ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួង បរិស្ថាន សហការជាមួយតំណាងមន្ទីរ បរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវា នុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបានបង្កឱ្យមានការបំពុលខ្យល់ ដោយផ្សែងនិងក្លិន និងប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ នៅក្នុងមូលដ្ឋាន។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយ ចំនួន១គ្រឿង ដំណើរការដោយប្រើអុស លាយកម្ទេចជ័រ ដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថា សារធាតុក្នុងខ្យល់ លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ ៖ -កាបូនម៉ូណូអុកស៊ីដ (CO) = 1657 ppm។ អាសូតអុកស៊ីដ (NOx) = 15,0 ppm។ អាសូតម៉ូណូអុកស៊ីដ (NO) = 50,0 ppm។ ស្ពានធ័រឌីអុកស៊ីដ (SO2) = 426 ppm។ ស៊ីតុណ្ហភាព (flow gas t) = 161,7 °C។ នៅទីតាំងឡដុតស្លរំលាយជ័រ មានសារធាតុ ៖ -កាបូនម៉ូណូអុកស៊ីដ (CO) = 23,0 ppm។ អាសូតអុកស៊ីដ (NOx) = 2,0 ppm។ អាសូតម៉ូណូអុកស៊ីដ (NO) = 2,0 ppm។ ស្ពានធ័រឌីអុកស៊ីដ (SO2) = 66,0 ppm។ ស៊ីតុណ្ហភាព (flow gas te) = 49,9 °C។ មានក្លិនឈ្ងៀមខ្លាំង។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែងនិងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣, ១៧៦, ៣១២, ៣១៣, ៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចខាងក្រោម ៖

– ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារ ធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។
– ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។

– ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង។
– ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន។

– ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំ ដូចបានចែងក្នុងកិច្ចសន្យា ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
– ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

