Wednesday, June 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួន១

បង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួន១

ខេត្តកណ្តាល ៖ អ្នកញៀនល្បែង ១ក្រុម កំពុងប្រមូលផ្តុំគ្នា លេងល្បែងជល់មាន់អនឡាញ ដោយស្រែកហ៊ោ កញ្ជ្រៀវយ៉ាងទ្រហឹង លុះមានប្រជាពលរដ្ឋល្អរាយការណ៍ប្រាប់សមត្ថកិច្ច ឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនបានបុរសម្នាក់ ជាភ្នាក់ងារ ចំណែកក្រុមអ្នកញៀនល្បែង នាំគ្នារត់ចែកជើងគ្នាអស់។

ប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់អនឡាញនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសា ហៀវ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរភ្នាក់ងារអនឡាញ ស្នាក់នៅផ្ទះជួល ភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង។ ចំពោះវត្ថុតាងដកហូត រួមមាន កំព្យូទ័រ ១គ្រឿង ម៉ាក DHP ពណ៌ស។ ក្តារចុច១។ Mouse ចំនួន១។ ទូរស័ព្ទ ៣ គ្រឿង (ម៉ាក iPhone 12 Pro ពណ៌ខ្មៅ ១គ្រឿង ម៉ាក oppo A92 ពណ៌ស ១គ្រឿង និងម៉ាក Oppo Reno 2F ពណ៌ស ១គ្រឿង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុននឹងឈានដល់ការបង្ក្រាបនេះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋល្អ បានរាយការណ៍តាមទូរស័ព្ទថា មានក្រុមអ្នកញៀនល្បែង ជាច្រើននាក់ កំពុងតែប្រមូលផ្តុំគ្នាស្រែកហ៊ោទ្រហឹង លេងល្បែងជល់មាន់តាមអនឡាញ នៅទីទាំងល្បែងដុះស្លែ ១កន្លែង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង បានធ្វើការដឹកនាំកម្លាំងធ្វើការឆ្មក់បង្ក្រាប ស្រាប់តែក្រុមអ្នកញៀនល្បែង ដូចដឹងមុន បានរត់ចែកជើងគ្នាអស់ សល់តែជន សង្ស័យម្នាក់ ជាអ្នកបើកម៉ាស៊ីនជល់មាន់អនឡាញ ត្រូវឃាត់បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES