
ភ្នំពេញ ៖ តុលាការកំពូល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជននិងយុវជន ដែលជាសមាជិកសហភាពអង្គការសង្គមស៊ីវិល ចំនួន ៥០អង្គភាព ស្នើសុំឱ្យតុលាការកំពូល ពិនិត្យមើលសំណុំរឿងក្តី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត ក្រោមហេតុផលថា លោករ៉ុង ឈុន ប្រើមនោគមន៍វិជ្ជាលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) មិនគោរពតាមសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ។

សេចក្ដីប្រកាសព័ត៌មាន របស់តុលាកំពូល ចុះថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជននិងយុវជន ដែលជាសមាជិកសហភាពអង្គការសង្គមស៊ីវិល ចំនួន ៥០អង្គភាព មានខ្លឹមសារថា “នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង២០ នាទីរសៀល តុលាការកំពូល បានទទួលញត្តិរួមមួយ របស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងប្រជាជននិងយុវជន រាប់ពាន់នាក់ ដែលជាសមាជិកសហភាពអង្គការសង្គមស៊ីវិល ចំនួន ៥០អង្គភាព ស្នើសុំឱ្យតុលាការកំពូល ពិនិត្យមើលសំណុំរឿងក្តីលោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឲ្យធ្វើនយោបាយបន្តទៀត។ ញត្តិនេះ បានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ ដែលមានខ្លឹមសារថា ៖ បន្ទាប់ពីលោករ៉ុង ឈុន ធ្វើការញុះញងពាក់ព័ន្ធនឹងករណីព្រំដែន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ដោយដកសិទ្ធិនយោបាយ ប៉ុន្តែរហូតដល់បច្ចុប្បន្ន លោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់ មិនរាងចាល ដោយមិនគោរពសេចក្ដីសម្រេចរបស់តុលាការឡើយ ។ ទង្វើដែលមើលស្រាលច្បាប់បែបនេះ យើងខ្ញុំមានការព្រួយបារម្ភពីសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រជាជនកម្ពុជា កំពុងមាន នាពេលបច្ចុប្បន្ន ដែលបានមកដោយពិបាកបំផុត ប៉ុន្តែបែរជាត្រូវបាននិងកំពុងបន្តគំរាមកំហែងដោយក្រុមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី។ ទោះបីជាក្រុមគេ មានទីតាំងនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែក្រុមនេះ បន្តសាបព្រោះមនោគមន៍វិជ្ជាមកលើប្រជាពលរដ្ឋខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសក្រុមមនុស្សរបស់ខ្លួនដែលកំពុងធ្វើនយោបាយក្នុងប្រទេសកម្ពុជា ពិតជាបង្កគ្រោះថ្នាក់បំផុត ចំពោះសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ។ គណបក្សកម្លាំងជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងលោកអេង ឆៃអ៊ាង ដោយមានលោករ៉ុង ឈុន និងលោកជា មុនី ជាមនុស្សសំខានបំផុតដែលបានចូលរួមជួយលោកសម រង្ស៊ី តែងតែធ្វើឱ្យមានចលាលចលលក្នុងរឿងគណបក្សនយោបាយ ដោយដឹកនាំកម្មករ គ្រូបង្រៀន ឲ្យចូលរួមបាតុកម្មគាំទ្រនយោបាយលោកសម រង្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៨មក ។ លោករ៉ុង ឈុន និងលោកជា មុនី បានបោកបញ្ឆោតកម្មករ គ្រូបង្រៀន ឲ្យចូលរួមបាតុកម្ម ដោយឃោសនាថា បាតុកម្មដើម្បីដំឡើងប្រាក់ខែ។ ទោះបីជាកម្ពុជា បានទទួលសន្តិភាព ដោយបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ៤០ឆ្នាំក៏ដោយ ប៉ុន្តែតាមរយៈក្រុមនយោបាយលោក សម រង្ស៊ី នេះ បានបន្តរំខានដល់ស្ថិរភាពនយោបាយជាបន្តបន្ទាប់។ នៅពេលធ្វើបាតុកម្មម្តងៗបានធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ និងមិនហ៊ានមកវិនិយោគ នេះមិនទាន់និយាយអំពីការធ្វើបាតុកម្មដើម្បីប្រឆាំងផលប្រយោជន៍ជាតិ ឬការទាមទារឱ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជាផង។ ម្យ៉ាងវិញទៀត អំពើរបស់បុគ្គលជ្រុលនិយមទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស មានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចធ្វើឱ្យកម្ពុជា ឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មីទៀត ដូចកាលឆ្នាំ២០១៣-២០១៤។ ហេតុនេះដើម្បីចៀសវាងបញ្ហាទាំងនេះកើតឡើងទៀតនៅកម្ពុជា យើងត្រូវតែទប់ស្កាត់ក្រុមជ្រុលនិយមទាំងនេះឱ្យបាន។ ឥឡូវនេះ លោក រ៉ុង ឈុន និងលោក ជា មុនី បានដឹកនាំគណបក្សកម្លាំងជាតិ របស់លោក សម រង្ស៊ី ប្រសិនបើគ្មានវិធានការចំពោះបុគ្គលដែលមានចរិតនយោបាយជ្រុលនិយមដូចលោក សម រង្ស៊ី នោះទេ ពួកគេនឹងប្រើល្បិចកលនយោបាយបន្តិចម្តងៗ ដែលយកនយោបាយចាស់ មកអនុវត្ត គឺការញុះញង់ឱ្យមានបាតុកម្ម ដើម្បីទាញយកផលប្រយោជន៍នយោបាយ ដោយមិនគិតគូរពីស្ថិរភាពនយោបាយ ការវិនិយោគ សេដ្ឋកិច្ច និងសន្តិភាពនោះឡើយ។ មូលហេតុចម្បងមួយទៀតដែលត្រូវបិទនយោបាយលោក រ៉ុង ឈុន នោះគឺការប្រព្រឹត្តបទល្មើស និងការបំពានច្បាប់ម្តងហើយម្តងទៀត ដែលនាំឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល។
តុលាការកំពូល បានពិនិត្យឃើញថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស មួយករណីថ្មីទៀត តាមសាលក្រមព្រហ្មទណ្ឌលេខ ១៥៤៥ “រ” ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥ ដោយដាក់ពន្ធនាគារកំណត់ ៤ (បួន) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ តាមមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងប្រកាសទោសបន្ថែមលើលោក រ៉ុង ឈុន ដោយដកសិទ្ធិពលរដ្ឋជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត តាមបញ្ញត្តិមាត្រា៥៥ និងមាត្រា៤៩៨ នៃក្រមព្រហ្មទណ្ឌ។ សាលក្រមនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឧទ្ធរណ៍ តាមបណ្ដឹងលេខ៧០១ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ ដោយហេតុថា សំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញត្តិ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះតុលាការកំពូល នឹងបញ្ជូនញត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ ពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមាន។ តុលាការកំពូល នឹងតាមពិនិត្យមើលការដោះស្រាយសំណូមពរនៃញត្តិនេះនៅសាលាឧទ្ធរណ៍ភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់ញត្តិទាំង ៥០អង្គភាព និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ សហភាពអង្គការសង្គមស៊ីវិល ក៏បានចេញញត្តិអំពាវនាវដល់អ្នកនយោបាយ យុវជន ពលរដ្ឋមេត្តាប្រុងប្រយ័ត្នក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ទោះបីជាគណបក្សនេះ ខិតខំប្រឹងប្រែងបោកបញ្ឆោត សម្តែងខ្លួនជាអ្នកស្នេហាជាតិ ជាជនរងគ្រោះ ដែលជាល្បិចបោកពលរដ្ឋខ្មែរ កន្លងមក។
ក្រោយការចេញញត្តិអំពាវនាវយុវជន បាន១សប្ដាហ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ចំនួន៥០ស្ថាប័ន បានដាក់ញត្តិជាផ្លូវការ ទៅតុលាការកំពូល ដោយសង្ឃឹមថា សាលាឧទ្ធរណ៍ ឬតុលាការកំពូល នឹងសម្រេចតាមការស្នើសុំ ដោយកាត់សិទ្ធិនយោបាយលោក រ៉ុង ឈុន ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ៕ កុលបុត្រ


