Tuesday, June 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ---/កម្ទេចអគារ បាក់សង្កត់ម៉ូតូ និងកង់បី ១៣គ្រឿង

វ៉ៃ—/កម្ទេចអគារ បាក់សង្កត់ម៉ូតូ និងកង់បី ១៣គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ ចំនួន១១គ្រឿង និងម៉ូតូកង់បី ចំនួន២គ្រឿង បានរងការខូចខាត បន្ទាប់ពីមានការវាយកម្ទេចអគារចាស់ចោល បង្កឱ្យបាក់ធ្លាក់ថ្មសង្កត់ ខូចខាតសរុបចំនួន ១៣គ្រឿង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចអគារក្រុមហ៊ុន Galaxy មានទីតាំង នៅជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមហ៊ុន Galaxy បានវាយកម្ទេចអគារចាស់ចោល ដោយមិនបានជូនដំណឹងដល់ម្ចាស់ម៉ូតូកង់បី និងម៉ូតូដែលចតរង់ចាំចាប់ម៉ូយ នៅក្បែរការដ្ឋាននោះទេ ស្រាប់តែក្រោយមក ពេលវាយកម្ទេចអគារនោះ បានធ្វើឱ្យកម្ទេចថ្ម បានបាក់ធ្លាក់មកលើម៉ូតូកង់បី និងម៉ូតូ រងការខូចខាតជាច្រើនគ្រឿង  រួមទាំងបង្កឱ្យមានផ្សែងហុយ ប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិដើរឆ្លងកាត់ និងស្នាក់នៅតំបន់ក្បែរនោះទៀតផង។

ប្រភពដដែល បញ្ជាក់ថា ការវាយម្ទេចអគារចោលខាងលើនេះ សំណាងហើយដែលមិនមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ។ ចំណែកអ្នកនៅកន្លែងកើតហេតុ បានរិះគន់ម្ចាស់ក្រុមហ៊ុនថា មើលងាយស្ថានការណ៍ និងអាយុជីវិតអ្នកធ្វើដំណើរ រួមទាំងរងផលប៉ះពាល់ដល់ផ្លូវដង្ហើមចំពោះផ្សែងហយយពីការវាយកម្ទេចអគារ ដោយមិនបានបាញ់ទឹកដាក់អគារ ដើម្បីកាត់បន្ថយផ្សែងហុយចេញពីអគារខាងលើនេះ។

 ក្រោយកើតហេតុគេឃើញរដ្ឋបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចក្រុង បានចុះទៅពិនិត្យដល់ទីតាំងចំពោះអគារខាងលើ។ លោកញឹម ភឿង អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែត បានឱ្យដឹងនៅល្ងាចថ្ងៃដដែលនោះថា “ពិតជាមានករណីវាយកម្ទេចអគារមែន ប៉ុន្តែពុំមានរងរបួសដល់មនុស្សនោះទេ ចំពោះការខូចខាតទៅលើម៉ូតូ និងម៉ូតូកង់បី ខាងក្រុមហ៊ុន នឹងផ្តល់សំណងដល់ម្ចាស់របស់”៕

RELATED ARTICLES