Thursday, May 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតឧកញ៉ា ហេង សិទ្ធី បញ្ជូនពីរុស្ស៊ី ចូលគុកព្រៃស   

អតីតឧកញ៉ា ហេង សិទ្ធី បញ្ជូនពីរុស្ស៊ី ចូលគុកព្រៃស   

ភ្នំពេញ ៖ អតីតឧកញ៉ា ហេង សិទ្ធី ដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បរិហារមន្ត្រីជាន់ខ្ពស់កម្ពុជា ចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនោះ ត្រូវបានអាជ្ញាធររុស្ស៊ី ធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា ហើយពេលនេះជនត្រូវចោទ ត្រូវបានតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី១) ពីបទគំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ។

 ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានរាយការណ៍ថា តបតាមការស្នើរបស់ក្រសួងយុត្តិធម៌កម្ពុជា លោក ហេង សិទ្ធី ត្រូវបានធ្វើបត្យាប័ន ឬបញ្ជូនតាមនីតិវិធីឲ្យប្រទេសកម្ពុជា ដើម្បីមកប្រឈមនឹងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ហេង សិទ្ធី ត្រូវបាននាំខ្លួនមកដល់ប្រទេសកម្ពុជា តាមជើងយន្តហោះ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។ 

 លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។ លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ បានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិក ដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធិ នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជា នៅចំណុចស្ថានីយរថភ្លើង នៃទីក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការ បានជូនព័ត៌មានទៅក្រសួងយុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោស តាមនីតិវិធីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានបញ្ជាក់ថា កម្ពុជា តាមរយៈក្រសួងយុត្តិធម៌ ដែលជាអាជ្ញាធរកណ្តាលនៅក្នុងនីតិវិធីបត្យាប័ន ពិតជាបានស្នើសុំធ្វើបត្យាប័ន ឈ្មោះ ហេង សិទ្ធី ពីរុស្ស៊ី ហើយថាការធ្វើបត្យាប័ននេះ គឺធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញដោយតុលាការ ។

 យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លេខ ៖ ៣៣៣ សបព/២៥ ចុះថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក្ដិ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស បានជម្រាបជូនដល់សាធារណជនជ្រាបថា ករណីឈ្មោះ ហេង សិទ្ធី ត្រូវបានចាប់ខ្លួននិងបញ្ជូនពីប្រទេសរុស្ស៊ី មកព្រះរាជាណាចក្រកម្ពុជា តាមសំណើបត្យាប័ននៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភ័ស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ ហេង សិទ្ធី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៧៦៣៧ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៩ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបាន ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា  ៣៧២ និងមាត្រា ៣៧៤ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

 ជាមួយគ្នានោះដែរ នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន ចុះថ្ងៃអាទិត្យ ទី២៥ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក្ដិ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «បានឃើញមាត្រា២០៦ មាត្រា២១៩ មាត្រា២២០ មាត្រា២២១ និងមាត្រា២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៧៦៣៧ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៥០៤ អ.យ.ន ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ បានឃើញសំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៦៤២៧៧៧ មុខរបរពាណិជ្ជករ ទឹកន្លែងកំណើតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ លំនៅមុនពេលឃាត់ខ្លួន នៅផ្ទះលេខ៦២LM ផ្លូវលេខ២០៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ វ៉ាន់ សុភ័ណ្ឌ (លែងលះ) មានកូន ៤នាក់ ឪពុកឈ្មោះ ចុង សុវណ្ណនី ម្តាយឈ្មោះ លី ចាន់នី ជានីតិជន។ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ- គ្មាន។ ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ និងបានឃើញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លេខ ៣២៨៩ “វ” ដ.ព.ស ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បង្គាប់ ៖ ១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ និង ៣-ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់»។

សូមជម្រាបថា ចំណាត់ការប្រឆាំងលោក ហេង សិទ្ធី ធ្វើឡើងក្រោយពីអតីតឧកញ៉ារូបនេះ បានចេញមុខថ្លែងជាសាធារណៈតាមបណ្តាញសង្គមអំពីឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ដែលកំពុងកើតឡើងយ៉ាងគំហុក។ ក្នុងរឿងនេះ អតីតឧកញ៉ា ហេង សិទ្ធី បានចោទប្រកាន់ចំមុខជនជាតិចិន និងអ្នកឧកញ៉ា ហ៊ុន តូ ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ ក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោក ហេង សិទ្ធី បានប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដោយចោទថាទទួលសំណូក ជាថ្នូរមិនបង្ក្រាបករណីឧក្រិដ្ឋកម្មទាំងនោះ។ ប៉ុន្តែក្រោយមក អ្នកឧកញ៉ា ហ៊ុន តូ បានចេញ លិខិតបដិសេធការចោទប្រកាន់នេះ ខណៈអគ្គស្នងការនគរបាល ក៏បានចេញដីកាក្រហម សុំកិច្ចសហការពីអន្តរជាតិ ដើម្បីតាមចាប់ខ្លួនលោកហេង សិទ្ធី ។

 អតីតឧកញ៉ាហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៊ី មកដល់កម្ពុជាវិញ កាលពីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័ន រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី បន្ទាប់ពីត្រូវបានប៉ូលិសអាំងទែរប៉ូល ចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅព្រំដែនប្រទេសរុស្ស៊ី ពេលបម្រុងឆ្លងដែនចូលប្រទេសរុស្ស៊ី៕

កុលបុត្រ

RELATED ARTICLES