ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ឡាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចំនួន១៧នាក់ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកឧត្តម សេនីយ៍ ឋត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ធ្វើការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ចំនួន១៧នាក់ ក្នុងនោះ ១-បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់។ ២-បន្ធូរបន្ថយទោស ៦ខែ ចំនួន២នាក់។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបន្តថា ក្នុងពន្ធនាគារខេត្ត ជនជាប់ឃុំ ជាក់ស្តែង មានចំនួនសរុប ២ ៩៧១នាក់ (ស្ត្រី១៩៥នាក់) ក្នុងនោះអនីតិជន ចំនួន៥៤៤នាក់ (ស្រី៥នាក់) ជនបរទេស ចំនួន៣១៨នាក់ (ស្រី៤៥នាក់) ជនពិការ ចំនួន២១នាក់ និងចាស់ជរា ចាប់ពីអាយុ ៦០ឆ្នាំឡើង ចំនួន៤៣នាក់ (ស្រី៧នាក់)។

លោកអ៊ុង ស៊ីផាន បានបញ្ជាក់ទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដូច ជាការអប់រំកែប្រែ ស្តានីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាព មានប៉ុស្តិ៍សុខភាព មួយខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវផងដែរ។

លោកសោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានផ្តាំផ្ញើដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសនិងលើកលែងទោស ប្រាប់បន្តទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឱ្យចូលរួមគោរ អនុវត្តបទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕