ភ្នំពេញ ៖ តារាចម្រៀងស្រី អ្នកស្រី សួន សុវណ្ណចន្ថា ហៅសួន ចន្ថា បានជួបទុក្ខធ្ងន់ ដោយប្តីរបស់លោកស្រី ដែលធ្លាក់ខ្លួនឈឺពិការ (ស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម) អស់រយៈពេល១៣ ឆ្នាំមកហើយនោះ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

តាមប្រភពតារាសម្តែង លោកអ៊ឹម ជីវ៉ា បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ថា ស្វាមីតារាចម្រៀង សួន ចន្ថា បានទទួលមរណភាព នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ លោកអ៊ឹម ជីវ៉ា បានចូលរួមរំលែកទុក្ខជាមួយលោកស្រី សួន ចន្ថា ដែលបាត់បង់ស្វាមីជាទីស្រឡាញ់ ដែលលោកស្រីខំថែទាំជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា ស្វាមីរបស់តារាចម្រៀង សួន ចន្ថា គឺជាអតីតមន្ត្រីនគរបាលមួយរូប បម្រើការនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយលោកមានជំងឺប្រចាំកាយ ច្រើនឆ្នាំហើយ រហូតធ្លាក់ខ្លួនស្លាប់ ១ចំហៀងខ្លួន ដេកនៅតែលើគ្រែ មិនអាចក្រោកអង្គុយ ឬដើរបានឡើយ។ ដោយសារជំងឺរបស់ប្តី បានធ្វើឱ្យអ្នកស្រី សួន ចន្ថា ទទួលនូវអំរែកដ៏ធ្ងន់មួយនេះ រ៉ាប់រងជីវភាពគ្រួសារគ្រប់យ៉ាង ស្ទើរតែដើរទៅមុខមិនរួច ព្រោះក្នុងអាជីពជាអ្នកចម្រៀងនេះ តាំងពីទសវត្សឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន គ្រួសារអ្នកស្រី មិនបានសល់អ្វីជាដុំកំភួននោះទេ បានត្រឹមតែមួយរស់ៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ្នកស្រីសួន ចន្ថា គឺជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ និងមានស្រុកកំណើតនៅខេត្តបាត់ ដំបង បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៩១ តាមរយៈការប្រឡងចម្រៀង ជាប់ជាជ័យលាភីលេខ១ ប្រចាំខេត្តបាត់ដំបង។ បន្ទាប់មក អ្នកស្រី បានឡើងមករស់នៅភ្នំពេញ ដោយពេលនោះ អ្នកស្រីមានស្វាមីរួចទៅហើយ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈ ពេញលេញនៅឆ្នាំ១៩៩៤ ដោយកាលណោះ បទចម្រៀងដំបូងដែលធ្វើឱ្យមានគេស្គាល់អ្នកស្រីច្បាស់ គឺបទ “ចង្វាក់មីហ្គាឌែន” របស់ផលិតកម្មសាយណ្ហណារ៉ា។ ក្រោយមក អ្នកស្រីបានចូលច្រៀងនៅផលិតកម្មជាច្រើនជាបន្តបន្ទាប់ រហូតល្បីឈ្មោះបោះសំឡេងខ្លាំង នៅឆ្នាំ១៩៩៨ តាមរយៈបទ “កាមទេពស្នេហ៍” របស់ផលិតកម្មហង្សមាស ដែលជាស្នាដៃនិពន្ធរបស់លោកហ្វៃ សំអាង និងថែមទាំងបានដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទៀតផង៕


