Wednesday, June 4, 2025
Homeសង្គម និងជីវិតម្ចាស់បទ «នារីម៉ាកស៊ី» ទទួលមរណភាព

ម្ចាស់បទ «នារីម៉ាកស៊ី» ទទួលមរណភាព

ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ ល្បីឈ្មោះ ម្ចាស់បទ “នារីមាកស៊ី” និង “ស្រស់អ្វីស្រស់ម្ល៉េះ” លោក វ័រ សារុន បានទទួលមរណភាព ក្នុងជន្មាយុ ៧៧ឆ្នាំ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

 តាមប្រភពលោក សារុន កល្យាណ ហៅ Jimmy Kiss ជាកូនប្រុសរបស់លោក វ័រ សារុន និងជាតារាចម្រៀងស្នងត្រកូល ហើយជាម្ចាស់បទ “baby I’m sorry” ដ៏ល្បីល្បាញ បានឲ្យដឹងថា ឪពុករបស់លោក បានលាចាកលោកហើយ។

លោកសារុន កល្យាណ ហៅ Jimmy Kiss បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ថា «ស្គាល់បទ នារីម៉ាកស៊ី ស្រស់អ្វីស្រស់ម្ល៉េះទេ? ពេលនេះម្ចាស់សំឡេងដើម លោកតា វ័រ សារុន គាត់លាលោកហើយ ប៉ុន្តែស្នាដៃនិង សំលេងលោកតា ជាចំណងដៃដល់កូនចៅគ្រប់ជំនាន់។ សូមលោកពុក ទៅឲ្យបានស្កប់ស្កល់» ។

ដោយឡែក លោកកែវ សាស្រ្តា ជាមន្ត្រីនគរបាលជាតិម្នាក់ អ្នកបានដឹងព័ត៌មានស្តីពីមរណភាពរបស់លោក វ័រ សារុន បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ថា “កំពូលតារាចម្រៀង រ៉ុក ទសវត្សឆ្នាំ១៩៦០-១៩៧០ លោក វ័រ សារុន បានទទួលមរណភាពហើយ…។ ជំនាន់ជីតាខ្ញុំ ជំនាន់ឪពុកខ្ញុំ ពិ សេសអ្នកស៊ីវិល័យ ច្បាស់ជាស្គាល់ច្បាស់ណាស់ កំពូលតារាចម្រៀងបែបចង្វាក់រ៉ុក (Rock) ដ៏ល្បីល្បាញរូបនេះ ហើយគាត់ក៏ត្រូវជាឪពុកបង្កើតបងប្រុស សារុន កល្យាណ ហៅ Jimmy Kiss ម្ចាស់បទ “baby I’m sorry” ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ2014“ ។

 លោកកែវ សាស្រ្តា បានសរសេរបន្តថា “លោកតា វ័រ សារុន មានបទចម្រៀងជាច្រើន ពិសេសគាត់ជាម្ចាស់បទ “ស្រស់អ្វីស្រស់ម្ល៉េះ” “នារីសិចស៊ី” “បើជាគូ” “ញៀនបារី” “នារីម៉ាកស៊ីថ្មី” និងបទចម្រៀងជាច្រើនទៀត ដែលប្រជាជនខ្មែរ នៅតែនិយមស្តាប់រហូតមកដល់បច្ចុប្បន្ន និងជាពិសេស មិនដែលបាត់មុខពីរោងការ ឬពិធីរាំរែករបស់ប្រជាជនខ្មែរ! កាលពីឆ្នាំ2017 លោកតា វ័រ សារុន បានច្រៀងចម្រៀងមួយបទ និងជាចម្រៀងចុងក្រោយរបស់គាត់ គឺបទ “ឪពុកបំពេ”… “ ។

 គួរបញ្ជាក់ថា លោក វ័រ សារុន គឺជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេងមួយរូបផងដែរ នៅក្នុងដើមសម័យសាធារណរដ្ឋខ្មែរ ដែលនរណាៗក៏ស្គាល់អ្នកចម្រៀងទាន់សម័យរូបនេះ ព្រោះចម្រៀងរបស់លោក មានប្រជាប្រិយភាពណាស់ កាលពីជំនាន់នោះ ។ ចម្រៀងរបស់លោក ភាគច្រើនសុទ្ធតែជាបទបែបយុវវ័យ ញាក់កន្ដ្រាក់អារម្មណ៍ ។ ថ្វីបើលោកជាសិល្បករជំនាន់ថ្មីក្នុងសម័យនោះ តែសំឡេងនិងទេពកោសល្យពីធម្មជាតិ បានដឹកនាំលោកឱ្យឈានជើងចូលក្នុងពិភពសិល្បៈតន្ដ្រី ចេញពីសមត្ថភាពពិតប្រាកដ ។ លោកប្រសូតចេញពីត្រកូលកសិករដ៏ក្រីក្រមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៤៨ (ឆ្នាំជូត) នៅភូមិតាតុក ឃុំគារ ស្រុកមោងឫស្សី ខេត្ដ បាត់ដំបង ។ ឪពុកលោក ឈ្មោះ វ័រ ខឹម និងម្ដាយឈ្មោះ អ៊ិត ស្រី ។ លោកជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើត ៥ នាក់ (ប្រុស ២ ស្រី ៣) ។ លោកត្រូវបានឪពុកស្លាប់ចោល នៅពេលអាយុទើបបាន ២ឆ្នាំ ។ អាយុបានប្រមាណ ៦ ឆ្នាំ លោកត្រូវបានម្ដាយបញ្ជូនឲ្យទៅរៀននៅសាលាបឋមសិក្សាវត្ដឫស្សី ក្នុងស្រុកកំណើត ។ លុះកំពុងសិក្សាទើបបាន ២ឆ្នាំលោក និងបងប្អូន៤នាក់ទៀត ត្រូវបានម្ដាយនាំមកស្នាក់នៅម្ដុំគីឡូម៉ែត លេខ៦ ក្នុងខណ្ឌឫស្សីកែវ ដោយប្រកបរបរលក់បន្លែ លក់នំ តាមចិញ្ចើមថ្នល់។ លោកមាននិស្ស័យសិល្បៈតាំងពីកុមារភាព ប៉ុន្ដែមិនដែលមានបំណងប្រាថ្នាចង់ក្លាយជាអ្នកចម្រៀងអាជីពឡើយ គឺស្រលាញ់តែក្នុងអារម្មណ៍ និងចូលចិត្ដស្ដាប់ចូលចិត្ដច្រៀងតាមបទចម្រៀងពីរោះៗប៉ុណ្ណោះ ។ ប៉ុន្តែនៅអំឡុងឆ្នាំ១៩៦៩ ចុងសម័យសង្គមរាស្ដ្រនិយម លោកគឺជាយុវជនម្នាក់ ទើបតែមានវ័យប្រមាណ ២០ឆ្នាំ បានប្រលងជាប់លេខ២ ដោយច្រៀងបទ «ឱ! ផ្សែងបារី» ស្នាដៃនិពន្ធរបស់កវី យ៉ង់ ឈៀង ហៅសំនៀងឫទ្ធី ។ ក្រោយមក លោកបានក្លាយជាអ្នកចម្រៀងនៅក្នុងវង់តន្ដ្រីទាហាន និងប្រកបអាជីពជាអ្នកចម្រៀងនៅតាមរង្គសាលនានា ជាហូរហែ រហូតទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ក្នុងសម័យនោះយ៉ាងខ្លាំង រួមមានលោក ម៉ក់ ឈួន លោក ម៉ក់ ស៊ីវុត្ថា លោក សេង បៀន និងលោក វ៉ោយ ហូរ ជាដើម នាំគ្នានិពន្ធបទចម្រៀងឱ្យលោកច្រៀង ជាបន្ដបន្ទាប់ ដូចជា បទ «នារីម៉ាកស៊ី» និងបទ «ស្រស់អ្វីស្រស់ម្ល៉េះ» ដែលសុទ្ធតែជាចង្វាក់ញាក់កន្ដ្រាក់អារម្មណ៍ ។

 ចំពោះអ្នកចម្រៀងស្រី ដែលលោកវ័រ សារុន ធ្លាប់បានច្រៀងឆ្លើយឆ្លងជាមួយ រួមមាន អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ស៊ឹម ទូច និងអ្នកស្រី សេង បទុម ព្រមទាំងច្រៀងជាមួយអ្នកចម្រៀងប្រុស លោក អ៊ឹង ណារី និងលោក ថេត សម្បត្តិ… ជាដើម មានដូចជាបទ «អន្ទិតស្រុកស្រែ» «កំពប់ឆ្នាំងចេកខ្ទិះ» «ក្រមុំឆើតឆាយ» ។ ខណៈដែលកំពុងតែល្បីឈ្មោះនោះ ស្រាប់តែរបប ប៉ុល ពត ចូលមកដល់ លោកត្រូវបានទាហានខ្មែរក្រហម ជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ លោកត្រូវបានអង្គការអាវខ្មៅ ចាប់ឲ្យរៀបការជាមួយនារីម្នាក់ ឈ្មោះ ភួង ផល្លី មកពីខេត្តកំពង់ចាម ។ លុះស្អែកឡើង ស្រាប់តែមានព្រឹត្តិការណ៍ថ្ងៃ ៧ មករា ប្រទេសត្រូវបានរំដោះ ។ ក្រោយថ្ងៃរំដោះ លោកបានចូលប្រឡូកក្នុងសិល្បៈវិញជាធម្មតា ហើយក្រោយមកក៏បានក្លាយជាមន្រ្តីក្នុងក្រសួងមហាផ្ទៃ រហូតដល់អាយុចូលនិវត្តន៍ ។ មុនទទួលមរណភាព លោកមានកូន៣នាក់ ហើយក្នុងនោះមានកូនប្រុសម្នាក់ បានប្រកបអាជីពសិល្បៈដូចលោកដែរ គឺលោក សារុន កល្យាណ ៕

លោក សារុន កល្យាណ ហៅ Jimmy Kiss និងឪពុករបស់លោក វ័រ សារុន

RELATED ARTICLES