ភ្នំពេញ ៖ កាលពី៧ឆ្នាំមុន ពោលគឺឆ្នាំ២០១៨ តារាចម្រៀងល្បី ខេមរៈ សិរីមន្ដ ហៅខែម ប៊ុនថៃ អំឡុងជ្រកនៅហង្សមាស ធ្លាប់ចេញចម្រៀងបទ «ស្ទឹងត្រែង បងអើយ» អំឡុងយោធាឡាវ ឈ្លានពានចូលព្រំដែនខ្មែរ នៅខេត្តស្ទឹងត្រែង ឆក់ឱកាសទាញយកភាពល្បី ដោយលោកធ្លាប់អះអាងថា ថ្នាក់ដឹកនាំ មានការលើកទឹកចិត្តលោកទៀតផង ប៉ុន្ដែមិនប្រាប់ថា បានលុយប៉ុន្មាននោះទេ ។ ចំណែកថ្មីៗនេះលោកថៃ បានពាក់អាវយោធា ជាលើកទី២ ច្រៀងបទ «តាមាន់ស្នេហ៍ខ្ញុំ» ចំពេលដែលមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ចំណុចប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ដែលបទចម្រៀងនេះ ឆ្លុះបញ្ចាំងពីប្រាសាទខ្មែរ ដែលសត្រូវកំពុងតែចង់លេប តាមរយៈការបង្ហាញឲ្យឃើញលើបទចម្រៀង ។


ទោះជាសិរីមន្ដ ហ៊ានបញ្ចេញបទចម្រៀងពីប្រាសាទខ្មែរ និងព្រំដែនខ្មែរ ត្រូវសៀមឈ្លានពាន ក៏លោកសិរីមន្ដ មិនចូលជ្រៅទៅលើរឿងនយោបាយ ដោយមានពេលខ្លះ ថែមទាំងថា មិនដឹងឧកញ៉ាណា កាប់បំផ្លាញព្រៃឈើ និងសុំឲ្យគេណែនាំឈ្មោះឲ្យលោកបានស្គាល់ជាដើម ដែលបញ្ហានេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ធ្លាប់ផ្លែផ្កាឲ្យតារាចម្រៀងឧកញ៉ារូបនេះថា ការនិយាយរបស់លោក ធ្វើឲ្យគេវាយតម្លៃពីចំណេះដឹងនៅកម្រិតណា ។

សូមបញ្ជាក់ថា ខេមរៈ សិរីមន្ដ អំឡុងច្រៀងនៅសាន់ដេ លោកធ្លាប់ចេញបទទាក់ទងប្រាសាទខ្មែរ ត្រូវសៀម ឈានពានដែរ នោះគឺបទ «ព្រះវិហារ សាក្សីស្នេហ៍» នៅឆ្នាំ២០១២ តែពេលនោះមិនបានសម្ដែងដោយពាក់អាវយោធាទេ ព្រោះអត់ទាន់ក្លាយជាមន្រ្ដីយោធាមែនទែន ដូចពេលនេះ។ តាមព័តមានថា នៅក្នុងកម្មវិធីមួយ លោកប៊ុនថៃ ច្រៀងបទ «ព្រះវិហារ សាក្សីស្នេហ៍» ដែលមានវត្តមានសម្ដេច ហ៊ុន សែន ចូលរួម ហើយសម្ដេច បានសរសើរនិងឲ្យគេហៅលោកសិរីមន្ដ មកជួប ដែលពេលនោះ លោកថៃ បានជួបនិងថតរូបផ្ទាល់ជាមួយសម្ដេច ជាលើកដំបូង ។

ចំណែកប្រភពពីអ្នកជិតស្និទ្ធខេមរៈ សិរីមន្ដ បានឲ្យដឹងថា បច្ចុប្បន្ន តារាកូន៣ រូបនេះ ជាកូនធម៌របស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប៉ុន្ដែគេមិនដឹងថា លោកថៃ ពាក់ស័ក្តិប៉ុន្មានលើស្មា ឲ្យប្រាកដឡើយ ឃើញតែមានក្រុមកងអង្គរក្សប្លែកៗ តាមការពារ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយសិរីមន្ដ ទទួលបានគោរមងារឧកញ៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នោះ គេនៅតែមិនឮលោកថៃ ចោលតំណែងយោធា ដូចលោកព្រាប សុវត្ថិ ដែលធ្លាប់មានឋានន្ដរស័ក្ដិវរសេនីយ៍ឯក លាលែងពីតួនាទីជានាយរងការិយាល័យទី៥ កងទ័ពជើងគោក កាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីរក្សាងារឧកញ៉ា តែមួយ ទៅតាមច្បាប់បានកំណត់ ។ ប៉ុន្ដែការច្រៀងបទបង្ហាញពីប្រាសាទ និងតំបន់ជាយដែនរបស់ខ្មែរ ត្រូវបានបរទេសឈ្លានពាន គឺធ្វើឲ្យលោកថៃ មានការគាំទ្របន្ថែមទៀត ទោះជាតាំងពីលោកចូលផលិតកម្មថ្មី ជាង២ឆ្នាំ មកនេះនៅលើបណ្ដាញសង្គម ការគាំទ្រនិងរិះគន់លើហ្វេសបុក មានទំហំសឹងតែប្រហាក់ប្រហែលគ្នាក៏ដោយ។

មហាជនសង្កេតឃើញថា ខេមរៈ សិរីមន្ដ ពេលនេះបត់បែនច្រើន មិនធ្លាប់មានពីមុន ដូចជាពេលខ្លះ បទចម្រៀងលោក ទទួលបានការរិះគន់ច្រើនពេក លោកសម្រេចចិត្តលុបចោល មិនប្រឆាំងជាមួយទស្សនិកនោះទេ ហើយងាកមកច្រៀងបទបែបស្រុកស្រែ និងកន្ទឹ្រមទទួលបានការគាំទ្រគ្រាន់បើឡើងវិញ។ ប៉ុន្ដែគ្មានអ្នកណាអាចវាយតម្លៃបានទេថា តើសិរីមន្ដ ពេលនេះ ឈរនៅលេខ១ ឬលេខ២ នៅGalaxy ព្រោះការប៉ះព្រាប សុវត្ថិ ជាលើកទី២ នៅទ្រនំតែមួយនេះ ធ្វើឲ្យថៅកែឈឺក្បាលខ្លាំង ដោយសារមិនដឹង ត្រូវលើកមួយណាជាង? តែការនៅបន្ដអាជីពចាស់ របស់លោកថៃ នាពេលនេះ បញ្ជាក់ថា លោកមិនបានស្ដាប់ឬធ្វើទៅតាមសំណូមពររបស់លោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី របស់ CTN ដែលធ្លាប់លើកឡើងថា តារាទាំងឡាយដែលឡើង ងារជាឧកញ៉ា គួរណាស់តែផ្ដាច់ខ្លួនពីអាជីពសិល្បៈ ឲ្យជ្រះស្រឡះ ដើម្បីកុំឲ្យច្របូកច្របល់ ធ្វើអ្នកចម្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យពិបាកឡើងអក្សរលើកញ្ចក់ទូរទស្សន៍ ។ ប៉ុន្តែផ្ទុយទៅវិញ ខេមរៈ សិរីមន្ដ មានតែអុកឡុកទីផ្សារចម្រៀងជាងគេ នៅGalaxy ដូចជាពេលនេះ លោកថែមទាំងពាក់អាវយោធាច្រៀងទៀតផង៕

លោកខេមរៈ សិរីមន្ដ និងភរិយា

លោកខេមរៈ សិរីមន្ដ និងនាងម៉ិច ខេម៉ា