ភ្នំពេញ ៖ តារាសម្ដែងនិងបង្ហាញម៉ូដ លោកហូរ ប៉ូសេង ហៅសេង មង្គល កំពុងតែប្រឹងសន្សំលុយបន្ថែមទៀត ដើម្បីបង្រ្គប់ការសាងសង់ផ្ទះវីឡា ជូនឪពុកម្ដាយ និងជីដូន រស់នៅឯស្រុកកំណើត ខេត្តបាត់ដំបង ដែលតាមគម្រោង ផ្ទះនោះគឺចំណាយរាប់សែនដុល្លារ ។ នេះគឺជាហេតុផលមួយទៀតដែលលោកមង្គល ពន្យារពេលយកប្រពន្ធ ព្រោះលុយរកបាន បុកទៅលើការសង់ផ្ទះ ឲ្យបានរួចរាល់សិន ហើយលោកថែមទាំងបានប្រាប់អ្នកយកព័តមានយើងថាមិនអាចកំណត់ថា ពេលណានឹងរៀបការប្រពន្ធបានឡើយ គឺពេលណា ពេលហ្នុងចុះ ។

គេនៅមិនទាន់ដឹងពីប្រភពប្រាក់របស់លោកសេង មង្គល ថាតើបានពីសិល្បៈទាំងស្រុង ឬមានការជួយជ្រោមជ្រែងពីខាងណា ដើម្បីឲ្យលោកមានលទ្ធភាពសង់ផ្ទះជូនម្ដាយនោះទេ ប៉ុន្ដែតាមរយៈសកម្មភាពសិល្បៈ កន្លង មក គេឃើញលោកមង្គល អាចរកប្រាក់ចំណូលបានច្រើនដែរ ក្នុង១ឆ្នាំៗ ទោះបីជាលោកថា មិនសម្រុក ថតរឿងដូចគេក៏ដោយ ប៉ុន្ដែលោកមង្គល ដែលមានរូបរាងសង្ហា សាច់ដុំកង់ៗ ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មជាញឹក ញាប់ផងដែរ ។

សកម្មភាពរបស់លោកសេង មង្គល ដែលប្រឹងថតកុន ទាំងយប់ថ្ងៃ ដើម្បីរកប្រាក់សង់ផ្ទះ ជូនម្ដាយ នាពេលនេះ ជាគំរូរល្អមួយសម្រាប់តារាដទៃទៀត និងយុវជនទាំងឡាយ «ធ្វើបុណ្យ ទានខែភ្លឺ» ។ ប៉ុន្ដែប្រឈមវិបត្តិសេដ្ឋ កិច្ចបែបនេះ តារាខ្លះត្អូញដាច់បាយទៅហើយ តែលោកមង្គល បែរជាមានលទ្ធភាពសង់ផ្ទះវីឡា ជូនអ្នកមានគុណ នេះបញ្ជាក់ថា លោកជាបុរសពូកែទុកដាក់សន្សំលុយកាក់មិនធម្មតាទេ ខណៈដែលកន្លងមក លោកមង្គល ក៏តែងតែជូនឪពុកម្ដាយដើរកម្សាន្ដជុំគ្នា ជាលក្ខណៈគ្រួសារ ជាញឹកញាប់ទៀតផង បើទោះជាតារាផ្សេងៗទៀត ពួកគេជ្រួលជ្រើមលេងម៉ូដឡាន និងលេងសុទ្ធតែរបស់ប្រេនប្រេន ស្រោចខ្លួនយ៉ាងណាក៏ដោយ ក៏លោកមង្គល តែងតែផ្ដោតលើគ្រួសារ ច្រើនជាងជីវិតឯកជនរបស់ខ្លួន ។

ក្រៅពីសេង មង្គល តារាដែលសង់ផ្ទះជូនម្ដាយ មានដូចជា លោកព្រាប សុវត្ថិ, នាយចឺម និងហ្វា ហ្វា ជាដើម ។ ចំពោះលោកមង្គល មានជម្រើសស្នេហ៍ច្រើន ហេតុនេះទោះជាសង់វីឡា អស់លុយកណ្ដាលទី ក៏ច្បាស់ជាមានគេចេញមុខធានាឧបត្ថម្ភបង្គ្រប់ កុំឲ្យលោកពិបាកចិត្តដែរ ។ ប៉ុន្តែក្នុងជំនួបជាមួយ «នគរធំ» កន្លង មក លោកមង្គល ប្រាប់ថា បច្ចុប្បន្នលោកគ្មានគូដណ្ដឹង ឬកំណាន់ចិត្តទេ គឺនៅទំនេរឯកា ។

យ៉ាងណា ទស្សនិកជន រង់ចាំមើលថា ក្រោយសង់ផ្ទះវីឡា ជូនឪពុកម្ដាយរួច លោកសេង មង្គល នៅមានលេសអីទៀត ដើម្បីគេចវេះពីការយកប្រពន្ធកូន?

សូមបញ្ជាក់ថា សេង មង្គល ត្រូវបានគេចាត់ទុកថា ជាបុរសខកស្នេហ៍ជាច្រើនលើកច្រើនសាមកហើយ ព្រោះ តែធ្លាប់គេសង្ស័យថា លោកមានទំនាក់ទំនងស្នេហាជាមួយលោកស្រី ទ្រី ដាណា, ហ៊ិន ច័ន្ទនីរ័ត្ន និងមាន សូនីតា ជាដើម តែទីបំផុតស្រីៗទាំងនោះ បានរៀបការប្ដីចោលលោកម្ដងម្នាក់ៗ ធ្វើឲ្យចុងក្រោយនេះ លោកសេង មង្គល ដើរតែដកដង្ហើមធំម្នាក់ឯង ពិសេសបន្ទាប់ពីថៅកែពេជ្រ ម្នាក់ ការប្ដីចោលលោក។ ចំណែកប្រភពខ្លះថា លោកមង្គល ពិតជាមានមន្ដស្នេហ៍មិនធម្មតាឡើយ ព្រោះតែមានស្រីក្មេង ស្រីចាស់ ក្រមុំ មេម៉ាយ ប្រជែងគ្នាតាមស្នេហាលោក ប៉ុន្ដែមិនទាន់ដឹងថា លោកនឹងជ្រើសរើសនារីប្រភេទណា ជាគូអនាគត? … ៕


