Monday, June 16, 2025
Homeតារាខ្មែរណា សាឌី មិនទាន់ចង់យកប្ដី

ណា សាឌី មិនទាន់ចង់យកប្ដី

ភ្នំពេញ ៖ ណា សាឌី ថាឆ្នាំនេះ នាងមានអាយុ២៩ឆ្នាំហើយ ប៉ុន្ដែក្នុងវ័យនេះ នាងនៅតែតាំងចិត្តថា មិនទាន់ចង់បានស្វាមីទេ ព្រោះចង់ប្រើជិវិតនៅលីវ បន្ដទៀត។ វាចារបស់ស្រីស្អាត សាឌី នេះ គឺចំពេលដែលមានព័ត៌មានលេចឮថា ទំនាក់ទំនងរវាងនាងនិងប្រុសសង្ហា តារា ឧសភា ហៅ Summer កាន់តែយល់ចិត្តគ្នាច្បាស់លាស់ ក្រោយល្អូកល្អិនគ្នាដូចគូសង្សារ ជាច្រើនឆ្នាំមកហើយនោះ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ពិធីការិនីទូរទស្សន៍បាយ័ន កញ្ញា ណា សាឌី ថារវាងនាងនិងលោក Summer គ្រាន់តែជាពួកម៉ាក គ្មានអ្វីលើសពីនេះឡើយ ។ នាងថាមិនទាន់មានគួគាប់ ហើយក៏មិនប្រញាប់យកប្ដីដែរ ។ សាឌី ប្រាប់ថា រឿងប្ដីសីនេះ នាងមិនអាចកំណត់បានថា ពេលណាទើបត្រូវដល់ពេលគិតគួរដូចគេឡើយ ។

 អំឡុងពេលដែល ណា សាឌី ឈានចូលវ័យក្បែរ ៣០ឆ្នាំនេះ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងហាក់ មានគីឡូឡើងបន្ដិច ពោលគឺរាងបែកសាច់ ហើយបើសិនជាបណ្ដោយបែបនេះតទៅទៀត ច្បាស់ជាលែងសូវត្រូវប៉ាន់ជាមិនខាន ។

នៅពេលត្រូវសួរថា តើហេតុអ្វីបានជាស្រីស្រស់ សាឌី ឡើងគីឡូ ? សប្បាយចិត្តពេក ឬញ៉ាំអាហារត្រូវមាត់? អតីត Freshie ឆ្នាំ២០១៥ ណា សាឌី បានឆ្លើយថា បញ្ហាឡើងគីឡូនេះនាងក៏បានដឹងច្បាស់ដែរ ហើយពីមុន នាងមានទម្ងន់ត្រឹម ៥០គ.ក្រ តែពេលនេះ ឡើង៥៤គ.ក្រ ពោលគឺឡើង ៤គីឡូ ។ ចំពោះមូលហេតុ នាងថាដោយសាតែធ្វើការច្រើន ហត់នឿយពេក ញ៉ាំច្រើន គេងច្រើន ទើបបានជាឡើងគីឡូបែបនេះ ។ យ៉ាងណា សាឌី ថាសព្វថ្ងៃកំពុងតែព្យាយាមសម្រកគីឡូហើយ មិនអាចបណ្ដោយឲ្យឡើងលើសពីនេះទៀតជាដាច់ខាត ខណៈគីឡូដែលនាងស្រលាញ់ គឺ៤៨គ.ក្រ ។

 មានការកត់សម្គាល់ថា ណា សាឌី រយាលៗពីអាជីពសម្ដែង ពេលនេះនាងផ្ដោតតែលើការធ្វើជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន ប៉ុណ្ណោះ មិនឃើញថតភាពយន្ដ និង MV ទៀតទេ ។ ប៉ុន្ដែតារាកូនខ្មែរកាត់ថៃ (ម្ដាយខ្មែរ ឪពុកថៃ) រូបនេះនិយាយថា នាងមិនដែលប្រកាសថាឈប់ថតភាពយន្ដ និង MV ឡើយ ពោលគឺឲ្យតែការងារសិល្បៈ នាងស្រលាញ់ដូចគ្នា ហើយធ្វើទៅតាមពេលវេលា ។ ប៉ុន្ដែនាងថា ការជ្រកនៅបាយ័ន ៨ឆ្នាំមកនេះ នាងមានមានក្ដីសុខ ហើយក៏អាចនឹងមានកុងត្រា នាឆ្នាំជាបន្ដបន្ទាប់ទៀតផងដែរ ។          

ទោះជា ណា សាឌី ថាពេលនេះនាងអត់មានម្ចាស់ស្នេហាមែន ប៉ុន្ដែតាមប្រភពថា ស្រីស្អាតរូបនេះ មានមន្ដស្នេហាមិនធម្មតាទេ ព្រោះបុរសទាំងក្នុងនិងក្រៅស្រុក ចោមស្នេហ៍។កាលពីខែមីនា ឆ្នាំ២០១៨ សាឌី ត្រូវបានគេចោទប្រកាន់ថា នាងជាំសាច់ភ្លៅ ដោយសាតែកណ្ដាប់ដៃកូនមន្រ្ដីធំម្នាក់ ខ្នាញ់នាងខ្លាំងពេក ខាំនាងតែម្តង តែដំណឹងនេះត្រូវបានសាឌី បដិសេធ និងថានោះជាចេតនានៃការធ្វើបាបរូបនាង ពីសំណាក់បក្សប្រឆាំង។ តាំងពីពេលនោះមក សាឌី រក្សាភាពស្ងប់ស្ងាត់ និងទិញផ្ទះវីឡាប្រណិត ព្រមទាំងទិញរថយន្ដថ្មីទៀតផង ។ សាឌី ថាគោលបំណងនៃការងារសិល្បៈរបស់នាង ពេលនេះបានសម្រេចខ្ទង់ ៧០% ហើយ ខណៈដែលនាងក៏បានរើទៅនៅផ្ទះថ្មី ២-៣ឆ្នាំ មកហើយដែរ គ្រាន់តែជាទម្លាប់នាង មិនចូលចិត្តធ្វើពិធីឡើងផ្ទះ ជប់លៀងដូចគេទេ ។ នាងថា នៅរដូវក្ដៅ កន្លងមកនេះ នាងជាប់ធ្វើពិធីការិនី (MC) នៅតាមបណ្ដាកម្មវិធីនានាច្រើន ពិសេសតាមខេត្ត តែពេលធ្លាក់ភ្លៀង នាងជាប់ការងារនៅ Studio ច្រើនជាងចុះខេត្ត ៕

RELATED ARTICLES