
ខេត្តកំពង់ស្ពឺ ៖ ទារិកាដែលមានជំងឺទឹកដក់ក្នុងខួរក្បាល ធ្វើឲ្យក្បាលរីកធំចម្លែក ដូចមនុស្សក្រៅភពនោះ ពេលនេះត្រូវបានស្ត្រីជាម្តាយ ឲ្យដឹងថា បានស្លាប់ហើយ និងត្រូវបាននាងនិងប្ដី យកកូនទៅបញ្ចុះ (កប់) នៅឯស្រុកកំណើត តែនាងមិនបានធ្វើបុណ្យអ្វីទេ ដោយសារគ្មានលុយ សូម្បីបុណ្យ៧ថ្ងៃ ដែលនឹងត្រូវធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ ក៏នាងគ្មានលទ្ធភាពធ្វើបានធំដុំដែរ ព្រោះតែជីវភាពកំពុងខ្វះខាត។

កូនតូចដែលមានជំងឺក្បាលធំចម្លែក ធ្វើឲ្យមានរូបរាងដូចមនុស្សក្រៅភពនោះ មានឈ្មោះលៀង ស្រីហ៊ីម (ភេទស្រី) អាយុ១១ខែ ជាកូនទី២ ក្នុងចំណោមបងប្អូន២នាក់ ដែលកូនប្រុសទី១ មានឈ្មោះសុខហ៊ុយ អាយុ៤ឆ្នាំ ។ មានម្ដាយឈ្មោះអឿន ស្រីដា អាយុ២៥ឆ្នាំ ជាអតីតកម្មការិនីរោងចក្រ និងឪពុកឈ្មោះលៀង ឡៃហៀង ជាកម្មករសំណង់ ។ គ្រួសារនេះ រស់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

យោងតាមស្រី្តជាម្ដាយ បានប្រាប់ “នគរធំ” កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ថា ពេលកូននេះនៅក្នុងផ្ទៃ គ្រប់ខែ នាងបានមកសម្រាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ។ កួននេះកើតមកបានទម្ងន់តែ ៩ខាំ (ជិត១គីឡូក្រាម) ពេទ្យយកទៅចិញ្ចឹមក្នុងកែវ ដាក់អុកស៊ីសែន ក្រោមការតាមដានពីគ្រូពេទ្យ អស់រយៈពេល៣ខែ លុះយកកូនមកផ្ទះ ក្បាលកូនក៏ចាប់ផ្ដើមរីកធំមន្តិចម្តងៗ ។ ពេលយកទៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ គ្រូពេទ្យប្រាប់ថា កូនតូចនេះមានជំងឺទឹកដក់ក្នុងខួរក្បាល និងពោះវៀនស្អិត។ បន្ទាប់មក គ្រូពេទ្យ បានធ្វើការវះកាត់លើកទី១ រួចហើយ ដោយដាក់ទុយោចូលក្នុងពោះ អត់ទាន់ដកចេញនៅឡើយ ។ រហូតពេលនេះ នាងបានសុំគ្រូពេទ្យវះកាត់ម្ដងទៀត តែពេទ្យថា មិនអាចវះកើតទេ ដោយសារតែក្បាលធំជ្រុល ហើយក្បាល អត់មានលលាដ៍ទេ សុទ្ធតែទឹក វះក៏អត់ជាដែរ ។ ពេទ្យប្រាប់ថា ឲ្យនាងធ្វើចិត្តទៅ កូននេះគ្មានសង្ឃឹមរស់ទេ ធ្វើឲ្យនាងមានការរន្ធត់ក្នុងចិត្តជាខ្លាំង ។ ប៉ុន្តែនាងមិនអស់សង្ឃឹមមួយរយភាគរយទេ នៅតែមានសង្ឃឹមខ្លះដែរថា កូនរបស់នាង អាចនឹងបានជាសះស្បើយ ឬធូរស្រាលពីជំងឺ នៅថ្ងៃណាមួយ ទើបនាងនៅតែយកកូនមកពេទ្យ ហើយគ្រូពេទ្យក៏ពិនិត្យឃើញអាការជាច្រើន ដូចជា ក្អួតច្រើន ក្អក ឈឺបំពង់ក ហើមពោះ រាក ។

ស្រ្តីជាម្ដាយ បានបញ្ជាក់ថា ក្នុង១ខែ នាងនាំកូននេះ ទៅពេទ្យ ២ដង និងទៅពីរពេទ្យ គឺមន្ទីរពេទ្យរុស្ស៊ី មួយ និងមន្ទីរពេទ្យគន្ធបុប្ផា មួយ តែទៅម្ដង ជួនកាលសម្រាកនៅពេទ្យ ១សប្ដាហ៍ ទៅ១០ថ្ងៃ អត់បានមកផ្ទះភ្លាមទេ ។ ស្រ្ដីជាម្ដាយ បន្តថា នាងអាណិតកូនណាស់ ហើយមានអ្នកខ្លះបានបន្ទោសនាងថា ម៉េចបានជាទុកកូនឲ្យដល់ក្បាលធំថ្នាក់នេះ? ប៉ុន្តែនាងបានឆ្លើយប្រាប់ថា តាំងពីមុនសម្រាល និងសម្រាលហើយ អស់រយៈពេលជិត ១ឆ្នាំមកនេះ នាងបានយកកូននេះមកពេទ្យ ជាប់ជាប្រចាំ ហើយកាលកូននៅក្នុងពោះ នាងបានឆ្លុះអេកូដែរ តែមើលមិនឃើញមានអាការអីខុសប្រក្រតីទេ ទាល់តែកូនកើតមក ទើបកូនមានទឹកដក់ក្នុងខួរក្បាល ហើយ១ខែ រីក៦លេខ ។ នាងថា ទោះបីត្រូវអស់លុយយ៉ាងណាក៏ដោយ ក៏នាងត្រូវរកលុយយកកូននេះ មកពេទ្យដែរ គឺនាងនឹងខំព្យាបាលកូន រហូតលុះក្ស័យ ដោយមិនអាចបោះបង់ចោលបានទេ ។

ទោះបីជាយ៉ាងណា ក្នុងបទសម្ភាសជាថ្មី ជាមួយ ”នគរធំ” នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្រ្តីជាម្ដាយខាងលើ បានបញ្ជាក់ទាំងអួលដើមកថា កូនរបស់នាង បានស្លាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្រោយការស្លាប់ នាងនិងប្ដី បានយកកូនទៅបញ្ចុះ (កប់) នៅឯស្រុកកំណើត ដោយមិនបានធ្វើបុណ្យអ្វីទេ ដោយសារតែខ្វះខាតថវិកា ហើយនឹងត្រូវធ្វើបុណ្យ៧ថ្ងៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។ ប៉ុន្តែបុណ្យ៧ថ្ងៃ សពកូននេះ នាងក៏មិនអាចធ្វើធំដុំដែរ ព្រោះតែជីវភាពគ្រួសារនាងកំពុងខ្វះខាត ។

និយាយដល់ចំណុចនេះ ស្រ្តីជាម្ដាយ បានយំខ្សឹកខ្សួល នឹកសង្វេគអាណិតដល់សពកូន ថាពិតជាកម្សត់ខ្លាំងណាស់ កើតមកមានជំងឺ ម្ដាយគ្មានលុយព្យាបាលឲ្យបានគ្រប់គ្រាន់ហើយពេលស្លាប់ទៅ ក៏គ្មានលុយធ្វើបុណ្យឲ្យបានសមរម្យទៀត ។ យ៉ាងណា នាងសង្ឃឹមថា នឹងមានសប្បុរសជន ជួយឧបត្ថម្ភដល់គ្រួសារនាង ដើម្បីឲ្យនាងមានលទ្ធភាពធ្វើបុណ្យ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនតូចកម្សត់នេះ ឲ្យបានទៅកើតក្នុងសគតិភព កុំឲ្យកើតមកអភ័ព្វដូចជាតិនេះទៀត ៕ កុលបុត្រ