Saturday, May 10, 2025
Homeតារាខ្មែរអ្នកសិល្បៈ ផ្ញើសារជូន មាស សុខសោភា

អ្នកសិល្បៈ ផ្ញើសារជូន មាស សុខសោភា

ភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយរឿងបែកបាក់ស្វាមី ដោយនាងបានបង្ហើបថា ក្រោយបែកបាក់គ្នា អតីតស្វាមីបានប្រកាសថា នឹងមិនដោះលែងនាងទេ ហើយតាមបំផ្លាញនាង និងលោកតាឥសីសក់សទៀតផង ស្របពេលមហាជនសង្ស័យថា ការបែកបាក់ប្រេះឆានៃចំណងស្នេហាប្តីប្រពន្ធតារាចម្រៀងល្បីរូបនេះ អាចផ្តើមចេញពីស្វាមីនាង ប្រចណ្ឌជាមួយលោកតាឥសីសក់ស ភ្នំត្បែងនោះ អ្នក សិល្បៈរួមអាជីព បាននាំគ្នាផ្ញើសារជូនមាស សុខសោភា សម្តែងការសោកស្តាយ ជួយលើកទឹកចិត្ត និងផ្តល់យោបល់ ក្នុងនាមជាមិត្តរួមអាជីព។

 គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញ មុខទម្លាយឱ្យមហាជនបានដឹងពីការបែកបាក់ជាមួយស្វាមី ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខទេ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ។

-លោកគួច ខេវិន អ្នកសិល្បៈ និងជាអ្នករៀបចំកម្មវិធីទូរទស្សន៍ល្បីឈ្មោះ បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា «ផ្ញើជូនប្អូនស្រី មាស សុខសោភា ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត! បើទោះណាជាយើងមិនបានកើតមករួមផ្ទៃម្តាយតែមួយ ប៉ុន្តែការរាប់អាន យល់ចិត្តថ្លើម រួមការងារក្នុងអាជីពជាអ្នកសិល្បៈ ជាច្រើនឆ្នាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពសង្គម ជាញឹកញាប់ វាបានបង្កើតឡើងនូវមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូនបង្កើត រវាងយើងទាំងពីរ រួមទាំងស្វាមីរបស់ប្អូនផង។ ខណៈដែលបងបានឃើញប្អូនដែលមានសភាពមិនដូចគ្រាមុន និងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងការបាក់បែកទ្រនំសុភមង្គលនៃប្តីប្រពន្ធ ដែលធ្លាប់តែរឹងមាំនិងផ្អែមល្ហែម គួរឱ្យកោតសសើរនោះ បងហាក់មានអារម្មណ៍ស្រណោះស្រណោកសោកសង្រេងក្នុងចិត្ត មិនគិតស្មានដល់? និងសែនអាណិតឥតឧបមាចំពោះប្អូននិងស្វាមី។ បងសូមនិយាយជាមួយ និងចំពោះប្អូនថា “ជំនឿគឺជាសេរីភាពនៃគំនិត” តែទោះជាយ៉ាងណា “ជំនឿក៏មានព្រំដែនកំណត់” ដែលវាមិនត្រូវរំលោភ ឬប៉ះពាល់ទៅដល់សភាវគតិណាមួយផ្សេងទៀត។ មនុស្សដែលជឿទៅលើសភាវៈក្រៅខ្លួន ដោយ សារតែបាត់បង់នូវជំនឿលើខ្លួនឯង ជំនឿ គួរមានព្រំដែនដែលកំណត់ដោយគំនិត មានហេតុ បច្ច័យនិងផលត្រឹមត្រូវ ប្រកបដោយសច្ចភាព។ ជំនឿស៊ប់ មិនមែនជំនឿងប់នោះឡើយ ហើយបងយល់ថា សម្រាប់ប្អូនដែលតែងតែក្លាហាន រឹងមាំ ប្រកបដោយការតស៊ូកន្លងមក បងពុំចាំបាច់ផ្តល់នូវឧទាហរណ៍ណាមួយឡើយ ប៉ុន្តែបងចង់និទានរឿងមួយយ៉ាងខ្លី ៖ មានប្រជាជាតិ នៃអាណាចក្រមួយ គោរពប្រតិបត្តិនិងមានជំនឿយ៉ាងងប់ងុលទៅលើអាទិទេពរបស់ពួកគេ តែជារឿយៗនៃការទម្លាក់សព្វាវុធ និងលះបង់គ្រប់កិច្ចការងារចោល ដើម្បីប្រតិបត្តិជំនឿ ដោយលុតក្រាបសំពះអាទិទេព សត្រូវរបស់ពួកគេ ក៏រមែងលើកទ័ពមកកម្ទេចពួកគេដែរ។ ជាចុងក្រោយ ជំនឿរបស់ពួកគេ នៅតែមាន ប៉ុន្តែប្រជាជាតិ និងទឹកដីរបស់ពួកគេ បានរលាយបាត់ទៅហើយ ពួកគេសល់ត្រឹមតែជាជនជាតិភាគតិចនៃនគរមួយផ្សេងប៉ុណ្ណោះ។ សូមប្អូនស្រីនិងស្វាមី កុំនឿយណាយនឹងការគិតពិ ចារណាដើម្បីជីវិតដែលរង់ចាំផ្តល់ពន្លឺត្រចះត្រចង់ចំពោះប្អូនៗ! ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពីបង គួច ខេវិន Bong love you Two»។

-តារាចម្រៀង សុខ សីឡាលីន បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា « «ផ្ញើជូនបងស្រីជាទីស្រលាញ់ មាស សុខសោភា រៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ ស្តាប់មិនចេះជិនណាយ! បងដឹងទេ? បងជាមនុស្សដែលមានសំឡេងជាយូនីគ ដ៏ល្អពិសេស ដែលធម្មជាតិផ្តល់ឲ្យ និងមានសម្បុរស្បែក រូបរាងកាយស្រលនស្អាត មួយវិញទៀត បងជាមនុស្សរួសរាយ និងជាមនុស្សត្រង់ (ត្រង់យកតែមែនទែន) ។ បងតស៊ូយ៉ាងលំបាកក្នុងជីវិតរួចមកហើយ រហូតបានឆក់យកតំណែងជា Idol ក្នុងបេះដូង Fans រួមទាំងប្អូនម្នាក់ផង ក៏ជាហ្វេនរបស់បងដែរ។ ប្អូនមិនបានដឹងពីរឿងរ៉ាវជីវិតគូបងលម្អិតទេ តែយើងស្គាល់គ្នាយូរឆ្នាំមែនទែន ប្អូនស្គាល់បងស្រី មុនស្គាល់បងដា តែតាំងពីឃើញបងទាំងពីរ ជាគូត្រសង ផ្អែមល្ហែម គិតគូរគ្នា ប្អូនស្រលាញ់គូបងណាស់។ ចាប់ចំណុចបងថា «បងស្រីមានសម្ពាធ បងដើរដល់ផ្លូវពិបាក..ទាល់..ស្ទើរចង់ស្លាប់…សូម្បីតែបងដា ជាប្តីក៏ជួយរំលែកមិនបាន..» ពួកយើងមិនដឹងថា បងមានបញ្ហាអ្វី បានដល់ថ្នាក់ហ្នឹង??? រហូតដល់បងបានជួប(…)

តែបងដឹងទេ បងមានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ ភាពជោគជ័យ ទ្រព្យសម្បត្តិ.. ម្តាយ បងប្អូន (រួមទាំងប្តី) និងមនុស្សរាប់លាននាក់ ស្រលាញ់បង ពួកយើងមិនបានហាមសេចក្តីសុខផ្លូវចិត្តបងទេ តែពួកយើងបារម្ភពីបង។ បងស្រី រឿងខ្លះនៅកៀកពេក ពិបាកមើលឃើញ តែបើសាកថយឲ្យឆ្ងាយ ១ឬ២ជំហ៊ាន បងស្រីអាចមើលឃើញស្រលះជាងនេះ។ ចង់ឃើញបងស្រីរឹងមាំផ្លូវចិត្តជាងនេះ កុំជឿលើជំនឿអរូបីខ្លាំង រហូតភ្លេចអ្វីដែលបងធ្លាប់ខ្លាំងដោយខ្លួនឯងពីមុន បងមានអ្វីៗពិសេសនិងល្អជាងលោកគ្រូដែលណែនាំបងទៅទៀត។ ដោយក្តីស្រឡាញ់ អាណិតបងស្រី ចង់ឲ្យបងត្រលប់មកមានជំនឿ Confident ចំពោះខ្លួនឯង ជាជាងជឿលើផ្លូវផ្សេងកាន់តែជ្រៅ។  Natural already gave you all the Amazing things, Believe in yourself, your ability then others, Love you Bong»។

-តារាចម្រៀង កែវ ចន្ទសម្ផស្ស បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង នៅ ជាមួយការស៊ែរសំណេររបស់កញ្ញាសុខ សីឡាលីន ខាងលើ ភ្ជាប់ជាមួយសំណេរខ្លី នៅថ្ងៃដដែលនោះថា «និយាយដូចអ្វីដែលបងចង់និយាយ»។

-តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា «សម្លាញ់ Meas Soksophea គ្នាបានឃើញព័ត៌មានហើយនឹងពួកម៉ាក Live  គ្នាបានត្រឹមតែសូមជូនពរឲ្យសម្លាញ់ ចាកឆ្ងាយពីរឿងអាក្រក់ៗទាំងអស់ ហើយរឿងល្អៗ ត្រឡប់មករកសំម្លាញ់វិញ ហើយសូមឲ្យទេវតាឆ្នាំថ្មី តាមថែរក្សា ឃុំគ្រងឲ្យសម្លាញ់មានសុខភាពល្អ ជួបតែមនុស្សល្អៗ នឹងមានក្តីសុខសុខសប្បាយ រឿងរ៉ាវគ្រប់យ៉ាង ឆាប់វិលមកល្អប្រសើរឡើងវិញណាមិត្ត !  ហើយពួកយើងនឹងនៅចាំផ្តល់កម្លាំងចិត្តឲ្យសម្លាញ់រហូតណាមិត្ត! we love you na friend»។

-តារាចម្រៀង ញឹម ច័ន្ទថន បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា «មហាមិត្ត ២០ឆ្នាំជាង ភា ជាមនុស្សស្លូតត្រង់ ល្អចេះស្រលាញ់មិត្តភក្តិ បងប្អូន និងអ្នកជុំវិញខ្លួន ខ្ញុំឃើញមិត្តមានក្ដីសុខ ខ្ញុំសប្បាយចិត្តណាស់ បងដា ក៏ល្អខ្ញុំស្គាល់បងដា តាមភា យូរហើយ ចាប់ផ្ដើមស្នេហាដំបូង ពិតជាប្ដីប្រពន្ធល្អ ជាគំរូ សូមឲ្យស្រលាញ់គ្នារហូត មិនចង់ឮពាក្យថាបែក សុទ្ធតែមនុស្សល្អៗ»។

-តារាសម្តែង នៅសុនិតា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃដដែលនោះថា «ពាក្យថា idol ខ្ញុំកម្រនឹងនិយាយលើបុគ្គលណាម្នាក់ណាស់ តែខ្ញុំហ៊ាននិយាយពាក្យ idol សម្រាប់គាត់ ព្រោះខ្ញុំមិនមែនទើបតែស្រលាញ់គាត់ទេ ខ្ញុំជា real fan ជាង ១៥ឆ្នាំហើយ។ ក្នុងនាមខ្ញុំជាអ្នកគាំទ្របងរហូតមក ខ្ញុំសូមលើកទឹកចិត្តបង ឲ្យបងធ្វើការសម្រេចចិត្តម្តងទៀត បើបងហត់ បងសម្រាកសិន ដើម្បីឲ្យផ្លូវចិត្តបងធូរស្រាល ដើរលេង នៅក្បែរមនុស្សលើកទឹកចិត្ត ផ្សារភ្ជាប់ទៅជាមួយធម្មជាតិ បើបងគិតអ្វីមួយខុស បងអាចដើរថយក្រោយមួយជំ ហាន បិទភ្នែក ដកដង្ហើមធំចោលមួយ និងជ្រើសរើសម្តងទៀត ដោយសតិបញ្ញាវាងវៃរបស់បង ខ្ញុំជឿជាក់ថា បងនឹងធ្វើបាន ព្រោះបងជាមនុស្សពូកែ និងតែងតែលើកទឹកចិត្តមនុស្សជុំវិញខ្លួន love u my idol»។

-តារាចម្រៀង មាស សាលី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថា «ក្នុងអាជីពសិល្បៈ ជាង ២០ឆ្នាំ របស់ខ្ញុំ ខ្ញុំហ៊ាននិយាយថា មាស សុខសោភា គឺជាតារាចម្រៀងស្រីម្នាក់ ដែលខ្ញុំកោតសរសើរ ឲ្យតម្លៃ និងគោរពស្រលាញ់ជាងគេបំផុត។ គាត់មានអត្តចរិត ចរិយាសម្បត្តិល្អប្រពៃ ចេះឲ្យតម្លៃមនុស្សជុំវិញខ្លួន មានការយោគយល់ខ្ពស់ និងងាយស្រួលទំនាក់ទំនងការងារជាងគេ។ ចំណែកស្វាមីរបស់គាត់វិញ ក៏ជាមនុស្សល្អ ស្លូតបូត គួរឲ្យគោរពស្រលាញ់ផងដែរ។ រឿងរ៉ាវផ្ទៃក្នុង ក្នុងជីវិតគាត់យ៉ាងណា យើងក៏មិនដឹង គ្រាន់តែសង្ឃឹមថា ពួកគាត់នឹងមានដំណោះស្រាយរាល់ការខ្វែងគំនិតគ្នា ឆ្ពោះទៅរកក្តីស្ងប់ក្នុងចិត្តរៀងៗខ្លួនឆាប់ៗនេះ»។

-តារាស្រីពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរខ្លី នៅថ្ងៃដដែលនោះថា «ឈប់ស្មុគស្មាញ»។

-តារាសម្តែង សាន សុម៉ាលី បានបង្ហោះរូបភាពជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរខ្លី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថា «ពេញបេះដូង សង្ឃឹមថា អ្វីនឹងល្អមកវិញ»។

-តារាចម្រៀន សេន រ៉ានុត បានបង្ហោះរូបភាពរបស់ខ្លួន ជាមួយមាស សុខសោភា ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរខ្លី នៅថ្ងៃដដែលនោះថា «សេចក្តីសុខសំខាន់ !  បើយើងមិនចេះរកសេចក្តីសុខឲ្យខ្លួនឯង គ្មាននរណារកឲ្យយើងនោះទេ»។

-តារាចម្រៀង សុគន្ធ និសា បានបង្ហោះរូបភាពជាមួយមាស សុខ សោភា ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរខ្លីថា «លើលោកនេះ មានរឿងដែលមិនអាចនិយាយចេញមកច្រើនណាស់ love you Phea ស្រឡាញ់ខ្លួនឯងឲ្យច្រើន»។

-តារាសម្តែង និងជាពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពជាមួយមាស សុខ សោភា ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃដដែលនោះ ជាមួយសំណេរថា «នៅតែជាមិត្ត ជាបងប្អូន ពេលខ្លះយើងមិនអាចដឹងពីបញ្ហារបស់គាត់ទាំងស្រុងទេ គ្រាន់តែសង្ឃឹមថា ពួកគាត់អាចរកដំណោះស្រាយរួមណាមួយ ឲ្យបានល្អប្រសើរ គ្រប់គ្នានៅតែស្រលាញ់ Meas Soksophea»។

-លោកមាស សុខរតនៈ បានឆ្លើយតបទៅការខម្មិនរបស់បុរសម្នាក់ថា «ក្តីសុខរបស់មនុស្សម្នាក់ៗ មិនអាចកំណត់ដោយភ្នែករបស់យើងបាននោះទេអូនអើយ យើងមើលឃើញថា វាមិនត្រូវមិនល្អ មិនសម តែពេលនេះ គ្នាកំពុងតែមានក្តីសុខក្នុងរូបភាពបែបនេះ ចឹងយើងត្រូវតែទទួលវាសិន ប្រសើរជាងបាត់បង់ប្អូនយើង ដោយគ្មានថ្ងៃត្រលប់។ បងសុខចិត្តមើលថែប្អូនឆ្កួត ទៅថ្ងៃមុខ ប្រសើរជាងបងបានត្រឹមតែឈរមើលរូបថតប្អូនបង នេះជាអារម្មណ៍ពិតរបស់បង»។

-អ្នកនិពន្ធ ច័ន្ទ ម៉ូលីកា បានបង្ហោះរូបភាពជាមួយមាស សុខ សោភា ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា « [មិត្តជិត20ឆ្នាំ] [….]

● ពេលខ្លះជម្រៅចិត្តមនុស្ស និងស្រទាប់នៃបញ្ហា វាពិតជាពិបាកពិព័ណ៌នាណាស់ មិនមែនមួយថ្ងៃ ពីរថ្ងៃ និទានសាច់រឿងអស់ទេ !

● គ្រប់ការនិយាយចេញ ឬការផ្សាយចេញអំពីកំណកគំនរបញ្ហាដែលកកស្ទះ គរកប់ទុកយូរនៅក្នុងផ្ទៃនៃល្អាង ចិត្តដ៏ល្វឹងល្វើយ មនុស្សទាំងឡាយ មិនថាតួអង្គណា ឬបុគ្គលណាពិតណាស់ មិនអាចនិយាយទៅឲ្យគេយល់ពីយើងបានឡើយ !!!

● គេឃើញ ដឹងនិងស្តាប់យើង ត្រឹមជ្រុងតូចមួយនៃបញ្ហាដែលយើងបានជួប តែគេបែរជាវិភាគ និងដាក់ពិន្ទុដូចគេដឹងរឿងយើងលម្អិតទាំងសងខាង តាំងពីដើមដល់ចប់ !!

● ជំនឿត្រូវឬខុស លើអ្នកជ្រើស !!! កម្មផល គេអ្នកជួប គេអ្នករែកពុន ! សំខាន់មុនឈានទៅដល់ជំនឿស្លប់ស្លុង ផ្តើមមកពីអ្វី? តើពួកគេមានរឿងអ្វី ? ហេតុអ្វីស្មារតីស្រ្តីម្នាក់នេះ ឆាប់ទន់ទោរម្ល៉េះ ?  តើថាមពលចិត្តរបស់មនុស្សមានសតិគ្រប់គ្រាន់ ពិតជាងាយលង់ឡឺយ ងប់ងុលបែបហ្នឹងណាស់មែនទេ? អាចទេ មានហេតុទើបទាញឲ្យឃើញផលបែបនេះ? [….]

●យើងមិនមែនជាទេវតា ឬព្រះឥន្រ្ទដែលមានកញ្ចក់ទិព្វ ឆ្លុះរឿងពិតនៃពួកគាត់ឃើញទេ ហេតុអីយើងហ៊ានវាយតម្លៃ ត្មះដៀលច្បាស់ៗចំៗម្ល៉េះ ? តើគ្រប់គ្នាមានដឹងទេថា [សម្តី] គ្រប់គ្នា និងទស្សនៈអ្នកគ្រប់គ្នា អាចជាគ្រូពេទ្យ ហើយក៏អាចក្លាយជាអាវុធឬជាឃាតករសម្លាប់នរណាម្នាក់ដោយងាយ ស្របពេលដែលផ្លូវចិត្តម្នាក់នោះ កំពុងមានបញ្ហាចុះខ្សោយ បាក់ កំពុងឯកា កំពុងត្រូវការអ្នកលួងលោម លើកកម្លាំងចិត្ត បែរជាជួបភាសាត្មះដៀលដ៏លើសលប់ដើមទៅវិញ?

●អ្នកគ្រប់គ្នាធ្លាប់ទេថា ខ្លូនកំពុងមានបញ្ហា និទានរឿងប្រាប់គេឲ្យធូរទ្រូង គិតថាមានអ្នកទទូលស្តាប់ តែបែរជាគេយករឿងយើង ធ្វើជាចំណុចខ្សោយរបស់យើងទៅវិញ ខ្លះជាន់ថែម ខ្លះសម្តែងអាណិត ខ្លះលួចសើច ខ្លះលួចនិន្ទា … ហេហេ ហេតុនេះទើបសង្គមទំនើបនេះ ធ្វើឲ្យមនុស្សឯកោ និងគួរឲ្យខ្លាចពេកណាស់ !!!

●ស្នេហា ជាមនោសញ្ចេតនាចំហ (ហា) មិនខ្ជឹបទេ ម្ល៉ោះហើយឲ្យតែមានបញ្ហាគូហែកហួរ គឺត្រូវតែខ្ទរខ្ទារ !!! ស្នេហាជាមនោសញ្ចេតនាមួយ ពោរពេញដោយភាពផុយស្រួស និងគ្រោះថ្នាក់បំផុត ក្នុងបរិបទសង្គមឌីជីថលទំនើបនេះ !!!

●តើអ្នកសិល្បៈ ជួបការឈឺចាប់ពិតក្នុងជីវិត  យើងត្រូវឈ្នានីស និន្ទាគ្នា ទុកគ្នាជាជនក្រៅសង្គមមែនទេ? ហើយអ្នកសិល្បៈដូចគ្នា គួរមានតួនាទីបែបបណា ដើម្បីវេចខ្ចប់បញ្ហាគ្នាយើង និងធ្វើឲ្យសង្គមមួយនេះ ទទួលស្គាល់ពួកយើងថា ពួកយើងជាមនុស្សជាតិ មានសាច់មានឈាម មានបេះដូង មានកិត្តិយស មានគុណតម្លៃដូចគ្នា ទោះអ្នកមានឋានៈ ស័ក្តិយស ការងារជាអ្វីក៏ដោយ !!!

●តើអ្នកសិល្បៈ គឺជាមនុស្សសម្តែង ឬអ្នកសិល្បៈ ការងារគាត់គឺជាអ្នកមានចំណេះជំនាញ និងទេពកោសល្យជាអ្នកសម្តែង !!

បើអ្នកយលពីនិយមន័យនេះកម្រិតណា? អ្នកយល់ថា ពួកគាត់គឺជាប្រជាជនដែលមានវិជ្ជាជីវៈចំណេះជំនាញដូចមនុស្សទូទៅដែរឬទេ??? ល្មមឈប់បូក ឈប់ឡាំសាំជីវិតពិត និងនិងមុខរបររបស់ពួកគាត់ ចូលគ្នាទៀតទៅ!!!

●អ្នកមិនទាន់ចូលសិល្បៈ គិតថាសិល្បៈអស្ចារ្យ និងរីករាយ សប្បាយៗសម្បើមណាស់ តែតាមការពិត ក្លាយជាអ្នកសិល្បៈ គឺជាមនុស្សឯកាបំផុត សន្សំទេពកោសល្យ ផលិតមនោសញ្ចេនាទៅលក់ឲ្យគេទស្សនា តែខ្លួនឯងឯការកទីបំផុតគ្មាន!!! តើអ្នកណាជួបខ្លះ??? ដូចគាត់ តើប៉ុន្មាននាក់យល់ថា គាត់មានបញ្ហាអ្វីនៅពីក្រោយភាពស្រស់ស្អាតរបស់គាត់ ??? តើប៉ុន្មាននាក់ យល់ពីគាត់ថា គាត់កុហកយើងថាគាត់រឹងមាំ??? តើមានមនុស្សប៉ុន្មាននាក់ យល់ថានាងកំពុងត្រូវការដៃអ្នក តោងឡើងគោក ចេញឲ្យផុតពីស្បៃអន្ធកាលនេះ ??? តើនរណា ហើយមានមនុស្សប៉ុន្មាននាក់ មិនដើរចៀសគាត់ នៅពេលវេលាដ៏លំបាកមួយនេះ ? ហេតុអីសង្គមនេះឃើញលិចលង់ សប្បាយអរ ជាន់ថែម ??? […]

●សង្គមទំនើប សង្គមឌីជីថល រីកដុះដាល តើនរណាអ្នកបង្កើតមាតិកានេះ ផុសសាច់រឿងដំបូងគេ ? តើទាំងអស់នេះ ពិតជាកើតឡើងដោយគ្មានគម្រោងមែនទេ??? តើស្អែកនឹងចេញអ្វីបន្តពីរឿងគាត់? តើរឿងនេះ អូសបន្លាយរយៈពេលណា? តើហេតុអ្វីរឿងគាត់ តាំងពីចាប់ផ្តើមជីវិតគូ ចេញពីការបែកធ្លាយ? ហេតុអ្វីការចាកចេញដោយការរស់នៅមិនចុះសម្រុងគ្នា បែរជាមិនព្រមបញ្ចប់ដោយស្ងប់ស្ងាត់? តើការឈឺចាប់របស់មនុស្សម្នាក់ៗ ពិតជាចាំបាច់បង្តើតមាតិកាឲ្យមនុស្សម្នាក់ទៀតអស់តម្លៃ ខូចកិត្តិយល អស់គ្រប់យ៉ាង ទើបយើងសប្បាយចិត្តមែនទេ ??? [..]

● លុយ? វាជាអ្វីឲ្យពិតប្រាកដ ? បើជាញើសឈាមគាត់ គាត់យកទៅទិញអ្វីដែលជាសេចក្តីសុខរបស់គាត់ សមតែបាន? ហើយបើគាត់អស់លុយ គាត់នឹងប្រឹងរកទៀតហើយ បើគាត់ជួបការខកចិត្តនោះ គាត់នឹងចេះរើបម្រះ ប្រឹងរស់រានឡើងវិញជាក់ជាពុំខាន !!! សាមញ្ញ ងាយៗ អ្វីគ្រប់យ៉ាងដែលទិញបានដោយលុយ ពិភពលោកនេះពិតជាងាយបង្វិលណាស់ ! ខ្លាចតែលុយទិញមិនបាន ទើបធ្វើឲ្យជីវិតងងឹត គ្មានថ្ងៃភ្លឺ!!!

●អ្នកគាំទ្រដ៏ស្មោះត្រង់ គួរចែកឲ្យដាច់ រវាងសំឡេងនិងរឿងផ្ទាល់ខ្លួន សាមញ្ញទេ គាត់ធ្លាប់ច្រៀងបទ “ឧត្តមស្វាមី” ហេតុអ្វីពេលនេះច្រៀងបទ “ហត់នឿយ” មិនបាន ?  តែសង្គមនេះ គុណសម្បត្តិរយលាន ខ្យល់បក់តែ១យាម ក៏រលុបគ្មានសល់ !!!

●ឮគេថាបុរសស្រុកគេ គោរពសិទ្ធិស្រ្តី  តើការឈឺចាប់ពន់ពេកក្រៃជ្រាលជ្រៅប៉ុនណា ទើបចាំបាច់ហែកសំពត់ដែលខ្លួនធ្លាប់ដណ្តប់ឲ្យរហែកគ្មានសេសសល់បែបនេះ?  តើទង្វើនេះ ពិតជាចាំបាច់មែនឬ ដែលត្រូវទាមទារការឈ្នះចាញ់រហូតទទួលបានពាន? តើសាច់រឿងនេះ នរណាអ្នកចំណេញឲ្យពិតប្រាកដ???

បើនារីដែលមានកេរ្តិ៍ឈ្មោះម្នាក់នោះ ធ្វើទង្វើរផ្តេសផ្តាស ពិតណាស់ គេនឹងដឹងមិនយូរមិនឆាប់ ម៉េចចាំបាច់អីយើងត្រូវហែកហួរគ្នា បើគាត់ជាមនុស្សសាធារណៈ ងាយល្បី ហើយក៏ងាយណាស់នឹងប្រឡាក់ ? ហេហេ អ្នកក៏ដឹងថា ចំណុចខ្សោយ និងចំណុចខ្លាំងរបស់នាង គឺជាបុគ្គលល្បីឈ្មោះ !!! ងាយប៉ះ ងាយប្រឡាក់ ងាយស្រូលលាបពណ៌ ងាយឆាប់ប្រញាប់ចេញបកស្រាយ ហើយបន្ទាប់ពីនាងបកស្រាយ (សតិខ្វះថាមពល) យើងក៏បន្តវ៉ៃនាង ឲ្យមហាជន កាត់ទោសនាងឲ្យស្លាប់កិត្តិយសកេរ្តិ៍ឈ្មោះ ក្នុង 24h នេះតែម្តង!!!  ហេហេ តើអ្វីជាក្តីបំណងពិត???

● ហេហេ ស្នេហាប្រុសស្រី ប្រៀបដូចភពពីរផ្សេងគ្នា ពេលជួបប្រសព្វ ក៏ល្អូកល្អិនរកទីបំផុតគ្មាន តែពេលដើរខុសគន្លង ក៏ឆ្ងាយគ្នារាប់ម៉ឺនសែនយោជន៍ ដូចសមុទ្រនិងទន្លេ គ្មានពេលជួបគ្នាទេ !

ហ៊ឹមមម! ពិចារណាទាំងអស់គ្នា យកជាគតិ ល្អក៏យក អាក្រក់ក៏ចោល កុំស្ពាយកំហឹង កុំរំពឹងការឈ្នះចាញ់ អស់ស្រឡាញ់ គឺបែក ចែកឋាន ចែកភព ឈប់នឹកនា ដកឃ្លាជីវិត គិតកម្មនិងផល គឺគ្រប់គ្រាន់  គ្មានអ្នកអមតៈទេ !!!

ទស្សនៈនៃជ្រុង១ ដោយ ៖ ច័ន្ទ មល្លិកា»… ៕

RELATED ARTICLES