ខេត្តក្រចេះ៖ អ្នកនេសាទ ចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពនេសាទ នៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត និងជីវចម្រុះជលផល ក្នុងភូមិសាស្ត្រស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះ បានឱ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផល បានសហការជាមួយកម្លាំងនគរបាលការិយាល័យសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានចុះធ្វើកាបង្ក្រាបបទល្មើសនេសាទ នៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅចំណុចទីតាំងខាងលើ គឺដកហូតបានទូកម៉ាស៊ីន ចំនួន៨គ្រឿង និងមងបណ្តែតក្រឡាធំ ប្រវែង១៦០០ម៉ែត្រ។

ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកនេសាទ ចំនួនន១១នាក់ នាំយកទៅធ្វើការសាកសួរ ណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។ ចំណែកចំពោះឧបករណ៍នេសាទល្មើសច្បាប់ ទាំងអស់ ត្រូវបានដកហូតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ៕



