Saturday, May 10, 2025
Homeសង្គម និងជីវិតពលរដ្ឋរស់នៅអគារចាស់៧៥ឆ្នាំ ក្រសួងចំដែនដី ដាក់ឱសានវាទ១៥ថ្ងៃ រើចេញ

ពលរដ្ឋរស់នៅអគារចាស់៧៥ឆ្នាំ ក្រសួងចំដែនដី ដាក់ឱសានវាទ១៥ថ្ងៃ រើចេញ

ភ្នំពេញ ៖  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលកំពុងស្នាក់នៅក្នុងអគារសហកម្មសិទ្ធិ ដែលមានអាយុកាលជាង៧៥ឆ្នាំ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌ៧មករា ឱ្យបញ្ឈប់ការរស់នៅនិងប្រកប អាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល១៥ថ្ងៃ ខណៈដែលសំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង អាចប្រឈមមុខនឹងការបាក់រលំជាយថាហេតុ បង្កគ្រោះថ្នាក់ដល់ជីវិត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (ដ.ន.ស) ចុះថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុប ចំនួន៦៥គ្រួសារ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន៦១គ្រួសារ ស្មើនឹង៩៤ភាគរយ បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ ក្រសួង ដ.ន.ស ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព ។

ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពឹសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួង ដ.ន.ស  បានពិនិត្យឃើញថា សំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ ផ្នែកតាមច្បាប់ស្តីពីសំណង់ ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជីវិត ការបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម ៖

១-សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្ម ជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស នឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន៤គ្រួសារ។

២-រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុមព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

៣-ក្រសួង ដ.ន.ស នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន៤គ្រួសារខាងលើ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES