Saturday, May 10, 2025
Homeព័ត៌មានសិល្បៈទិញថ្នាំញៀន២ពាន់ដុល្លារ មកលក់ ជា.../ប់ខ្នោះ

ទិញថ្នាំញៀន២ពាន់ដុល្លារ មកលក់ ជា…/ប់ខ្នោះ

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅស្រុកកៀនស្វាយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប ឃាត់ខ្លួន ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤កញ្ចប់ (ធំ៣កញ្ចប់ តូច១កញ្ចប់) ដែលមានតម្លៃប្រមាណ ២ពាន់ដុល្លារ។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ឺ រដ្ឋា ហៅស៊ឺ ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត មានលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់ (ធំ៣ តូច១) ទំងន់១៥០,៧១ក្រាម។ ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ន-៩៨៩៨ ភ១ សម្ភារៈ សម្រាប់វេចខ្ចប់ថ្នាំ ញៀនមួយចំនួន និងទូរស័ព្ទ ១គ្រឿង ម៉ាក Oppo ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយប្រជាការពារ បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំកំពង់ស្វាយ ពេលមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យឈ្មោះស៊ឺ រដ្ឋា ហៅស៊ឺ ធី កំពុងជិះម៉ូតូ ១គ្រឿង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ ហើយធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន៤កញ្ចប់ (ធំ៣កញ្ចប់ តូច១កញ្ចប់) ក្រោយត្រួតពិនិត្យរួច កម្លាំងសមត្ថ កិច្ចបាននាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកប៉ុស្តិ៍កំពង់ស្វាយ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ឺ រដ្ឋា ហៅស៊ឺ ធី បានឆ្លើយសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់ (ធំ៣ តូច១) ដែលសមត្ថកិច្ចរកឃើញ ជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះហ្វី (មិនស្គាល់នាមត្រកូល) ភេទប្រុស មានលំនៅ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តម្លៃ១៧០០ដុល្លារ ដោយវេរលុយតាមវីង ហើយខ្លួនធ្លាប់យកថ្នាំញៀន ពីឈ្មោះហ្វី ចំនួន២០ដងមកហើយ ក្នុងម្តងៗ ៥០០ដុល្លារ ៨៥០ដុល្លារ ទៅ១៧០០ដុល្លារ ដើម្បីយកមកលក់បន្ត៕លុះព្រឹកឡើង នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការ ជាមួយប៉ុស្តិកំពង់ស្វាយបន្តទៅត្រួតពិនិត្យនៅផ្ទះរបស់ឈ្មោះស៊ឺ រដ្ឋា ហៅស៊ឺ ធី បន្ថែមទៀតតែរកពុំឃើញអ្វីទេ។

ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES