគ្រូសូត្រស្តាំ បានមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញសកម្មភាពរបស់ជនសង្ស័យម្នាក់ ចូលមកលួចទូរស័ព្ទក្នុងសាលាឆាន់ និងកន្លែងព្រះសង្ឃសិង ដោយឆែកកាមេរ៉ា មើលមិនសូវច្បាស់ ក៏បានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ជួយអន្តរាគមន៍ស្រាវជ្រាវ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខណៈដែលសមត្ថកិច្ចកំពុងអង្គុយប្រចាំការ បានប្រទះឃើញជនសង្ស័យឈ្មោះអាន គីមហេង ស្ពាយបាវធំ១ ទើបហៅសួរនាំ ស្រាប់តែឈ្មោះអាន គីមហេង ឃើញសមត្ថកិច្ចភ្លាម បានស្ទុះរត់គេចចូលទៅក្នុងវត្តស្វាយជ្រំ ហើយភ្លាមនោះ សមត្ថកិច្ចបានដេញចាប់ជនសង្ស័យដល់ក្នុងវត្ត និងចាប់ឃាត់ខ្លួនបាន បញ្ចូនទៅប៉ុស្តិ៍នគរបាលស្វាយជ្រំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអាន គីមហេង បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចទូរស័ព្ទ និងខ្សែភ្លើង នៅចំណុចកើតហេតុខាងលើប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES