ភ្នំពេញ ៖ សុខ ស្រីនាង មិនបានសន្យាអ្វីទាំងអស់ចំពោះអ្នកគាំទ្រ (Fan) ដែលខម្មិនសួរនាង លើបណ្ដាញសង្គម ចំពោះការបង្ហាញខ្លួនចុងក្រោយបំផុតរបស់នាង កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ថាតើនាងវិលរកឆាកតន្រ្ដី ពេលណា? និងទម្លាក់បទថ្មី នៅថ្ងៃណា? បន្ទាប់ពីនាងលែងឡើងឆាក ៤ឆ្នាំ ហើយជាទូទៅ ៧ខែ ឬជិត១ឆ្នាំ ទើបនាងផុសនៅលើបណ្ដាញសង្គមម្ដង ។

នៅពេលដែលអ្នកគាំទ្រចង់ដឹងថា តើស្រីនាង រាល់ថ្ងៃរស់នៅភ្នំពេញ ឬក្រៅស្រុក បានជាលែងហ៊ានបង្ហាញខ្លួនជាសាធារណៈ? នោះស្រាប់តែមានគណនីហ្វេសបុក ឈ្មោះលី សុវណ្ណសីហា បានឆ្លើយជំនួសស្រីនាង នៅលើខ្ទង់ខម្មិន ផេករបស់អតីតតារាហង្សមាស នេះថា រាល់ថ្ងៃ ស្រីនាង រស់នៅផ្ទះវីឡា បុរីប៉េងហួត បឹងស្នោ ដោយស្ងប់ស្ងាត់ អត់ខ្វល់ ។

សុខ ស្រីនាង មិនបានប្រតិកម្មរឿងមានអ្នកស្គាល់ផ្ទះនាងច្បាស់ដូចថ្ងៃ ថានាងកំពុងតែមានក្ដីសុខដោយស្ងប់ ស្ងាត់ដេកផ្ទះវីឡានោះទេ ។ ប៉ុន្ដែគេចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២៤ នាងធ្លាប់បង្ហាញការដើរកម្សាន្ដនៅសួនបុរីមួយនេះ រួមទាំងបង្ហាញបន្ទប់ទទួលភ្ញៀវ នៅផ្ទះនាងទៀតផង បើទោះជានាងបានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយមិត្តរួមអាជីព និងអត់ខ្វល់ពីការប្រកួតប្រជែងកេរ្ដិ៍ឈ្មោះទៀតក្ដី ។ ប៉ុន្តែអ្វីដែលចម្លែក គឺការចាកចេញរបស់ស្រីនាង ហាក់ចំពេលដែលមានដំណឹងថា នាងមានមានទំនាក់ទំនងស្នេហាជាមួយមន្រ្ដីធំម្នាក់ហើយត្រូវបុរសនោះផ្គាប់ចិត្តនាងគ្រប់យ៉ាងទាំងអស់ តែលោកសុំចិត្តនាងតែម្យាងគត់ គឺឈប់លេងសិល្បៈ ។

ស្រីនាង មិនដែលចេញមុខបំភ្លឺរឿងខាងលើនេះម្ដងណាឡើយ ពោលគឺតែងតែគេចចេញពីការសម្ភាសរបស់អ្នកកាសែត ខណៈដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលេខនាងធ្លាប់ប្រើ កាលពីពេលថ្មីៗនេះ ដើម្បីសួរនាំរឿងគេថានាងសម្ងំនៅតែផ្ទះវីឡា កម្រចេញក្រៅ តែមិនអាចទាក់ទងបានឡើយ។ ចំណែកការអះអាងរបស់អ្នកដឹកនាំហង្សមាស លោក Eco Vak Song ដែលថាស្រីនាង គ្មានពេលច្រៀង ព្រោះតែជាប់រវល់រកស៊ីនោះ ហាក់ផ្ទុយស្រឡះ ចំពោះសកម្មភាពរបស់នាងពេលនេះ ព្រោះអ្នកដែលស្គាល់នាងច្បាស់ ដឹងថា ស្រីនាង សម្រាកនៅផ្ទះវីឡា មិនមែនរវល់រកស៊ីនោះទេ ។

សុខ ស្រីនាង ត្រូវបានចាត់ទុកថា ជាតារាតែម្នាក់គត់ដែលពូកែលាក់បាំងស្នេហាបានយូរជាងគេ ពោលគឺតាំងពីនាងលែងលះអតីតប្ដី លោកស៊ី សុវត្ថិ ឆ្នាំ២០១០ មក នាងមិនដែលបង្ហាញម្ចាស់ស្នេហ៍ថ្មីជាសាធារណៈម្ដងណា ឡើយ ។ បញ្ហានេះហើយ ធ្វើឲ្យអតីតតារា KH, សាន់ដេ និងហង្សមាស រូបនេះ ហ៊ុមព័ទ្ធទៅដោយពាក្យចចាមអារ៉ាមជាច្រើន រហូតអ្នកខ្លះសង្ស័យថានាងមានកូនទៀតផង ។ ប៉ុន្ដែតាមរយៈការចេញមុខកាលពីខែចុងខែកុម្ភៈ ឆ្នាំ២០២៥ នេះស្រីនាង នៅតែមានរូបសម្រស់ដូចដើម តែលេងខ្លួនជាងមុនដូចជាពាក់ខ្សែក, ក្រវិល, ខ្សែដៃ និងចិញ្ចៀន គឺសុទ្ធតែដាំពេជ្រ។

ប្រភពបានឲ្យដឹងថា ស្រីនាង នៅតែអាល័យអាជីពចាស់ ប៉ុន្ដែនាងហាក់ដឹងខ្លួនថា ផ្អាកឡើងឆាក ៤ឆ្នាំ វាមិនមែនជារឿងងាយប៉ុន្មានទេ ក្នុងការស្ដារមុខមាត់ឡើងវិញ ហេតុនេះបើអាចចេញបទចម្រៀងថ្មីៗមកវិញបាន គឺមានតែនៅលើផេកផ្ទាល់ខ្លួនប៉ុណ្ណោះ មិនអាចឈរជើងនៅផលិតកម្មចាស់ បានតទៅទៀតឡើយ ។

ក្រៅពីសុខ ស្រីនាង តារាដែលកំពុងតែមានល្បីឈ្មោះ ហើយដើរចេញពីអាជីពសិល្បៈមានដូចជា ស្រីស្អាត គីម ហួរ, បេប៊ី, កែវ ផល្លីកា, Vj អាណូ, នឿន ចាន់ធឿន និងជីមមី ជាដើម ។ ចំពោះស្រីនាង នៅតែមាន Fan ជំរុញឲ្យចាប់ក្បាលមីក្រូ សាជាថ្មី ប៉ុន្ដែភាគរយមិនច្រើនទេ សម្រាប់អ្នកមេម៉ាយរូបស្រស់នេះ ក្នុងការវិលមកបន្ដអាជីពចាស់ ជាថ្មីម្ដងទៀត ៕



