ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសអ្នកដែលមិនទាន់បានចាក់សោះ និងអ្នកដែលត្រូវចាក់ដូសជំរុញ ដើម្បីបង្ការពីការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ជេអិន១ (JN.1) ដែលកំពុងកម្រើកការឆ្លងរាលដាលឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងនោះកម្ពុជា ក៏ទើបរកឃើញកន្លងទៅនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ធ្លាប់ប្រើប្រាស់កន្លងទៅ នៅពេលដែលកំពុងរងនូវការវាយប្រហារដោយជំងឺកូវីដ-១៩ នៅតែជាយន្តការដ៏មានប្រសិទ្ធ ភាពខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ មន្ត្រីដដែល សង្កត់ធ្ងន់ថា វីរុសបំប្លែងខ្លួនថ្មី ជេអិន១ មានចរិកកាចសាហាវ និងងាយចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
ក្រៅពីការបង្ការតាមរយៈវិធីសាស្ត្រចាស់ “៣ការពារ និង៣កុំ” ហើយនោះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចជួយដល់បុគ្គលម្នាក់ៗ នៅពេលឆ្លងជំងឺនេះ កុំឱ្យវិវត្តទៅស្ថានភាពធ្ងន់ធ្ងរបាន ពិសេសចាស់ជរា។ ផ្អែកតាមការវាយតម្លៃស្រាវជ្រាវ និងបទពិសោធន៍នៅតាមបណ្តាប្រទេស នានា ពិសេសប្រទេសនៅក្បែរកម្ពុជា អ្នកដែលឆ្លងជំងឺកូវីដ-១៩ ប្រភេទ JN.1 គឺមានស្ថានភាពធ្ងន់ធ្ងរជាងប្រភេទមុនៗទៅទៀត។
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអះអាងថា ពពួកអូមីក្រុង ដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មី ប្រភេទជេអិន១ (JN.1) ដែលរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើន នៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជាវីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីក រាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។
ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុង បំប្លែងថ្មី ប្រភេទជេអិន១ (JN.1) ត្រូវបានរកឃើញមានជាង ១៥ភាគរយ នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញា មានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា។
JN.1 បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអីនបង្គោលរបស់វីរុស (mutations in the spike protein)។ ថ្វីត្បិតតែ JN.1 មានហានិភ័យសុខភាពសាធារណៈ ជាសកល នៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្ន គឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។
នៅកម្ពុជា ត្រូវបានរកឃើញការឆ្លងជំងឺកូវីដ-១៩ ប្រភេទ JN.1 ទៅលើតារាចម្រៀង ខេម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ រំលងបានមួយថ្ងៃ ក្រោយដឹងថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ លោកខេម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអះអាងថា ស្ថានភាពជំងឺរបស់ខ្លួន ហាក់មានភាពធ្ងន់ធ្ងរ បើធៀបនឹងអ្វីដែលធ្លាប់ឆ្លងកាលពីពេលមុន។
ចំណែកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន ៥នាក់ ៕