ភ្នំពេញ ៖ សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដោយហាម ភិក្ខុ សាមណេរ និមន្តបិណ្ឌបាត នៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានាក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿនៃព្រះពុទ្ធសាសនា។យោងតាមសេចក្តីណែនាំរបស់សាលាគណរាជធានីភ្នំពេញ ស្តីពី ការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាន នៃរាជធានី ភ្នំពេញ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

យោងស្មារតីអង្គប្រជុំរបស់សាលាគណរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សាលាអនុគណ ខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការពង្រឹងការប្រតិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរក្នុងសាសនមណ្ឌលព្រះពុទ្ធសាសនា និងផ្អែកលើទិដ្ឋភាពជាក់ស្តែងក្នុងពេលនេះ ភិក្ខុ សាមណេរ នៅតែបន្តនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកម្សាន្តសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿនៃព្រះពុទ្ធសាសនា។
ដើម្បីទប់ស្កាត់បញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត សាលាគណ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១- ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរ គ្រប់អង្គ ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានា ដែលមិនមាន ការនិមន្ត។
២- ហាមភិក្ខុ សាមណេរ គង់កម្សាន្តតាមសួនច្បារ មុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេ នៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើង ចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ជាដើម ចាប់ពីម៉ោង ៦ៈ០០នាទីល្ងាច ដល់ម៉ោង ១១ៈ០០នាទីយប់។
៣- ព្រះចៅអធិការគ្រប់វត្ត មានភារកិច្ចអប់រំ ណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងការ បដិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរ ក្រោមឱវាទ ឱ្យស្ថិតក្នុងត្រៃសិក្ខាទាំង៣ គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យចូលរួមអនុវត្តខ្លឹមសារខាងលើឱ្យបានហ្មត់ចត់បំផុត។ ក្នុងករណីដែលកិក្ខុ សាមណេរអង្គណាពុំបានគោរពតាមសេចក្តីណែនាំខាងលើនេះ ត្រូវសហការជាមួយមន្ត្រីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការនិងសាសនារាជ ធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន។

៤- សាលាអនុគណគ្រប់ខណ្ឌ ត្រូវរៀបចំក្រុមការងារសង្ឃរបស់សាលាអនុគណ របស់វត្តនីមួយៗក្នុង ខណ្ឌ ដើម្បីចុះអនុវត្តទប់ស្កាត់ការនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកម្សាន្តសាធារណៈនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាលាអនុគណខណ្ឌដូនពេញ ត្រូវរៀបចំការងារសង្ឃមួយក្រុម ដើម្បីអនុវត្តការងារនេះ។ ព្រមជាមួយនេះ គ្រប់សាលាអនុគណ ត្រូវត្រៀមលក្ខណៈសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ឱ្យបានជិតស្និទ្ធ សំដៅចុះទប់ស្កាត់សកម្មភាពតាមទីដែលហាមឃាត់ខាងលើ ឱ្យទទួលបានជោគជ័យ ស្របតាមគោលការណ៍កំណត់។
សាលាគណ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មានសេចក្តីសង្ឃឹមជឿជាក់ថា មន្ត្រីសង្ឃសាលាអនុគណ គណៈសង្ឃវត្ត នឹងរួមសហការអនុវត្តខ្លឹមសារនេះប្រកបដោយជោគជ័យយ៉ាងពិតប្រាកដ»៕