ភ្នំពេញ ៖ ក្រោយការពារខ្សែក្រវាត់ បានសម្រេចទាំងយ៉ាប់ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់នីហ្សេរីយ៉ា នៅលើសង្វៀនគុនខ្មែរ កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់គុនខ្មែរ រហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា ស្រាប់តែបែកធ្លាយវីដេអូជក់វ៉េប (បារីអេឡិចត្រូនិក) និងមានប្រពន្ធទី៣ បង្កការភ្ញាក់ផ្អើលក្នុងប្រភពប្រដាល់គុនខ្មែរ និងមជ្ឈដ្ឋានមហាជន ពិសេសអ្នកគាំទ្រកីឡាកររូបនេះ ។

សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ កីឡាករជើងខ្លាំង ធឿន ធារ៉ា បានប្រកួតឈ្នះពិន្ទុអ្នកប្រដាល់នីហ្សេរីយ៉ា អាប់ឌូឡាយេ ឌីយ៉ាល់ឡូ (Abdoulaye Diallo) ទាំងលំបាក សម្រាប់ការប្រកួតការពារខ្សែក្រវាត់ IPCC Kun Khmer នៅលើទីតាំងដីឡូត៍ ជិតបុរីជីបម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្រាប់ការប្រកួតការពារដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ដែលរៀបចំដោយសង្វៀនថោន នេះ ធឿន ធារ៉ា ហាក់មិនបានបង្ហាញការប្រកួតដោយមានភាពរហ័សរហួន ជាមួយគុណភាពកម្លាំងរឹងមាំនោះទេ គឺរូបគេបានព្យាយាមបិទ និងគេចច្រើន ដែលធ្វើឱ្យកីឡាករ Abdoulaye Diallo កាន់តែវាយសម្រុកខ្លាំង ដើម្បីយកប្រៀប នៅក្នុងទឹកទី១ និងទឹកទី២ វាយចេញបានច្រើនជាងធឿន ធារ៉ា ហើយធ្វើឲ្យទស្សនិកជនយល់ថា កីឡាករស្បែកខ្មៅនេះ សមនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ។ ប៉ុន្តែលទ្ធផលជាផ្លូវការ ក្រោយការប្រកួត ៣ទឹកពេញ ត្រូវបានគណៈកម្មការប្រកាសឱ្យធឿន ធារ៉ា ឈ្នះពិន្ទុ ដើម្បីបន្តគ្រងខ្សែក្រវាត់ IPCC Kun Khmer ទម្ងន់៧២គីឡូក្រាម របស់គេ បន្តទៀត ខណៈដែលអ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិរិះគន់ទៅលើការសម្រេចនេះថា មិនយុត្តិធម៌ចំពោះកីឡាករ Abdoulaye Diallo ដោយបានលើកឡើងថា ការប្រកួតលើកនេះ ធឿន ធារ៉ា វាយមិនលះដូចមុនៗ និងមានគុណភាពកម្លាំង ឆាប់ធ្លាក់ចុះ ធ្វើឱ្យរូបគេមិនអាចបញ្ចេញក្បាច់សម្លាប់បានល្អ ។

អ្វីគួរឲ្យកត់សម្គាល់នោះ បន្ទាប់ពីការពារខ្សែក្រវាត់បាន និងទទួលបានប្រាក់រង្វាន់ចំនួន១០លានរៀល នាយប់ថ្ងៃអាទិត្យនោះ ធឿន ធារ៉ា ត្រូវបានប្រភពច្បាស់ការណ៍ ទម្លាយថា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានអាការពិបាកដកដង្ហើម និងឈឺក្បាលខ្លាំង។ ប្រភពដដែល បានឱ្យដឹងទៀតថា ធារ៉ា មានបញ្ហាគ្រុនញាក់ តាំងពីមុនការប្រកួត ទើបធ្វើឱ្យរូបគេឆាប់ធ្លាក់កម្លាំង សម្រាប់ការប្រកួតលើកនេះ។ ប៉ុន្តែបន្ទាប់ពីនោះមក ក៏មានបែកធ្លាយវីដេអូមួយ តាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពធឿន ធារ៉ា កំពុងជក់វ៉េប (បារីអេឡិចត្រូនិក) នៅក្នុងបន្ទប់ជាមួយនារីប្លែកមុខម្នាក់ ដែលប្រភពអះអាងថា ជាប្រពន្ធទី៣ របស់ធឿន ធារ៉ា ។

នៅក្នុងឃ្លីបវីដេអូ ខ្លីរយៈពេល១៨វិនាទី ដែលបង្ហោះចែកចាយបន្តដោយគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ ”សេនាប្រមុខរដ្ឋ លន់ ណុល” ក៏ដូចជាគណនីហ្វេសប៊ុកជាច្រើនទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពរបស់កីឡាករ ធឿន ធារ៉ា កំពុងអង្គុយជក់វ៉េប បឺតផ្សែងបង្ហុយ ហុយទ្រុប នៅលើកៅអី ក្នុងបន្ទប់ដេកមួយ ដែលមាននារីម្នាក់ កំពុងដេកមើលទូរស័ព្ទនៅលើគ្រែ ក្នុងបន្ទប់នោះ ។
ភ្ជាប់ជាមួយវីដេអូខ្លីនេះ គណនីហ្វេសប៊ុកខាងលើ បានសរសេររិះគន់ធឿន ធារ៉ា ថា “នេះជាកីឡាករជួរមុខរបស់ប្រទេសកម្ពុជា ឃើញថ្ងៃមុន ឡើងវ៉ៃមិនកើត ដោយសារតែឥទ្ធិពលគ្រឿងញៀននេះហើយ“ ។

ស្របនឹងប្រភពខាងលើនេះ ប្រភពផ្សេងទៀត បានអះអាងដែរថា តាមរយៈវីដេឃ្លីបនេះ បង្ហាញថា ការដែលធឿន ធារ៉ា វ៉ៃលែងបានល្អ និងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួត ដោយសារតែបានជក់បារីអេឡិចត្រូនិក ដែលជាសារធាតុញៀនធ្វើឲ្យខូចសុខភាព និងត្រូវបានច្បាប់ហាមឃាត់ ។
ឌីចេ ហេរ៉ូ (𝗗𝗝 𝗛𝗘𝗥𝗢) ជាពិធីករម្នាក់ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា “កុំសួរខ្ញុំរឿងវីដេអូ ធឿន ធារ៉ា ជក់វ៉េប ខ្ញុំមានតាំងពីមុនការប្រកួត តែខ្ញុំមិនផុស គ្រាន់តែសរសេរ ជាសារដាស់តឿនក្រើនរំលឹកឲ្យភ្ញាក់ខ្លួនតែប៉ុណ្ណោះ“ ។
ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុក ឈ្មោះ “HUO” បានសរសេរនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា “រឿងទី១ ជក់ហ្នឹងជាក្ដៅហើយ តែអារឿងទី២ ប្រពន្ធទី៣ នេះ អ៊ូយ ឈឺក្បាល“ ។

ចំណែកគណនីហ្វេសប៊ុក “មណ្ឌលវប្បធម៌” បានបង្ហោះវីដេអូឃ្លីបខ្លីនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសារដាស់តឿនធឿន ធារ៉ា ថា “ក្នុងនាមជាកីឡាករគុនខ្មែរជួរមុខ គួរធ្វើជាជនគំរូ មិនជក់បារី មិនផឹកស្រា ខំប្រឹងហ្វឹកហាត់ អភិវឌ្ឍសមត្ថភាពជាប្រចាំ ក្លាយជាកីឡាករកំពូល លើកមុខមាត់ប្រទេសជាតិ នឹងគ្រួសារបានយូរអង្វែង។ ការជក់ ការផឹក ជាសិទ្ធិបុគ្គល តែវាធ្វើឲ្យប៉ះពាល់ដល់អ្នកគ្រាំទ្រ និងគ្រូបង្វឹកយ៉ាងខ្លាំង។ ត្រូវភ្ញាក់រលឹកឡើងវិញ Idol” ។
ចំណែកយុវជនញាណ បូរិន បានសរសេរនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា “និយាយឲ្យត្រង់ទៅ អ្នកដែលគួរអាណិត គឺកូនៗរបស់គាត់ ត្រូវរស់បែកខ្ញែកពីគ្នា ។ ពីមុន ប្រពន្ធទី១ និងទី២ ឈ្លោះគ្នា ម្នាក់ៗគិតថាសំណាងចុងក្រោយ បានត្រឹមតែឱបក្រសោបកូនដើរចេញរៀងៗខ្លួន ។ ចឹងចាំមើលអ្នកទី៣ ទៀត ថានឹងមានរឿងអ្វីកើតឡើងទៀត ។

ដោយឡែក គណនីហ្វេសប៊ុក ឈ្មោះ “ឆាវ ឆាវ” បានសរសេរការពារកិត្តិយសធឿន ធារ៉ា ថា “មិនគួរណានាំគ្នាផុសវីដេអូធឿន ធារ៉ា អ៊ីចឹងទេ ប៉ះពាល់ខ្មែរយើងខ្លាំងណាស់ បើថៃឃើញ យកទៅបាញ់ទៀតហើយ គេផ្ញើឲ្យខ្ញុំ យូរណាស់ហើយ វីដេអូហ្នឹង តែខ្ញុំមិនផុស ព្រោះវាមិនសូវសមរម្យ“ ។
យុវជនម្នាក់ទៀត ដែលប្រើហ្វេសប៊ុកឈ្មោះ “Bong Thy” ក៏បានសរសេរការពារធឿន ធារ៉ា ដែរថា “រឿង Videos ដែលធឿន ធារ៉ា ជក់ YOZZ នៅជាមួយប្រពន្ធទី៣ របស់គាត់ ខ្ញុំមានយូរហើយ តែខ្ញុំមិនផុស រក្សាឯកជនភាពរបស់គាត់ ។ អ្វីក៏ដោយ ត្រូវមាន៣ សមត្ថភាព+ចំណេះដឹង+ក្រមសីលធម៌ ទើបល្អ” ។

ទោះបីយ៉ាងណា ជុំវិញបែកធ្លាយវីដេអូជក់វ៉េប និងមានប្រពន្ធទី៣ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ និងបកស្រាយបំភ្លឺពីកីឡាករធឿន ធារ៉ា បានទេ កាលពីម្សិញ ។ ប៉ុន្តែយ៉ាងណា យើងរង់ចាំទទួលការស្រាយបំភ្លឺពីកីឡាករធឿន ធារ៉ា និងភាគីពាក់ព័ន្ធ នៅពេលក្រោយ ៕ កុលបុត្រ