Saturday, May 10, 2025
Homeព័ត៌មានជាតិបុណ្យវិសាខបូជា ឆ្នាំ២០២៥ បន្ធូរបន្ថយទោសទណ្ឌិត ២៩៦នាក់

បុណ្យវិសាខបូជា ឆ្នាំ២០២៥ បន្ធូរបន្ថយទោសទណ្ឌិត ២៩៦នាក់

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ នេះ មានទណ្ឌិតចំនួន ២៩៦នាក់ ក្នុងនោះ ស្រី២៨នាក់ ត្រូវបានបន្ធូរបន្ថយទោស ។

បើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថាការបន្ធូរបន្ថយទោសនេះ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន ២៩៦នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ។

លោកគឹម សន្តិភាព បន្តថាក្នុងចំណោមទណ្ឌិតទាំង ២៩៦នាក់នេះ ត្រូវបានបន្ធូរបន្ថយទោស៣ខែ សម្រាប់ទណ្ឌិត ចំនួន២០៧នាក់, បន្ធូរបន្ថយទោស ៦ខែ ចំនួន៧០នាក់, បន្ធូរបន្ថយទោស ៩ខែ ចំនួន១៧នាក់ និងបន្ធូរបន្ថយទោស ១២ខែ ចំនួន២នាក់។

លោកគឹម សន្តិភាព បញ្ជាក់ថា គណៈកម្មការជាតិនៃការបន្ធូរបន្ថយទោស ក៏បានសម្រេចដាក់បញ្ចូលទណ្ឌិត ចំនួន ៤នាក់ ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធ នាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ៦ឆ្នាំ និង១០ឆ្នាំ។

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បញ្ជាក់ថា គណៈកម្មការថ្នាក់ជាតិ ក៏ពុំបានលើកយកមកពិនិត្យពិចារណាឡើយ ចំពោះសំណើទាំងឡាយទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសទូទៅ ដូចជា ៖ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល,  ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬ សហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដង លើសពី១ភាគ៣ នៃរយៈពេលផ្តន្ទាទោស។ ក្នុងនោះក៏មានបទល្មើសរំលោភផ្លូវភេទលើជន រងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ ឬមានផ្ទៃពោះ, ជនរង គ្រោះជាសាច់សាលោហិត, ករណីរំលោភបូក និងករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត ។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា ឆ្នាំ២០២៥ នេះ គឺត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ពុទ្ធសការជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ៕ ខៀវទុំ

RELATED ARTICLES