Monday, May 12, 2025
Homeព័ត៌មានជាតិអ្នកឃ្លាំមើលថា រឹបអូសផ្ទះលក់សងបំណុល ដកសិទ្ធិនយោបាយរ៉ុង ឈុន ដូចអារកខ្យង

អ្នកឃ្លាំមើលថា រឹបអូសផ្ទះលក់សងបំណុល ដកសិទ្ធិនយោបាយរ៉ុង ឈុន ដូចអារកខ្យង

ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា ការដែលតុលាការសម្រេចរឹបអូសផ្ទះ លក់សងបំណុលជំងឺចិត្ត ការដាក់ទោស ៤ឆ្នាំ ពិន័យប្រាក់ ៤លានរៀល និងដកហូតសិទ្ធិនយោបាយលោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នោះ គឺដូចអារកខ្យង ព្រោះលោករ៉ុង ឈុន ជាអ្នកនយោបាយដែលក្រក្រី គ្មានសល់ទ្រព្យអ្វីជាដុំកំភួននោះទេ ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា “អារកខ្យង លោក រ៉ុង ឈុន ដោយបង្ខំឲ្យលក់ឡាយឡុងផ្ទះបង់រំលស់របស់គាត់ហើយ នៅមិនអស់ចិត្ត … តុលាការដាក់ទោសគាត់ ៤ឆ្នាំ ពិន័យប្រាក់ ៤លានរៀល និងបិទសិទ្ធិនយោបាយគាត់ថែមទៀត រឹតតែបង្កការឈឺចាប់ដល់ខ្មែរ រាប់លាននាក់»។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ថា “អារកខ្យង” ជាសុភាតិខ្មែរ ដែលសំដៅដល់អ្នកដែលក្រីក្រ ខ្វះខាតធនធានហើយ ត្រូវគេគាបបង្ខំឲ្យសងនេះ សងនោះទេ ។ ការដែលលោកប្រៀបធៀបករណីលោករ៉ុង ឈុន ទៅនឹងអារកខ្យង ដោយសារតែចង់បង្ហាញថា លោករ៉ុង ឈុន ជាអ្នកនយោបាយម្នាក់ ដែលគ្មានទ្រព្យសម្បត្តិអ្វីឡើយ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ពាក្យអារកខ្យងហ្នឹង បានន័យថា គ្រូឈុន ហ្នឹង គាត់គ្មានអី អារកខ្យង ឈាមខ្យងហ្នឹង អាហ្នឹងជាបុរាណខ្មែរយើង ។ កាលណាយើងប្រើពាក្យ «អារកខ្យង» សំដៅលើអ្នកក្រហើយ ត្រូវបានគេបង្ខំនេះ បង្ខំនោះ ដើម្បីឲ្យគាត់ហ្នឹងសងគេអ៊ីចឹង ឧទាហរណ៍ ។ ដូចរ៉ុង ឈុន អ៊ីចឹង គាត់គ្មានផង គាត់អត់ទ្រព្យសម្បត្តិអីផង គាត់មានផ្ទះមួយ ហើយផ្ទះហ្នឹងបង់រំលោះគេទៅទៀត ទិញបង់រំលស់ ហើយមែនទែន មិត្តភក្ដិគាត់ហ្នឹងជួយបង់រំលស់ឲ្យទៀត គាត់មានការងារឯណា? បើការងាររាជការ គេបណ្ដេញគាត់ចេញពីក្រសួងអប់រំ ហើយ តាំងពីគាត់ត្រូវបានលាឈប់ពីសមាជិក គ.ជ.ប ហើយក្រោយៗមកទៀត គាត់ចូលធ្វើនយោបាយហ្នឹង គាត់មានអី? មិត្តភក្ដិជិតដិតគាត់ហ្នឹងជួយឧបត្ថម្ភគាំទ្របន្តិចបន្តួចហ្នឹង គាត់មានអីគាត់ ហើយដល់ពេលតុលាការ ចាប់បង្ខំឲ្យគាត់លក់ទ្រព្យសម្បត្តិ ឲ្យសងគណៈកម្មការព្រំដែន ធៀបនឹងអារកខ្យងហ្នឹង ខ្យងអត់ឈាមហើយ អារកយកឈាមគ្នាទៀត ចង់និយាយអ៊ីចឹង ។ គ្មានអីលើសពីហ្នឹងទេ តាមពិតទៅ ខ្យង មិនជាអន់ទេ អាហ្នឹងជាសុភាសិតខ្មែរ ខ្យង វាមិនមែនអន់ទេ ខ្យង វាជាចំណីរបស់មនុស្សលោកយើងដែរ ប៉ុន្តែក្នុងសុភាសិតខ្មែរ គេសំដៅលើអ្នកដែលគ្នាគ្មានទ្រព្យ គ្មានសម្បត្តិអីហ្នឹង ។ អ៊ីចឹងទៅ និយាយអារកខ្យង ធៀបបាននឹងគ្នាអត់ហើយ បង្ខំឲ្យគ្នាកាន់តែអត់ កាន់តែវេទនាទៅទៀត“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ហើយម្យ៉ាងទៀត បើយើងនិយាយសំណុំរឿងលោករ៉ុង ឈុន នេះ គាត់និយាយរឿងបញ្ហាបូរណភាពទឹកដីជាតិ កាលពីឆ្នាំ២០២០ហ្នឹង និយាយពីវៀតណាម ឈ្លានពានបង្គោលព្រំដែនកម្ពុជា អីអ៊ីចឹងទៅ ហើយទៅជារដ្ឋាភិបាលប្ដឹងគាត់ ។ អាហ្នឹងក្នុងន័យនយោបាយ អ្នកប្ដឹង និងរដ្ឋាភិបាលហ្នឹង គឺទៅជួយវៀតណាម វិញទេ ប្ដឹងខ្មែរគ្នាឯង ហើយទៅជួយជនឈ្លានពាន វៀតណាម ជាជនឈ្លានពានបូរណភាពទឹកដីខ្មែរ ហើយខ្មែរ ធ្វើបាបខ្មែរគ្នាឯងហ្នឹង ។ អ៊ីចឹងវៀតណាម គេលួចសើចចំអកឲ្យខ្មែរហ្នឹងយ៉ាងណាទៅ? ខ្មែរគ្នាឯង ឈ្លោះគ្នាដោយសារអារឿងការឈ្លានពានពីបរទេស ។ អាហ្នឹងបានន័យថា រដ្ឋាភិបាលហ្នឹង ប្រហែលជាធ្វើកិច្ចការហ្នឹងបម្រើឲ្យបរទេស ។ អាហ្នឹងយើងអាចធ្វើការវិនិច្ឆ័យអ៊ីចឹង ហើយអ្នកស្រុក ក៏អាចយល់អ៊ីចឹងដែរ ហើយមកដល់ថ្ងៃម្សិលមិញ (៥ ឧសភា) ត្រូវតុលាការសង្កត់គាត់ ១រឿងទៀត គឺឲ្យគាត់ហ្នឹងជាប់គុក ៤ឆ្នាំ ហើយនិងពិន័យ ៤លានរៀលបន្ថែមទៀត វាដូចធ្ងន់ធ្ងរណាស់ បង្កការឈឺចាប់ដល់គាត់ បង្កការឈឺចាប់ដល់សាច់ញាតិគាត់ បង្កការឈឺចាប់ដល់អ្នកគាំទ្រនយោបាយរបស់គណបក្សគាត់ អ្នកដែលស្រលាញ់រាប់អានគាត់អីហ្នឹង សុទ្ធតែទទួលរងការឈឺចាប់ពីរដ្ឋាភិបាល និងពីតុលាការកម្ពុជា សព្វថ្ងៃហ្នឹង“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “យើងនិយាយទៅ វាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់សំណុំរឿងលោករ៉ុង ឈុន ហ្នឹង ហើយអយុត្តិធម៌ហ្នឹង វាកើតមានច្រើនគ្នាហើយ សកម្មជននយោបាយ គណបក្សនយោបាយ មេដឹកនាំនយោបាយដទៃៗទៀតហ្នឹង រងគ្រោះច្រើនហើយ ប៉ុន្តែហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា នៅតែក្រអឺតក្រទម មិនពិនិត្យមើលខ្លឹមសារស្មារតីរដ្ឋធម្មនុញ្ញ ដែលនិយាយពីស្មារតីបង្រួបបង្រួមជាតិខ្មែរនិងខ្មែរ ហើយដើរតាមនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងទៅ ហើយដល់អ៊ីចឹង ដឹកនាំតាមទំនើងចិត្តដូចសព្វថ្ងៃអ៊ីចឹង វាឲ្យប្រទេសរងគ្រោះ ប្រជាពលរដ្ឋ ក៏រងគ្រោះ ប្រទេសជាតិ ក៏រងគ្រោះ ហើយប្រទេសយើងកាន់តែខ្សោយទៅ ហើយបរទេសជិតខាងហ្នឹង មានមហិច្ឆតាឈ្លានពាន ញុះញង់ឲ្យខ្មែរហ្នឹង កាន់តែខ្សោយ គេកាន់តែមានឱកាសលេបត្របាក់យើង ។ គេមិនលេបទាំងមូលម្ដងទេ ប៉ុន្តែគេចឹបបន្តិច ច្បិចបន្តិចម្ដងៗ អ៊ីចឹងយើងបាត់បង់ទៅបន្តិចម្ដងៗ ដោយមិនដឹងខ្លួន ហើយប្រជាពលរដ្ឋនៅតាមព្រំដែន យើងដឹងស្រាប់ហើយ គាត់ស្រែកថ្ងូរទ្រហោយំរាល់ថ្ងៃហ្នឹង ហើយប្រជាពលរដ្ឋគាត់រអ៊ូរទាំងរឿងបាត់ដីស្រែចម្ការគាត់ គឺគាត់មិននិយាយរឿងបាត់បង់ទឹកដីគាត់ ក៏គាត់និយាយរឿងបាត់បង់ដីស្រែគាត់ដែរ ហើយបាត់បង់ដីស្រែគាត់ទៅវៀតណាម វៀតណាម ជាអ្នកយក ។ អ៊ីចឹងកាលណាគាត់បាត់ទៅ ហើយរដ្ឋាភិបាលខ្មែរ ធ្វើរបៀបហ្នឹង ដូចធ្វើទៅលើលោករ៉ុង ឈុន វាធ្វើឲ្យយើងបាត់បង់ការតវ៉ា និងការពារបូរណភាពទឹកដីជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី២ និងមាត្រាទី៥៥ ។ អាហ្នឹងវាអ៊ីចឹង យើងវាមានការអាណោចអាធ័មសម្រាប់ជាតិយើង ហើយប្រទេសជាតិយើងវាប្រឈមនឹងហានិភ័យច្រើនអន្លើណាស់ ចំពោះរឿងនេះ“ ។

គួរបញ្ជាក់ថា លោករ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អតីតប្រធានសហភាពកម្ពុជា និងបច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំ នូវដីផ្ទះរបស់លោក នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសងសំណងជំងឺចិត្ត ៤០០លានរៀល ស្មើនឹង១០ម៉ឺនដុល្លារ ក្នុងនាមជាសហកូនបំណុលនៃការអនុវត្ត ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់បំណុលនៃការអនុវត្ត នៅក្នុងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។

ដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំ របស់សាលាដំបូងរាជធានីភ្នំពេញ លេខ៩៣ “វ”រ.វ ចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយចៅក្រមអនុវត្ត យី សុខវួច ក្នុងកម្មវត្ថុ ៖ សំណើសុំលក់ដោយបង្ខំដោយផ្ទាល់ចំពោះអចលនវត្ថុដែលមានក្បាលដីលេខ ១២០៦០៧០៣-២១២៥ មានទីតាំងនៅភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន ម្ចាស់បំណុលនៃការអនុវត្ត គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានអាសយដ្ឋាននៅអគារ Connexion ជាន់ទី៣ វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ អ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលនៃការអនុវត្ត មេធាវី ឈិត បូរ៉ាវុធ អត្តលេខ២២៩ និងមេធាវី គួន សាវឿន អត្តលេខ៣៦៧ ជាមេធាវីរាជរដ្ឋាភិបាល។ សហកូនបំណុលនៃការអនុវត្តឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ មានអាសយដ្ឋានផ្ទះលេខ៨៨ ផ្លូវលេខ៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ ស កណិការ ភេទស្រី កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨៣ មានអាសយដ្ឋានផ្ទះលេខ១៦១E1C ផ្លូវលេខ ២០៣ កែង១០៤ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឈ្មោះ តុន និមល ភេទប្រុស កើតថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៨១ មានអាសយដ្ឋាន ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សិទ្ធិលើបំណុលដែលទាមទារ ៖ ប្រាក់សំណងការខូចខាតចំនួន ៤០០ ០០០ ០០០ (បួនរយលាន) រៀល។ យោងលើឯកសារចម្លងយថាភូតនៃលិខិតអនុវត្តដែលមានអានុភាពអនុវត្ត ដើម្បីអនុវត្តសិទ្ធិលើបំណុលខាងលើ តាមពាក្យសុំរបស់ម្ចាស់បំណុល បានដាក់ បានសម្រេច ១-ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ។ ២-រឹបអូសអចលនវត្ថុដែលមានក្បាលដីលេខ ១២០៦០៧០៣-២១២៥ មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ រ៉ុង ឈុន ដើម្បីម្ចាស់បំណុលនៃការអនុវត្ត ។

មកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងលោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ដោយផ្តន្ទាទោស ដាក់ពន្ធនាគារ ៤ឆ្នាំ ពិន័យប្រាក់ ៤លានរៀល និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍។  ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។

បន្ទាប់ពីត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសលើរូបលោក ដូចខាងលើនេះ លោករ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា លោកនៅតែមានជំហររឹងមាំ មិនតក់ស្លុតឡើយ នៅពេលដែលលោកឈរលើភាពត្រឹមត្រូវ ហើយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ធំជាងផលប្រយោជន៍បុគ្គល។

លោករ៉ុង ឈុន បានមានប្រសាសន៍នៅពេលនោះថា “បើសិនជាខ្ញុំតក់ស្លុត ប្រហែលខ្ញុំនិយាយរអាក់រអួលហើយ មិនអ៊ីចឹង? ខ្ញុំមិនមានតក់ស្លុតអីទេ មានន័យថា ធម្មតានៅក្នុងសង្គមមួយបែបនេះ យើងត្រូវតែមានជំហរមួយច្បាស់លាស់ រឹងមាំ ។ បើយើងមិនមានជំហរមួយច្បាស់លាស់ រឹងមាំ ក៏យើងមិនអាចជួយដល់ស្រុកទេយើងបានដែរ ។ អ៊ីចឹងយើងមានតែយើងត្រូវតែប្រកាន់ជំហរមួយ ឈរលើភាពត្រឹមត្រូវ ។ នៅពេលដែលយើងឈរលើភាពត្រឹមត្រូវ ហើយយើងតម្កល់ផលប្រយោជន៍ជាតិ ធំជាងផលប្រយោជន៍បុគ្គល ផលប្រយោជន៍ប្រជាពលរដ្ឋ ធំជាងផលប្រយោជន៍បុគ្គល ។ ដូច្នេះគ្មានអ្វីដែលត្រូវតក់ស្លុតនោះទេ“ ។

មិនតែប៉ុណ្ណោះ លោករ៉ុង ឈុន បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស តំណាងអង្គការជាតិ-អន្តរជាតិ និងសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានយកចិត្តទុកដាក់តាមដាន ឃ្លាំមើល និងលើកទឹកចិត្ត ដល់រូបលោក ចំពោះចំណាត់ការទាំងឡាយដែលតុលាការចោទប្រកាន់។ លោកបញ្ជាក់ជាថ្មីបន្ថែមថា លោកនៅតែមានជំហររឹងមាំជានិច្ច ឥតងាករេ និងបន្តការតស៊ូ ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យប្រទេស ជាតិទទួលបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ ៕ កុលបុត្រ

RELATED ARTICLES