ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបមកប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ពីប្រទេសជិតខាង ជាពិ សេស ត្រូវចាត់វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប ផ្លែទុរេនស្រស់ តាមច្រករបៀង ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ ប្រើប្រាស់សារ ធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចុះថ្ងៃអង្គារ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកអគ្គនាយករង ផា អេងវ៉េង ជម្រាបមកលោក លោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ក្នុងកម្មវត្ថុ ៖ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដោយយោង ៖ – អនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ – លិខិតលេខ ២៦១ សជណ.៣១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង ប្រកាសលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) មានខ្លឹមសារទាំងស្រុងថា «តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបមក លោក លោកស្រី ជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្ន ដូចខាងក្រោម ៖

១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេន ត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយ នូវវិញ្ញាបនបត្រភូតគាមអនាម័យ។
២. ត្រូវចាត់ចែងការដកសំណាកគំរូ តាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំកិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូល អាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋានក្នុងប្រទេស បន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយ រួច ដោយអ្នកនាំចូល ត្រូវបញ្ជាក់ជូនមន្ត្រីគយមានសមត្ថកិច្ច ឱ្យបានច្បាស់លាស់ នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។
៣. ក្នុងករណីលទ្ធផលនៃការវិភាគ បង្ហាញថា ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ “ខូចគុណភាព» ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្តពី អគរ។
៤. ត្រូវចាត់វិធានការតាមដាន ទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ ផ្លែទុរេនស្រស់តាមច្រករបៀង ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ចាត់ចែងអនុវត្តតាមខ្លឹមសារនៃលិខិតនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ រហូតដល់មានការណែនាំជាថ្មី។
សូមលោក លោកស្រី ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ»។

គួរកត់សម្គាល់ដែរថា ការចេញសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ពីប្រទេសជិតខាង ខាងលើនេះ បានធ្វឡើងបន្ទាប់ពីថ្មីៗនេះ មានការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញសង្គម ស្តីអំពីការលួចនាំចូលផ្លែទុរេនស្រស់ ពីប្រទេសជិតខាង ជាពិសេសពីប្រទេសវៀតណាម តាមច្រករបៀងនានា ដូចជាច្រកព្រៃវល្លិ នៃខេត្តស្វាយរៀង ជាដើម ដែលធ្វើឲ្យមានការព្រួយបារម្ភថា ផ្លែទុរេនស្រស់ទាំងនោះ មានប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន ដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ ស្របពេលដែលមានព័ត៌មានថា ផ្លែទុរេនទាំងនោះ ត្រូវបានឈ្មួញវៀតណាម បង្វែរនាំចូលមកកម្ពុជា បន្ទាប់ពីខាងប្រទេសចិន បានហាមឃាត់ការនាំចូល ដោយសារពិនិត្យឃើញថា មានប្រើប្រាស់សារធាតុគីមីហាមឃាត់៕ ខៀវទុំ
