Thursday, May 15, 2025
Homeតារាខ្មែរជូលី ចាត់ទុកស្វែង សុជាតា  ជាអាយដល

ជូលី ចាត់ទុកស្វែង សុជាតា  ជាអាយដល

ភ្នំពេញ ៖ ស្រីស្រស់ ជា វណ្ណពុទ្ធាលី ហៅជូលី ដែលថតភាពយន្ដតាំងពីនាងមានអាយុ៥ឆ្នាំនោះ ពេលនេះនាងពេញវ័យហើយ គឺនៅឆ្នាំ២០២៥ នេះអាយុ១៨ឆ្នាំ ។ ជូលី ប្រាប់ថា រយៈពេល១៣ឆ្នាំ នៃការប្រឡូកសិល្បៈ នាងធ្លាប់ថតភាពយន្ដបានខ្ទង់ជាង ២០រឿងហើយ ខណៈនៅឆ្នាំ២០២៥ នាងកំពុងតែត្រៀមថតរឿងភាគ ឲ្យប៉ុស្ដិ៍លេខ៥ ក្នុងតំណែងជាតួឯកទៀតផង ។ ប៉ុន្ដែមិនមែនជាលើកទីមួយនោះទេ ពោលគឺនាងធ្លាប់ថតជាតួឯកនេះ បាន២-៣រឿងដែរ ហើយក្នុងវិស័យភាពយន្តនេះ នាងចាត់ទុកតារាសម្តែង ជើងចាស់ ស្វែងសុជាតា ជាអាយដល របស់នាង។

 អ្នកនាងស្វែង សុជាតា

ជូលី បានឲ្យដឹងថា ព្រោះតែស្រលាញ់ភាពយន្ដ ទើបនាងឈានជើងចូលថតរឿង តាំងពីនៅតូច ដោយមាន ការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារនាងផងដែរ ។ ប៉ុន្ដែនាងថាស្រលាញ់តែអាជីពសម្ដែងមួយច្រកប៉ុណ្ណោះ ដោយគ្មានបំណងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា ឬចង់ចាប់អាជីពដើរម៉ូដនោះទេ  ព្រោះបច្ចុប្បន្ននាងក៏ជាប់សិក្សា ជាសិស្សថ្នាក់ទី១១ នៅសាលាប៊ែលធី ផងដែរ ដូច្នេះឆ្លៀតថតរឿងផង រៀនផង ។

ជូលី អាយុ១៨ឆ្នាំ កម្ពស់ ១,៦៦ម៉ែត្រ ទម្ងន់៤៨គ.ក្រ មានស្រុកកំណើតនៅភ្នំពេញ មានបងប្អូន ៣នាក់ (ស្រី១ ប្រុស២) រូបនាងជាកូនច្បង ដែលក្នុងនោះមានតែរូបនាងម្នាក់ទេ ប្រឡូកសិល្បៈ ។ ជូលី ដែលកាលនៅពីតូចធ្លាប់សម្ដែងរឿង «ពស់កេងកង» តួអង្គកូនពស់កេងកងនោះថា តាំងពីតូចមក នាងបានយកតារាជាគំរូ ឬអាយដល (Idol) របស់ខ្លួន គឺអ្នកនាងស្វែង សុជាតា ។ នាងថា រៀមច្បង ម្នាក់នេះ អាចលេងតួបានគ្រប់ទម្រង់ទាំងអស់ ហើយនាងពេញចិត្តការសម្ដែងរបស់គាត់ជាខ្លាំង ខណៈដែលបច្ចុប្បន្ន នាងក៏ទទួលថតភាពយន្ដ ជាតួសម្ដែងគ្រប់ទម្រង់ ពោលគឺតួស្លូតក៏បាន កាចក៏បានដែរ ។ នាងថាក្រៅពីថតភាពយន្ដ នាងក៏ធ្លាប់ថត MV និងស្ពតមួយចំនួនផងដែរ ។

ក្រៅពីចេញមុខសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់អ្នកនាងស្វែង សុជាតា ថាមានទេពកោសល្យខ្លាំងមិនធម្មតា លេងជាតួអីក៏បាននោះ កញ្ញាជូលី ក៏ឆ្លៀតសរសើរតារាបង្ហាញម៉ូដរូបស្រស់ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ថាពិតជាសមជាអ្នកបង្ហាញម៉ូដអាជីព ព្រមទាំងជួយការងារសង្គមបានច្រើន ។ ប៉ុន្ដែរូបនាងមិនប្ដូរជំហរនោះទេ ពោលគឺបន្ដចាប់អាជីពភាពយន្ដមួយប៉ុណ្ណោះ អត់មានគម្រោងចង់ក្លាយជាតារាបង្ហាញម៉ូដ ដូចនាងសារ៉ាវឌ្ឍី ឡើយ ។

 ជូលី បញ្ជាក់ថា ការថតភាពយន្ដរបស់នាង ជាច្រើនឆ្នាំមកនេះ នាងថតចប់មួយរឿងទើបទទួលថតរឿងថ្មី មិនទទួលការងារច្រើនក្នុងពេលតែមួយនោះទេ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សា ។ សម្រាប់រឿងភាគថ្មី ប៉ុស្ដិ៍លេខ៥ នាងត្រៀមចេញថតនៅខែមិថុនា ខាងមុខនេះហើយ ដែលតាមគម្រោង ប្រើពេល ២ទៅ៣ខែ ទើបថតចប់ ។

 ឆ្លើយតបសំណួរថា បន្ទាប់ពីអាជីពសិល្បៈ តើកញ្ញាជូលី ចង់ធ្វើអ្វី នាពេលអនាគត? ស្រីស្រស់ ជូលី ប្រាប់ថា នាងមានបំណងប្រាថ្នាចង់ក្លាយជាអ្នកជំនួញម្នាក់។

ក្រៅពីកញ្ញាជូលី តារាដែលប្រឡូកអាជីពសិល្បៈ តាំងពីតូច មានដូចជា ព្រះនាងតូចជេនណា, លី ច័ន្ទសីហា, អ៊ួន វ៉ាន់វីតា និងសក្ខីបុត្រ ធីតា ជាដើម ។          

តាមប្រភពបានឲ្យដឹងថា កញ្ញាជូលី ក្នុងវ័យទើបតែពេញក្រមុំនេះ នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារារ៉េបជើងថ្មី លោក OG Golden ដោយថ្មីៗនេះពួ កគេថែមទាំងបានដឹកដៃគ្នាទៅថតឈុត Pre-Wedding ផ្អើលពេញបណ្ដាញសង្គមទៀតផង តែជូលី មិនទាន់បញ្ជាក់រឿងនេះទេ៕

កញ្ញាជូលី និងលោកOG Golden

RELATED ARTICLES