ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា ត្រូវបានម្ចាស់ស្នេហាថ្លើមថ្លៃរបស់នាង លោកឆឹម សក្កដា ទម្លាយអារ ម្មណ៍ពិតនៅពេលថ្មីៗនេះថា កាលនៅផ្ទះជួល លោកនិងសោភា ពោពេញទៅដោយស្នាមញញឹម តែដល់ពេលមានវីឡានៅ បែរជារវល់រៀងៗខ្លួនទៅវិញ ។ ការអះអាងរបស់លោកសក្កដា បែបនេះលោកចង់រំលឹករឿងពីមុន ដែលលោកនិងសោភា ធ្លាប់ជួលផ្ទះរស់នៅជាមួយគ្នា ប៉ុន្ដែលោកមិនបញ្ជាក់ទេថា ធ្លាប់ជួលផ្ទះនៅជាមួយគ្នានៅម្ដុំណា ហើយគេងនៅបន្ទប់ជាមួយគ្នា ឬគេងបន្ទប់ផ្សេងគ្នានោះទេ ព្រោះសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជាលោកសក្កដា ជាគូដណ្ដឹងនាងមែន ប៉ុន្ដែលោកគេងផ្ទះលោក នាងគេងផ្ទះនាង អត់អាចឆ្វេច ឆ្វាចនៅបន្ទប់ជាមួយគ្នាបានជាដាច់ខាត។

យ៉ាងណា ដើម្បីកុំឲ្យគេគិតថាពេជ្រ សោភា និងសក្កដា ធ្លាប់រួមរស់ក្រោមដំបូលបន្ទប់ជាមួយគ្នានោះ សោភា បានចូលទៅខម្មិនលើសំណេររបស់លោកសក្កដា ដែលចង់បបួលនាងទៅរស់នៅផ្ទះជួលវិញនោះថា «ជាមិត្តល្អនឹងគ្នា» តែការអះអាងរបស់សោភា បែបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហាញសញ្ញាហួសចិត្តទៅវិញ ខណៈលោកសក្កដា ថាការរស់នៅផ្ទះជួលរបស់លោកនិងសោភា នោះគឺសំដៅដល់កាលពី ៨ឆ្នាំមុន ។

សូមបញ្ជាក់ថាពេជ្រ សោភា មានផ្ទះប្រណិតទាំងនៅក្រុង និងជាយក្រុង មិនក្រោម៣ទីតាំង ប៉ុន្ដែនាងអត់ចេះអួតអាងឡើយ គឺមានតែព្យាយាមលាក់ពីការសាងសង់វីឡាទៅវិញ ស្របពេលដែលតារាវ័យ៤១ឆ្នាំរូបនេះ នៅតែមានទីផ្សារសិល្បៈ ក្រោយចាកចេញពីហង្សមាសជិត១ឆ្នាំ ហើយងាកមកផលិតបទចម្រៀងដោយខ្លួនឯង។ សោភា បានប្រកាសនៅថ្ងៃទី១០ មេសា ឆ្នាំ២០២៥ ថានាងចង់រៀបការនៅឆ្នាំ២០២៥ នេះប៉ុន្ដែអត់អ្នកស្ដីដណ្ដឹង អីចឹងបន្ដសុខចិត្តរស់នៅជីវិតជាស្រ្ដីមេម៉ាយតទៅទៀត ។ ចំណែកលោកសក្កដា ថ្លែងនៅថ្ងៃតែមួយនោះថា កុំបង្ខំឲ្យលោករៀបការជាមួយសោភា ធ្វើអី បើ Fan មិនបានចងដៃផងហ្នឹង ។

រឿងស្នេហាពេជ្រ សោភា-ឆឹម សក្កដា ធ្វើឲ្យ Fan ទាំងសងខាងវិលក្បុង ដោយសារតែម្ដងពួកគេបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍ និងជូនកាលបែរជាសោះកក្រោះ លែងដើរចូលគ្នាក៏មានដែរ ។ លោកសក្កដា ធ្លាប់ព្រមានដោយការធ្វើអត្តឃាត បញ្ចប់ជីវិត មិនក្រោម ១០ដងឡើយ ព្រោះលោកកើតជំងឺផ្លូវចិត្ត (depression) ត្រូវបានតារារួមអាជីព ជួយឃាត់ ប៉ុន្ដែរឿងរ៉ាវទាំងអស់នោះ បែរជាត្រូវសោភា អះអាងថានាងមិនបានដឹងអ្វីទៅវិញ ព្រោះនាងលេងហ្វេសបុក បង្ហាញតែសកម្មភាពទាក់ទងពីសិល្បៈ រឿងផ្សេង នាងអត់តាមដាន ។ ចំពោះលោកសក្កដា បានក្បត់សំដីខ្លួនឯង (ស្ដោះហើយលេបវិញ) ព្រោះតែមុនលោកភ្ជាប់ពាក្យជាមួយសោភា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះលោកធ្លាប់ប្រាប់ថា នឹងមិនយកប្រពន្ធជាតារាដូចគ្នាជាដាច់ខាត ឥឡូវបែរជាមិនឆ្ងាយពីអ្នកដែលលោកប្រឹងចៀសបំផុតនោះទៅវិញ។

ទស្សនិកជន រង់ចាំមើលថា ការត្រូវរ៉ូវគ្នាវិញរបស់ពេជ្រ សោភា-ឆឹម សក្កដា នាពេលនេះរហូតដល់លោកសក្កដា រំលឹកនឹងចង់នាំនាងទៅរស់នៅបន្ទប់ជួលដូចមុនវិញ ដើម្បីឲ្យអនុស្សាវរីយ៍ល្អៗ រស់ឡើងវិញនោះ អាចធ្វើឲ្យសោភា ដែលតាំងចិត្តថា ចង់រស់នៅជីវិតជាស្រី្ដមេម៉ាយបន្ដទៀត ព្រោះ «អត់អ្នកចូលចែចូវ» នេះ នឹងធ្វើឲ្យនាងព្រមនឹកពីអនុស្សាវរីយ៍ចាស់ឡើងវិញបានខ្លះៗ ឬយ៉ាងណា ? … ៕


