Friday, May 9, 2025
Homeព័ត៌មានជាតិសម រង្ស៊ី ថាសម្តេចហ៊ុន សែន មិនឲ្យរ៉ុង ឈុន ឈរបោះឆ្នោត ខ្លាចឈ្នះសម្តេចហ៊ុន ម៉ាណែត

សម រង្ស៊ី ថាសម្តេចហ៊ុន សែន មិនឲ្យរ៉ុង ឈុន ឈរបោះឆ្នោត ខ្លាចឈ្នះសម្តេចហ៊ុន ម៉ាណែត

ភ្នំពេញ  ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលថ្មីៗនេះ បានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ កំពុងរស់និរទេសនៅប្រទេសបារាំង បានលើកឡើងថា សម្ដេចហ៊ុន សែន ខ្លាចអ្នកនយោបាយទាំងឡាយណាដែលមានប្រជាប្រិយភាព អាចយកឈ្នះសម្ដេចហ៊ុន ម៉ាណែត នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៨ ទើបមិនឲ្យលោករ៉ុង ឈុន មានសិទ្ធិធ្វើនយោបាយ ឈរឈ្មោះបោះឆ្នោត ។ ប៉ុន្តែការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ ត្រូវបានលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មថា ការដែលតុលាការកាត់ទោសលោករ៉ុង ឈុន ពីបទមិនរាងចាលនោះ មិនមានពាក់ព័ន្ធអ្វីជាមួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នោះទេ ដូច្នេះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់តែជាការលាបពណ៌ ឬជាការព្យាយាមទាញភ្ជាប់ទៅនឹងរឿងនយោបាយតែប៉ុណ្ណោះ ។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា “លោកគ្រូ រ៉ុង ឈុន ត្រូវតុលាការអាយ៉ង សម្រេចដាក់ទោសចំនួន ០៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល ហាមមិនឱ្យឈរឈ្មោះបោះឆ្នោត អស់មួយជីវិត និងដកសិទ្ធិមិនឱ្យបោះឆ្នោត ព្រោះគ្រាន់តែគាត់ទៅឈរតោង ហើយថតជាមួយបង្គោលព្រំដែនខ្មែរ-វៀតណាម។ ហ៊ុន សែន ខ្លាចអ្នកនយោបាយទាំងឡាយណាដែលមានប្រជាប្រិយភាពអាចយកឈ្នះហ៊ុន ម៉ាណែត នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៨។ បើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០២៨ នោះទេ ការបោះឆ្នោតនោះ គ្រាន់តែជាការបោះឆ្នោតលេងសើច  ការបោះឆ្នោតក្លែងក្លាយ និងការបោះឆ្នោតបង្រ្គប់កិច្ចតែប៉ុណ្ណោះ“។

ទោះបីជាយ៉ាងណា ជាប្រតិកម្មតបនឹងការលើកឡើងរបស់លោកសម រង្ស៉ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា ការកាត់ទោសលោករ៉ុង ឈុន ពីសំណាក់តុលាការ ជាការអនុវត្តឆន្ទានុសិទ្ធិរបស់តុលាការ ទៅលើលោករ៉ុង ឈុន ដែលមិនរាងចាលរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលតុលាការ បានកាត់ទោសម្ដងរួចទៅហើយ តែលោករ៉ុង ឈុន នៅតែផ្គើនតុលាការ ធ្វើឲ្យតុលាការ ចាំបាច់ត្រូវអនុវត្តនីតិវិធីលើការផ្គើន ឬបទមិនរាងចាលនេះ ដោយមិនមានពាក់ព័ន្ធអ្វីជាមួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នោះទេ ។ ដូច្នេះការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី គ្រាន់តែជាការលាបពណ៌ ឬជាការព្យាយាមទាញភ្ជាប់ទៅនឹងរឿងនយោបាយតែប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ យើងដឹងហើយ ករណីលោករ៉ុង ឈុន នេះ គឺផ្អែកទៅលើទង្វើនិងសកម្មភាពរបស់លោកខ្លួនឯងទេ ។ តុលាការ កាត់ទោសទៅតាមសាច់រឿងដែលលោករ៉ុង ឈុន បានធ្វើ ហើយកន្លងទៅនេះ មានការកាត់ម្ដងហើយ ក៏ប៉ុន្តែពេលដែលឲ្យលោករ៉ុង ឈុន មានសេរីភាពធម្មតា ក៏វាមានលក្ខខណ្ឌពីតុលាការ មិនឲ្យគាត់ធ្វើអ៊ីចេះ ធ្វើអ៊ីចុះ ក៏ប៉ុន្តែគាត់នៅរំលោភ ។ អាហ្នឹងករណីហ្នឹង មិនខុសអីដូចជានាងឈឹម ស៊ីថរ ដែលមានបម្រាមតុលាការ មិនឲ្យចេញក្រៅប្រទេស ស្រាប់តែគាត់ចេញ ។ អាហ្នឹងសួរថា អ្នកណាខុស អ្នកណាត្រូវ? បម្រាមតុលាការ មានហើយ ទទួលស្គាល់ ស៊ីញ៉េទទួលហើយ ក៏ប៉ុន្តែខ្លួនឯងរំលោភបទបញ្ជា បទប្បញ្ញត្តិរបស់តុលាការ បែរទៅទិញសំបុត្រកប៉ាល់ហោះ ជិះទៅអូស្រ្តាលី អាហ្នឹងវាអ៊ីចឹង ។ ឯលោករ៉ុង ឈុន ហ្នឹង គឺកាត់ទោសគាត់ហ្នឹង ដោយសារមិនរាងចាល ។ បទមិនរាងចាលនេះ បានសេចក្ដីថា គាត់ផ្គើនទៅលើច្បាប់ ផ្គើនទៅលើទង្វើរបស់ខ្លួនឯង ដែលប្រព្រឹត្តខុសហើយ ហើយតុលាការ បានកាត់ទោសរួចហើយ ។ អ៊ីចឹងទេ អាហ្នឹងសួរថា ដើមហេតុមកពីណា? មិនមែនចេញពីតុលាការ មិនមែនចេញពីខាងណា អ្នកណានយោបាយណាទេ វាមកពីទង្វើរបស់ខ្លួន ដែលប្រព្រឹត្តផ្ទុយអំពីបម្រាមរបស់តុលាការហ្នឹងឯង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាគ្មានអីគួរពិបាកយល់ ពិបាកនឹងពន្យល់ទេ ។ ទណ្ឌិត សម រង្ស៊ី ហ្នឹងក៏អ៊ីចឹងដែរ ដែលតុលាការ កាត់ទោសគាត់ គាត់ថា មកពីសម្ដេចហ៊ុន សែន ខ្លាចគាត់ ក៏ប៉ុន្តែអាអ្នកហ៊ាននោះ វានៅស្រុកបារាំង ឯណោះ អ្នកដែលខ្លាចហ្នឹង កំពុងនៅកាន់អំណាចនៅក្នុងប្រទេសឯណេះ អាហ្នឹងប្រជាជន លោកយល់បានហើយ ។ ឥឡូវមកដល់ករណីលោករ៉ុង ឈុន ទៀត គឺថាទណ្ឌិតសម រង្ស៊ី យកបញ្ហាហ្នឹង ទ្រឹស្ដីតែមួយ ថាមកពីសម្ដេចតេជោ ហ៊ុន សែន ខ្លាចរ៉ុង ឈុន ហើយរឿងរ៉ុង ឈុន មានពាក់ព័ន្ធអីជាមួយសម្ដេចនាយក? អត់ទេ ។ អាហ្នឹងអត់មានពាក់ព័ន្ធអីសោះ តែគាត់និយាយអ៊ីចឹង សួរថា តើគាត់ចំណេញទេ បើមហាជន ប្រជាជនគេដឹងរឿងពិតហើយ គេអត់មានជឿទៅលើការនិយាយរបស់គាត់ទេ ។ អ៊ីចឹងបើអត់មានពាក់ព័ន្ធទេ ទៅយករឿងហ្នឹងមកដាក់ ដើម្បីនឹងលាបពណ៌ ធ្វើម៉េចបន្ទាបបន្ថោកកិត្តិយស សេចក្ដីថ្លៃថ្នូររបស់មេដឹកនាំប្រទេស អាហ្នឹងគឺមហាជន ប្រជាជនទូទៅ គេមិនទទួលយកបានទេ ។ ក្នុងន័យនេះ មិនបាច់មកនិយាយថា លោករ៉ុង ឈុន ជាតួអង្គនយោបាយទេ គឺវាគ្មានតួអង្គអីទេ អាហ្នឹងគាត់អ្នកនយោបាយក៏ដោយ មិននយោបាយក៏ដោយ តែប្រព្រឹត្តល្មើសច្បាស់ហើយ តុលាការ គេកាត់ហើយ គេកាត់តាមអង្គហេតុ អង្គច្បាប់ហ្នឹង ។ បើសិនសាច់គាត់អ្នកបង្កើត អាហ្នឹងតុលាការគេកាត់តាមសាច់រឿងដែលគាត់ប្រព្រឹត្តខុសច្បាប់ហ្នឹងឯង ។ អ៊ីចឹងមានចាំបាច់ទៅគាត់ជាអ្នកនយោបាយឯណា? ទៅអះអាងខ្លួនឯងជាអ្នកនយោបាយហ្នឹង វាចង់ទាញរឿងហ្នឹងថា ជារឿងនយោបាយ ក៏ប៉ុន្តែទោះបីអ្នកឯងជាអ្នកនយោបាយក៏ដោយ ឲ្យតែប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងគេអត់និយាយរឿងអ្នកនយោបាយ ឬមិនអ្នកនយោបាយទេ តែធ្វើខុសច្បាប់ហើយ អាហ្នឹងច្បាប់ទៅហើយ អាហ្នឹងវាអត់មានរឿងអីយកពាក្យនយោបាយមកបិទបាំងខ្លួនឯងបានទេ អាហ្នឹងអ៊ីចឹង ។ អ៊ីចឹងបានជារាល់ថ្ងៃនេះ យើងឃើញថា ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម នៅក្រៅប្រទេសហ្នឹង និយាយម៉ាត់ណាក៏ជារឿងនយោបាយ ក៏ប៉ុន្តែតុលាការ គាត់មានគិតរឿងនយោបាយឯណា? គាត់គិតតែរឿងបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ អាហ្នឹងគាត់កាត់ទោសទៅតាមទង្វើខុសច្បាប់របស់បុគ្គលម្នាក់ៗ អាហ្នឹងវាអ៊ីចឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ អ្វីដែលសម រង្ស៊ី ថា  សម្ដេចហ៊ុន សែន ខ្លាចអ្នកនយោបាយទាំងឡាយណាដែលមានប្រជាប្រិយភាព អាចយកឈ្នះសម្ដេចហ៊ុន ម៉ាណែត នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៨ នោះ អាហ្នឹងវាគ្រាន់តែទាញហេតុផលយកមកផ្គួបផ្សំទេ ដើម្បីថាខ្លួនឯងហ្នឹងគ្រាន់បើ ។ ខ្លួនឯងនៅដេកចងមុខនៅឯស្រុកបារាំង នោះ មកប្រមាថសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ថាខ្លាចខ្លួនឯង ក៏ប៉ុន្តែខ្លួនឯងនៅស្រុកបារាំង នោះ បានហ៊ាននិយាយអ៊ីចឹង អាហ្នឹងវាអ៊ីចឹង ហើយបើខ្លួនឯងក្លាហាននោះ ម៉េចក៏មិនចូលទៅក្នុងស្រុកខ្មែរ? ពាក្យថា ក្លាហានហ្នឹង មិនបាច់គេបើកផ្លូវឲ្យទេ គេបិទផ្លូវក៏ដោយ ក៏នៅតែមកដែរ អាហ្នឹងបានថាក្លាហាន ហីចុះបើក្លាហានតែនៅស្រុកបារាំង ឯណោះ? អ្នកខ្លះហ្នឹង វាពាក់ព័ន្ធពាក្យលើកកម្ពស់ខ្លួនឯង “ធ្វើអីមិនបាន សុខចិត្តដើរចូលគុក” ។ សួរថា នរណា? ឥឡូវប៉ុន្មាននាក់ហើយ ដែលសុខចិត្តដើរចូលគុកនោះ? វាមានតែរត់ចោលគុក មិនហ៊ានចូលគុក ខ្លាចគុក អាហ្នឹងវាអ៊ីចឹង ហើយដើម្បីថាខ្លួនឯងគ្រាន់បើ ក៏និយាយថា “បើធ្វើអីមិនបាន សុខចិត្តដើរចូលគុក” ។ អាហ្នឹងមិនមែនទេ គ្មានអ្នកណាសុខចិត្តដើរចូលគុកទេ តាំងពីដើមមកនោះ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះគាត់ថា បើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០២៨ នោះទេ ការបោះឆ្នោតនោះ គ្រាន់តែជាការបោះឆ្នោតលេងសើច  ការបោះឆ្នោតក្លែងក្លាយ និងការបោះឆ្នោតបង្រ្គប់កិច្ចតែប៉ុណ្ណោះនោះ គឺការថានេះ ថាតាំងពី ២០១៨ ម៉្លេះ  ។ ២០១៨ ថាបើអត់គណបក្សប្រឆាំង ចូលរួមទេ ជប៉ុនអី អន្តរជាតិអី គេដកជំនួយអស់ ទៅ គ.ជ.ប ។ ក៏ប៉ុន្តែនៅក្នុងហ្នឹង ទោះបីថាមានប្រទេសមួយចំនួនមិនផ្ដល់ជំនួយក៏ពិតមែន ក៏ប៉ុន្តែ គ.ជ.ប នៅតែដំណើរការរៀបចំការបោះឆ្នោត ដំណើរការដោយរលូន ។ ក្នុងហ្នឹងជប៉ុន គាត់មានឮមាត់ឮកអី? ជប៉ុន នៅតែបន្តផ្ដល់ជំនួយឲ្យ គ.ជ.ប ដើម្បីនឹងដំណើរការការបោះឆ្នោតហ្នឹង រហូតបានជោគជ័យ យើងឃើញទាំងអស់គ្នាហើយ ដល់វាទាល់តម្រិះរារាំងបរទេសមិនឲ្យជំនួយ ក៏បែរទៅថា រារាំងប្រជាជន តាមឃោសនាមិនឲ្យប្រជាជនទៅបោះឆ្នោត “នៅផ្ទះ ឈ្នះឯង” ។ នៅផ្ទះឈ្នះឯងអី អត្រានៃប្រជាជន អញ្ជើញទៅបោះឆ្នោតខ្ពស់ជាងធម្មតាទៅទៀត ។ អាហ្នឹងបានសេចក្ដីថា ល្មមដឹងខ្លួនហើយ អ្នកដែលនៅក្រៅនោះ អាហ្នឹងវាអ៊ីចឹង សុទ្ធតែក្អេងក្អាង ហើយអ្នកនៅក្រៅនោះ សុទ្ធតែប្រមូលផ្ដុំប្រជាជន ឲ្យប្រជាជនគាំទ្រ ដើម្បីខ្លួនហ្នឹង ចូលមកផ្ដួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្ដើមយកប្រទេសកម្ពុជា នេះ ជូនប្រជាជនវិញ ។ ចុះរាល់ថ្ងៃនេះ ប្រជាជនកម្ពុជា ជាង១៧លាននាក់ហ្នឹង ទៅនៅឯណា? អាហ្នឹងរាល់ថ្ងៃនេះ ប្រជាជន ១៧លាននាក់នេះ ជាម្ចាស់ប្រទេស ជាម្ចាស់ព្រះរាជាណាចក្រកម្ពុជា ហើយមានស្ថាប័នរដ្ឋ តាំងពីស្ថាប័នកំពូល រហូតដល់មូលដ្ឋាន នៅដឹកនាំ គ្រប់គ្រង ធានាបានសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមរមនានៅក្នុងសង្គមកម្ពុជា អាហ្នឹងគេមិនដោយសាររាជរដ្ឋាភិបាល? មិនដោយសារម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ? ហើយនិងមិនដោយសារស្ថាប័នជាតិទាំងឡាយដែលកើតឡើងតាមរដ្ឋធម្មនុញ្ញ?»។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា “ជារួម នៅពេលសួរថា តើមានអ្វីជាសារព្រមានទៅទណ្ឌិត សម រង្ស៊ី ក៏ដូចជាក្រុមប្រឆាំង កុំឲ្យភ្ជាប់សម្ដេចហ៊ុន សែន ទៅនឹងករណីលោករ៉ុង ឈុន ទៅនឹងនយោបាយនោះ ខ្ញុំកត់សម្គាល់ឃើញថា ឥឡូវហ្នឹង វានៅតែប៉ុន្មានក្បាលទេ ចលនាជាតិស៊ូ ហើយនិងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ របស់យាយហួរ នោះ ។ យាយហួរ ហ្នឹងស្កូវអស់ហើយ ល្មមហើយ លោកយាយអើយ! ស្រែកទៅៗ បាត់ដំណឹងហើយ ។ ឥឡូវនេះ គេកំពុងតែទៅសហភាពអឺរ៉ុប គេថាទៅដើរបង្គាប់បញ្ជាសហភាពអឺរ៉ុប សុទ្ធតែអ៊ីចេះអ៊ីចុះ ធ្វើមើលសហភាពអឺរ៉ុបហ្នឹង គេភ្លើណាស់ អាហ្នឹងវាអ៊ីចឹង ។ អាហ្នឹងវាគ្មានអីទេ វាគ្រាន់តែជាការឃោសនាតែប៉ុណ្ណឹងទេ ខ្ញុំយល់ថា បងប្អូនប្រជាពលរដ្ឋខ្មែរយើង នៅក្រៅប្រទេសហ្នឹង មិនល្ងង់ខ្លៅជាងយាយហួរ ល្ងង់ខ្លៅជាងលោកគឹម សុខ ទេ ហើយគឹម សុខ ហ្នឹងនិយាយ វាមានទៅឯណា? វានៅតែហ្វាំងឡង់ ឯណោះ ស្រែកតែតាមសំឡេងមកហ្នឹង ដូចជាពូកែណាស់“ ៕ កុលបុត្រ

RELATED ARTICLES