Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផឹក បើកឡានក្រឡាប់ផ្ងារជើង

ចេញពីផឹក បើកឡានក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរស១ក្រុម ទើបនឹងចេញពីផឹកស៊ីស្រវឹង បានបើករថយន្ត ១គ្រឿង បោះពួយយ៉ាងលឿន ឡើងវ៉ាជែងរថយន្តនៅពីមុខ រួចរេចង្កូតឡើងសួនផ្លូវ បន្តទៅបុកបង្គោលស្លាកសញ្ញាផ្សាយពាណិជ្ជកម្មបាក់ ១ដើម បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ខូចខាតយ៉ាងធ្ងន់ សំណាងទាំងអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ត មិនមានរងរបួសអ្វីធ្ងន់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយមនុស្ស ៤នាក់ទៀត បានបើករថយន្ត ១គ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1083 បើកបរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើត មកលិច ក្នុងល្បឿនលឿន លុះពេលមកដល់ចំ ណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ត ១គ្រឿងទៀត មិនចាំម៉ាក រួចក៏បានរេចង្កូតឡើងសួនផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មពេញទំហឹង បណ្តាលឱ្យបាក់រលំ ១ដើម ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើងទ្រមេឃ ខូចខាតយ៉ាងណាំ។

យ៉ាងណា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តខាងលើនោះឡើយ ហើយភ្លាមនោះ អ្នកបើកបរនិងអ្នករួមដំណើរ បានគេចពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ ខាងលើទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES