ភ្នំពេញ ៖ ស្វាមីមាស សុខសោភា លោកអ៊ិត រ៉ាដា បានចេញសារកាន់តែប្លែក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយលោកបានលាផ្ទះ លាឡាន ទាំងស្ដាយស្រណោះ ដែលបញ្ហានេះ ធ្វើឲ្យគេកាន់តែមានការសង្ស័យថា ចំណងស្នេហាលោក ជាមួយមាស សុខសោភា លែងសុវត្ថិភាព ១០០% ទៀតហើយ ។ លោករ៉ាដា បញ្ចេញ សារទាំងក្ដុកក្ដួលថា ឡានដែលលោកបានបើកបរ រយៈពេល៥ឆ្នាំមកហើយ គឺត្រូវដល់ពាក្យថាត្រូវលា ហើយផ្ទះក្នុងក្ដីស្រមៃ ដែលលោកបានរចនាជាមួយស្ថាបត្យករ ក៏ត្រូវលា។

លោកអ៊ិត រ៉ាដា
ស្វាមីមាស សុខសោភា បានសរសេរសារខ្លីថា «នំបញ្ចុកមួយ កំពុងត្រូវបានធ្វើឡើងនៅយប់នេះ ពីនេះទៅកាន់វីរបុរសដែលមិននឹកស្មានដល់ ដែលមកពីភ្នំត្បែង ថាជាអ្នកសង្រ្គោះរបស់យើងពីខ្មោចឆៅ» ។


ជុំវិញការបញ្ចេញសារកាន់តែប្លែករបស់លោកអ៊ិត រ៉ាដា នេះគេនៅមិនទាន់ឃើញមានប្រតិកម្មពីមាស សុខសោភា និងបងប្រុសនាង លោកមាស សុខរតនៈ នោះទេ ខណៈ Friends ហ្វេសបុករបស់លោករ៉ាដា បានត្រឹមចូលទៅខម្មិនបញ្ចេញយោបល់សោកស្ដាយ និងសញ្ញាស្ទកកឺរហូរទឹកភ្នែក ។ ប៉ុន្ដែលោករ៉ាដា មិនបាននិយាយពាក់ព័ន្ធរឿងនេះ ទៅសុខសោភា ចំៗឡើយ គ្រាន់តែតាមរយៈសំណេររបស់លោក គេអាចសន្និដ្ឋានបានថា លោកហាក់ហួសចិត្តចំពោះលោកតាសក់ស ភ្នំត្បែង ដែលសោភា កំពុងតែមានជំនឿយ៉ាងខ្លាំងជាច្រើនឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន។


គួររំលឹកថា ស្វាមីមាស សុខសោភា លោកអ៊ិត រ៉ាដា បានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថាលោកបានលាឈប់ពីតំណែងជាអគ្គនាយកផលិតកម្មCamtrax Music ដែលគេស្គាល់ជាកម្មសិទ្ធិរបស់មាស សុខសោភា ហើយលោកបានតស៊ូជាច្រើនឆ្នាំមកហើយ ប៉ុន្ដែលោករ៉ាដា មិនប្រាប់ពីមូលហេតុនៃការចាកចេញនោះទេ ។ ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់លោករ៉ាដា បែបនេះ ក្រោយពីសុខសោភា បានថ្លែងសារកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ថាអ្នកដែលធ្វើបាបនាង គឺជាមនុស្សដែលនៅជិត និងនាងទុកចិត្តបំផុត តែអត់បញ្ចេញឈ្មោះថាជាអ្នកណាឡើយ ។ សុខសោភា ថែមទាំងទម្លាយថានាងមានជំងឺផ្លូវចិត្តដ៏ធ្ងន់ អំឡុងផ្ទុះកូវីដ ហើយបើកុំតែបានជួបលោកពេជ្រ សង្វារ ហៅតាសក់ស ភ្នំត្បែង ម៉្លេះពេលនេះនាងគ្មានជីវិតឡើយ …។ ដើម្បីតបស្នងទៅលោកតាសក់ស ភ្នំត្បែង សុខសោភា បានទិញដីនិងបដិមាមួយចំនួន ដើម្បីសាងសង់ទីសក្ការបូជា ជូនលោកពេជ្រ សង្វារ តែមុននេះ មានអាជា្ញធរ និងមន្រ្ដីពាក់ព័ន្ធ ចុះទៅហាមឃាត់…។

ទាក់ទងរឿងមាស សុខសោភា និងលោកអ៊ិត រ៉ាដា ហាក់មានគំនិតផ្ទុយគ្នានេះ នាំឲ្យមានកាលើកឡើងថា ចំណងស្នេហាអ្នកទាំងពីរ ដែលបានសាងរួមគ្នា ជិត២០ឆ្នាំមកនេះ អាចប្រឈមកាប្រែប្រួល ឬនៅមាត់ជ្រោះ ពិសេសក្រោយពីលោករ៉ាដា លាទាំងផ្ទះ និងឡាន នាពេលនេះ បើទោះជាអ្នកទាំងពីរធ្លាប់រៀបការដល់ទៅ២លើក គឺទី១ ឆ្នាំ២០០៨ រៀបការតាមបែបគ្រិស្ទាន នៅព្រះវិហារមួយ នៅកាណាដា និងរៀបការលើកទី២ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ រៀបការតាមប្រពៃណីខ្មែរ តែធ្វើបែបលាក់លៀម និងតែងតែប្រារពខួបអាពាហ៍ ពិពាហ៍ជារៀងរាល់ឆ្នាំក្ដី ។ សម្រាប់សុខសោភា កាន់តែបង្ហាញជំនឿចិត្តទៅលើលោកតាសក់ស ភ្នំត្បែង ទ្វេដង នា ពេលនេះ ដោយមិនចាប់អារម្មណ៍រឿងប្ដីលាឈប់ពីតំណែងផលិតកម្មនាង លាផ្ទះធ្លាប់ជ្រក និងឡានធ្លាប់បើក បរនោះឡើយ ៕

