Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ម៉ូតូអនឡាញ អត់ឲ្យម៉ូតូគេ ជា---/ប់ខ្នោះ

លក់ម៉ូតូអនឡាញ អត់ឲ្យម៉ូតូគេ ជា—/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចបង្ហោះលក់ម៉ូតូ តាមបណ្តាញសង្គម លុះមានអ្នកទាក់ទងទិញ តម្រូវឱ្យបង់ប្រាក់មុន តាម QR Code ស្រាប់តែពេលបានលុយដល់ដៃ ផ្តាច់ទំនាក់ទំនងជាមួយអ្នកទិញ មិនបានប្រគល់ម៉ូតូឱ្យគេ ទីបំផុតត្រូវសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូ តាមបណ្តាញទំនាក់ទំនងសង្គម។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជន រងគ្រោះដែលបានបញ្ជាទិញម៉ូតូ ចំនួន៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្តែងធ្វើជាទិញ និងថតរូបផ្ញើទៅជនរងគ្រោះ ឱ្យជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុន តាម QR Code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ សូមពិនិត្យនិងវិភាគឱ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ចៀស វាងការខាតបង់ផលប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ៕

RELATED ARTICLES