ភ្នំពេញ ៖ តារាចម្រៀង ប៊ុន សុគន្ធា ហៅសុគន្ធ និសា បានបង្ហាញអារម្មណ៍រីករាយ នៅថ្ងៃភ្ជាប់ពាក្យប្អូនប្រុសរបស់នាង លោកប៊ុន ថុនា ជាមួយកញ្ញាតាំង ស្រីពៅ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយនាងបានជូនពរប្អូនទាំងពីរ ស្រឡាញ់គ្នា ចម្រុងចម្រើន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គេឃើញស្វាមីនិសា លោកចៅ សម្បត្តិ ក៏រំភើបជំនួសប្អូនថ្លៃ ដែលរកបានប្រពន្ធ នាពេលនេះដែរ ដោយលោកថែមទាំងដឹកដៃប្រពន្ធឡើងកួចដៃប្អូនថ្លៃទាំងពីរទៀតផង។

តាមប្រភពថា សុគន្ធ និសា ក្រៅពីរកបានប្រពន្ធស្អាត ឲ្យប្អូនប្រុសនោះ សំណួរដែលនាងពិបាកឆ្លើយនៅកម្មវិធីនោះ គឺសាច់ញាតិ បងប្អូន សួរនាំនាងរឿងហេតុអ្វីរៀបការច្រើនឆ្នាំ ហើយ នៅតែគ្មានកូនង៉ា ដែលរឿងចាក់ដោតមួយនេះ និសា និងប្ដី គាំងចម្លើយតែម្តង។ទោះជាយ៉ាងណា និសា ដែលមានអាយុ ៤២ឆ្នាំទៅហើយ នៅ តែរំពឹងថា នឹងសម្រេចបំណងយកកូនដំបូង នាពេលខាងមុខ ពោលគឺមិនអាចបរាជ័យរឿងយកកូនជារៀងរហូត នាំឲ្យគ្មានកូនតពូជនោះទេ ។

សុគន្ធ និសា នឹងប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយស្វាមី គម្រប់៨ឆ្នាំ នាចុងឆ្នាំ២០២៥ នេះ ខណៈដែលការចេញទៅរស់នៅអាមេរិក ជាអចិន្ត្រៃយ៍ នៅមិនទាន់កំណត់ច្បាស់លាស់ ។ អ្នកខ្លះថា និសា នៅចង់ប្រជែងទីផ្សារចម្រៀង កើបលុយពីសិល្បៈ ទើបនាងចេះតែបន្ដពន្យារពេលយកកូន រហូតមកដល់ពេលនេះ ព្រោះគោលដៅផ្ដល់កំណើតឲ្យកូនដំបូង លើដីអាមេរិក នៅពេលដែលនាងសម្រេចចិត្តទៅរស់នៅទីនោះ ។ ប៉ុន្ដែ សុគន្ធ និសា បានរៀបគម្រោងយកកូន តាំងពីឆ្នាំ២០២១ មកដល់ពេលនេះ ៤ឆ្នាំហើយ លទ្ធផលសូន្យ បើទោះជានាងតែងតែចេញចូលពិនិត្យសុខភាពនៅមន្ទីរសម្ភពមួយ ជាញឹកញាប់ក៏ដោយ តែនាងតែងតែឆ្លើយប្រាប់ទៅអ្នកគាំទ្រ (Fan) ថា «អត់អាលីង» ។

សូមបញ្ជាក់ថា សុគន្ធ និសា បានចេញពីហង្សមាស ជិត១ឆ្នាំទៅហើយ និងមិនទាន់ចូលផលិតកម្មថ្មីទេ តែងាកមកផលិតបទចម្រៀងផ្ទាល់ខ្លួន បាន៥បទមកហើយ ក្នុងនោះមានដូចជា បទ «ពេលខ្ញុំដួល អ្នកនៅឯណា?», «អារម្មណ៍ចាស់ៗ», Cover បទ «Please Stop» និងចេញ២បទសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ គឺ «ចាក់ក្រឡេកទយ» និង «សង្រ្កាន្ដជួបស្នេហ៍»។ អតីតតារាហង្សមាស រូបនេះក៏ប្រឈមបាត់បង់តំណែងធំទាំង២ នៅហង្សមាស ព្រមគ្នាដែរនោះគឺធ្វើជាគ្រូង្វឹគ The Voice Kids Cambodia និងគណៈកម្មការ Cambodian Idol Junior បើទោះជានាងនៅតែបន្ដឡើងឆាកតន្រ្ដីហង្សមាស ដូចមុនក៏ដោយ ។

ទាក់ទងរឿងមង្គលការរបស់ប្អូនប្រុសពៅនេះ សុគន្ធ និសា មិនទាន់កំណត់ទីតាំងនិងពេលវេលាច្បាស់លាស់នោះទេ ហើយតាមប្រភពថា នៅរដូវធ្លាក់ភ្លៀងនេះ នាងនឹងនាំប្ដីចេញទៅកម្សាន្ដនៅអាមេរិក ជាថ្មី ពោលគឺក្នុង១ឆ្នាំ យ៉ាងហោចណាស់ក៏នាំស្វាមីទៅលេងផ្ទះពួកគេនៅរដ្ឋបូស្តុន (Boston) ម្ដងដែរ។ តារារួមអាជីព និង Fan សរសើរនិសា ភ្នែកមុត ពូកែរកប្រពន្ធស្អាត ឲ្យប្អូនពៅ ប៉ុន្ដែរឿងដែលពួកគេចង់ឃើញនាងជោគជ័យនៅឆ្នាំនេះ មិនមែនបទចម្រៀង ឬចេញបទថ្មីទេ គឺការសម្រេចបំណងធំ យកកូនដំបូងឲ្យបាន ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ព្រោះប្រសិនបើនិសា ឈានចូលវ័យ៥០ឆ្នាំ នាពេលខាងមុខនេះហើយ នៅតែអត់កូន ១គ្រាប់ទៀតនោះ ច្បាស់ជាបំណងយកកូន ត្រូវហួសពេលមិនខាន ដែលពេលនោះ ចំណងស្នេហានាងក៏អាចប្រឈមនូវភាពសោះកក្រោះ បាត់បង់នូវភាពផ្អែមល្ហែម ដោយសារគ្មានចំណងដៃភ្ជាប់និស្ស័យស្នេហ៍ (កូន) នេះឯង៕



សុគន្ធ និសា និងស្វាមី