Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាត់ទោសឧក្រិដ្ឋជនចិន ៣នាក់ បាញ់រះស្លា---/ប់ប៉ូលិសខ្មែរម្នាក់

កាត់ទោសឧក្រិដ្ឋជនចិន ៣នាក់ បាញ់រះស្លា—/ប់ប៉ូលិសខ្មែរម្នាក់

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបើកសវនាការសួរដេញដោលក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៣នាក់ ដែលត្រូវកម្លាំងនគរបាលបង្ក្រាបបានពាក់ព័ន្ធករណីបាញ់ប្រហារ និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ នៅខណ្ឌដង្កោ កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ កន្លង ទៅ ដែលបណ្តាលឱ្យសមត្ថកិច្ច ១រូបបានបាត់បង់ជីវិត។

សវនាការនេះ មានលោក ស សំណាង ជាប្រធានក្រុមប្រឹក្សា លោកតុប ឈុនសុង លោកហុក ពៅ ជាចៅក្រមប្រឹក្សា និងលោកសុក កែវបណ្ឌិត ជាតំណាងអយ្យការ។

ឧក្រិដ្ឋជនជនជាតិចិន ទាំង៣នាក់ រួមមាន ទី១-ឈ្មោះ MA LUNAN ទី២-ឈ្មោះ SHI WAI HUA និងទី៣-ឈ្មោះ ZHAO WENXIANG ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ករណីឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ឧក្រិដ្ឋជនទាំង៣នាក់ អមដោយមេធាវីការពារក្តី ចំនួន៣រូប បានឆ្លើយដោះសាលើបទចោទប្រកាន់ខាងលើ នៅចំពោះមុខអង្គចៅក្រមប្រឹក្សា និងតំណាងអយ្យការ ដើម្បីឱ្យពួកគេបានរួចផុតពីទោសទណ្ឌ ដែលក្រុមខ្លួនបានប្រព្រឹត្តកន្លងមក។

ទោះយ៉ាងក៏ដោយ សវនាការមិនត្រូវបានបញ្ចប់ត្រឹមនេះទេ ហើយតំណាងអយ្យការ លោកសុក កែវបណ្ឌិត បានស្នើទៅអង្គសវនាការ សូមឱ្យកោះហៅភាគីដែលពាក់ព័ន្ធ មានដើមបណ្តឹងរដ្ឋប្បវេណី មានភាគីសហព័ទ្ធ មានប្រពន្ធកូនជនរងគ្រោះជាដើម ជាពិសេសបន្ថែមការកោះហៅសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានចូលរួមបង្ក្រាបករណីនេះ មកបំភ្លឺបន្ថែមទៀត ក្នុងសំណុំរឿងខាងលើ នាពេលសវនាការលើក្រោយ។ ក្រោយបញ្ចប់ការសួរដេញដោល ចៅក្រមប្រធានក្រុមប្រឹក្សា លោក ស សំណាង សម្រេចយកសំណុំរឿងនេះ ទៅបើកសវនាការពេលក្រោយបន្តទៀត។

សូមរំលឹកថា ឧក្រិដ្ឋជនជនជាតិចិន ២នាក់ និងក្រោយមកទៀតស្រាវជ្រាវចាប់បានម្នាក់ទៀត ដែលពាក់ព័ន្ធករណីបាញ់ប្រហារ បណ្តាលឱ្យនគរបាលម្នាក់ ស្លាប់ នៅខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយស្រាវជ្រាវស្វែងរកចាប់ខ្លួនបាននៅខេត្តព្រះវិហារ។

ខ្មាន់កាំភ្លើងទាំង២នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រំលងបានប៉ុន្មានថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា។ ហេតុការណ៍នេះ បណ្តាលឱ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិន ម្នាក់រងរបួស ខណៈជនជាតិចិន ម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានហេតុការណ៍បាញ់រះមួយបានកើតឡើងនៅតាមបណ្តោយផ្លូវ 20A ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ដោយរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចបានរេចង្កូតទៅបុករថយន្តទំនើប ម៉ាកមែរសឺដេស ១គ្រឿង ជិះគ្នា៣នាក់ (ចិន២នាក់ ខ្មែរម្នាក់) ពេញទំហឹង បណ្តាលឱ្យខូចខាតទាំងសងខាង បន្ទាប់មកស្រាប់តែភាគីបើកឡានបុកគេ ដកកាំភ្លើងបាញ់រះទៅលើរថយន្តមែរសឺដេស ជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ ២នាក់ តែបានស្លាប់ម្នាក់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកខ្មាន់កាំភ្លើង ត្រូវបានបក្ខពួកមករំដោះចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ ដោយចាប់ទាំងជនរងគ្រោះម្នាក់ ដាក់ឡាន យកទៅជាមួយផងដែរ ដែលករណីនេះមានការសង្ស័យថា អាចជារឿងគំនុំ ឬចាប់ជំរិត។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះគង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។ ចំណែកជនជាតិចិន ម្នាក់ទៀត រងរបួសធ្ងន់ ត្រង់ភ្លៅខាងឆ្វេង។ ដោយឡែកជនជាតិចិន ម្នាក់ទៀត ត្រូវក្រុមបក្ខពួកខ្មាន់កាំភ្លើង ចាប់ក្រៀកចូលរថយន្ត ដឹកយកទៅបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-5779 បានធ្វើដំ ណើរក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្តទំនើប ១គ្រឿង ម៉ាកមែរសឺដេស (Mercedes) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ជិះគ្នា៣នាក់ (ចិនពីរនាក់ ខ្មែរម្នាក់) ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង។

ប្រភពដដែល បន្តថា ភ្លាមៗពេលនោះ ស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាកឡិចស៊ីស មិនចាំស្លាកលេខ បានបើកមកពីក្រោយរថយន្តមែរសឺដេស រួចបានដកកាំភ្លើងវែងខ្លី បាញ់ស្រោចទៅលើរថយន្តមែរសឺដេស បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ ២នាក់ (ចិនម្នាក់ ខ្មែរម្នាក់) ហើយក្រុមខ្មាន់កាំភ្លើងទាំងនោះ បានចាប់បុរសជនជាតិចិន ម្នាក់ ដែលជិះរថយន្តមែរសឺដេស  រុញចូលក្នុងរថយន្ត បើកគេចចេញទៅបាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងខណ្ឌ បានចុះទៅកន្លែងកើតហេតុ ប្រទះឃើញបុរសជនជាតិចិនម្នាក់ និងខ្មែរម្នាក់ កំពុងរងរបួសដោយសារគ្រាប់កាំភ្លើង ក៏ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បុរសជន ជាតិខ្មែរម្នាក់ បានស្លាប់  នៅសល់តែបុរសជនជាតិចិន រងរបួសភ្លៅខាងឆ្វេង ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ៕

RELATED ARTICLES