ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូកញ្ចាស់ ១គ្រឿង មកឈប់ក្បែរផ្ទះទុកចោល ១កន្លែង រួចធ្វើ សកម្មភាពគាស់ទ្វារផ្ទះ លួចម៉ូតូថ្មី ១គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត។ បន្ទាប់មកបានយកម៉ូតូកញ្ចាស់របស់ខ្លួន ទៅលាក់ទុកនៅក្បែគុម្ពចេក ខាងក្រោយផ្ទះជនរងគ្រោះ តែត្រូវអ្នកជិតខាងឃើញ ទូរស័ព្ទប្តឹងសមត្ថកិច្ច ចេញស្ទាក់ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីគាស់ផ្ទះ លួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិ៍ទន្លេ ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងដកហូតបាន រួម មាន ម៉ូតូម៉ាក Honda MSX ពណ៌សលាយខ្មៅ គ្មានស្លា កលេខ ចំនួន១គ្រឿង ទួរណឺវីសមុខបួន មានដងជ័រ ពណ៌ខៀវលាយខ្មៅ ចំនួន១ដើម (ជាមធ្យោបាយ និងសម្ភារៈរបស់ជនសង្ស័យជិះយកមកធ្វើសកម្មភាព)។ ម៉ូតូហុងដាត្រៃតូច ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំនួន ១គ្រឿង ទូរស័ព្ទដៃ ម៉ាក VERTU ពណ៌ទឹកមាស ចំនួន១គ្រឿង វ៉ែនតា ពណ៌ស មានប្រអប់ខ្មៅ ចំនួន១ (ជាសម្ភារៈរបស់ជនរងគ្រោះឈ្មោះ ព្រុំ បេឡា ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិពោធិ៍ទន្លេ ឃុំកោះធំ (ក) ស្រុកកោះធំ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យបានជិះម៉ូតូ ១គ្រឿង ម៉ាក MSX (ម៉ូតូចាស់) ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ មកឈប់នៅខាងមុខផ្ទះរបស់ជនរងគ្រោះ ដែលបានទុកចោល ហើយចេញទៅរកស៊ីលក់ដូរនៅរាជធានីភ្នំពេញ។ ដោយឃើញមានឱកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពគាស់ទ្វារបន្ទប់ក្រោយផ្ទះ ហើយបានលួចយកម៉ូតូហុងដា ត្រៃ តូចពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង និងទូរស័ព្ទដៃ ម៉ាក VERTU ពណ៌ទឹក មាស ចំនួន១គ្រឿង និងវ៉ែនតាពណ៌ស មានប្រអប់ពណ៌ខ្មៅ ចំនួន១ ដែលជារបស់ជនរងគ្រោះ។

ក្រោយមក ជនសង្ស័យបានអូសយកម៉ូតូរបស់ខ្លួនដែលខូចនោះ ទៅលាក់ទុកនៅក្បែរគុម្ពចេក ខាងក្រោយផ្ទះជនរងគ្រោះ រួចបានឡើងជិះម៉ូតូហុងដាត្រៃ របស់ជនរងគ្រោះ គេចខ្លួនទៅតាមផ្លូវបេតុង ឆ្ពោះទៅទិសខាងកើត កាត់តាមឃុំកំពង់កុង។ ប៉ុន្តែភ្លាមៗនោះ មានអ្នករស់នៅជិតខាងឃើញទាន់ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថ កិច្ចកោះធំ (ក) ចុះជួយអន្តរាគមន៍ ស្ទាក់ចាប់មុខសញ្ញាជនសង្ស័យខាងលើបាន នៅចំណុចភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ រួចក៏បញ្ជូនមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះរបស់ជនរងគ្រោះ លួចយកម៉ូតូប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
