Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពាក់ឯកសណ្ឋានឪ ថតអួតគេ ប៉ូលិសហៅចូលប៉ុស្តិ៍ 

ពាក់ឯកសណ្ឋានឪ ថតអួតគេ ប៉ូលិសហៅចូលប៉ុស្តិ៍ 

ខេត្តប៉ៃលិន ៖ យុវជនម្នាក់ ចង់ឱ្យគណនីបណ្តាញសង្គម ទិកតុក (TikTok) របស់ខ្លួន មានអ្នកចូលទស្សនា (Views) ច្រើន ក៏បែកគំនិតយកឯកសណ្ឋានកងកម្លាំងនគរបាលការងារព្រំដែនរបស់ឪពុកខ្លួន យកមកស្លៀក ថតបង្ហោះតាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាល និងត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

យុវជនដែលយកឯកសណ្ឋានរបស់ឪ មកស្លៀកថតអួតតាមបណ្តាញសង្គមនោះ មានឈ្មោះជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកម្មករ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី TikTok ឈ្មោះ Nha Jaksloy ជាជនស៊ីវិល បានបង្ហោះវីដេអូឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយវិការមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិ យសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ក្រោយពីបានឃើញនូវ TikTok ខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវ ជ្រាវរកឃើញ និងកោះហៅមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ បុគ្គលនោះ មានឈ្មោះជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកម្មករ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតជាបានបង្ហោះនូវវីដេអូឃ្លីបក្នុងគណនី TikTok របស់ខ្លួន ប្រាកដមែន ក្នុងគោលបំណងចង់ឱ្យមានអ្នកមើលច្រើន។

បុគ្គលខាងលើ បានសារភាពថា ខ្លួនពិតជាបានយកឯកសណ្ឋាននគរបាលរបស់ឪពុកខ្លួន ដែលជានគរបាលការពារព្រំដែន បានទុកនៅក្នុងផ្ទះ យកមកពាក់ រួចថតជាវីដេអូ បង្ហោះក្នុងគណនី TikTok របស់ខ្លួន ដោយពុំបានយល់ដឹងអំពីផ្លូវច្បាប់ និងការប៉ះពាល់ដល់កិត្តិយស របស់កងកម្លាំងនគរបាលជាតិ បន្ទាប់ពីបានដឹងថា ខ្លួនខុស បុគ្គលខាងលើបានទៅកាត់សក់ឱ្យខ្លី ដើម្បីមិនចង់ឱ្យគេស្គាល់រូបខ្លួន។

បន្ទាប់ពីបានធ្វើការសាកសួររួច បុគ្គលខាងលើ បានធ្វើកិច្ចសន្យារាងចាល បញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាល និងសង្គម តទៅទៀត៕

RELATED ARTICLES