Sunday, May 18, 2025
Homeសេដ្ឋកិច្ចជាតិជនជាតិភាគតិចនៅស្រុកវ៉ើនសៃ ស្នើសុំស្ពានឆ្លងទន្លេសេសាន្ត

ជនជាតិភាគតិចនៅស្រុកវ៉ើនសៃ ស្នើសុំស្ពានឆ្លងទន្លេសេសាន្ត

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋច្រើនគ្រួសារ ជាពិសេសជនជាតិភាគតិច រស់នៅស្រុកវ៉ើនសៃ បានស្នើសុំរដ្ឋា ភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេសេសាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន ផលិតផលកសិកម្ម របស់ពួកគាត់។

បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជនជាតិភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយ ដូចជាកង់ ម៉ូតូ កុំយកថ្លៃសេវាធ្វើដំណើររបស់សិស្សសាលា។ នេះជាការស្នើសុំរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា កាវ៉ែត ព្រៅ គ្រឹង ទំពួន និងកាចក់ ដែលកំពុងរស់នៅឃុំប៉ាកកាឡាន់ ឃុំវ៉ើនសៃ និងឃុំកុកឡាក់។

ប្រជាពលរដ្ឋខាងលើ បានត្អូញត្អែរពីការចំណាយច្រើនទៅលើដឹកជញ្ជូនទំនិញកសិកម្ម ទៅលក់លើទីផ្សារ តាមរយៈម៉ូតូ តាមរថយន្តការឆ្លងកាត់ទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលឆ្លងដរទៅរៀននៅវិទ្យាល័យវីរៈជ័យ នៅឯត្រើយម្ខាងទៀត។

លោកស្រី ផេង ចរិយា រស់នៅឃុំប៉ាក់កាឡាន់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា គាត់ តំណាងឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលើកម្រាមដៃ១០ សំណូមពរដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជួយសាងសង់ស្ពានបាឡេ ឫស្ពានឆ្លងកាត់ទន្លេ សេសាន្ត ប្រវែងប្រមាណ៣០០ម៉ែត្រ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឱ្យបានប្រសើរឡើង។

លោកស្រីបន្តថា នៅពេលមានស្ពានប្រជាពលរដ្ឋធ្វើដំណើរទៅមកមានភាពងាយស្រួល កាត់បន្ថយការចំ ណាយលើការដឹកជញ្ជូនកសិផល ដំឡូងមី គ្រាប់ស្វាយចន្ទី សិស្សសាលាទៅរៀន និងការជួញដូរផលិតផលផ្សេងៗទៅកាន់ទីផ្សារ។

ទន្ទឹមនេះដែរ លោកស្រី ផេង ចរិយា បង្ហាញការជឿជាក់ថា បើនៅតំបន់នេះមានស្ពានឆ្លងកាត់ នឹងជួយបង្កើនភ្ញៀវទេសចរទៅកម្សាន្ត នៅតំបន់ឧទ្យានជាតិវិរៈជ័យ និងទីកន្លែងទេសចរណ៍ជាច្រើនទៀត ដែលជាស្នូលសេដ្ឋកិច្ច សម្រាប់រាជរដ្ឋាភិបាលទៅលើវិស័យទេសចរណ៍ ក្នុងស្រុកផងដែរ។

សូមបញ្ជាក់ផងដែរថា ចម្ងាយផ្លូវពីស្រុកវ៉ើនសៃ មកក្រុងបានលុង ខេត្តរតនគិរី មានប្រវែងប្រមាណ៤៩គីឡូម៉ែត្រ ដោយផ្លូវក្រាលក្រួសក្រហម បើនៅរដូវប្រាំង មានធូលីហុយខ្លាំង និងនៅរដូវវស្សា មានជង្ហុកច្រើនកន្លែង រអិលបែកភក់ ដែលកត្តាទាំងនោះបង្កការរំខានបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសតាមទូកចម្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតឆ្លងកាត់ទន្លេសេសាន្ត៕

RELATED ARTICLES