Wednesday, April 30, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ចោលលុយទូរទស្សន៍ ?

តន់ ច័ន្ទសីម៉ា ចោលលុយទូរទស្សន៍ ?

ភ្នំពេញ ៖ រយៈពេលជិត ៥ឆ្នាំមកហើយ ដែលស្រីស្រស់ តន់ ច័ន្ទសីម៉ា មិនដែលឃើញឡើងច្រៀងរាំតាមបណ្ដាឆាកតន្រ្ដី នៅប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយ ដូចតារាល្បីៗផ្សេងទៀតទេ ដោយផ្ដោតតែលើការច្រៀង Concerts ធំៗ ដែលរៀបចំដោយ Galaxy ។ បញ្ហានេះធ្វើឲ្យមានការលេចឮថា ច័ន្ទសីម៉ា ចោលលុយល្អិត ស្រវាលុយធំ ។

ជុំវិញរឿង តន់ ច័ន្ទសីម៉ា លែងឡើងរាំច្រៀងតាមឆាកទូរទស្សន៍នេះ ត្រូវបានអ្នកស្រី យឹម សុជាតា អ្នកចាត់ការទូទៅផលិតកម្ម Galaxy បានប្រាប់ថា បញ្ហាគឺមកពីសីម៉ា មិនទាន់មានពេលវេលាគ្រប់គ្រាន់ មិនមែនលែងច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍នោះទេ ។ អ្នកស្រីយឹម សុជាតា ប្រាប់ «នគរធំ» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ថា «មិនមែនគាត់ (សីម៉ា) ឈប់ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ទេ ប៉ុន្ដែបញ្ហាគឺដោយសារតែគាត់ជាប់រវល់ការងារច្រើនជាមួយផលិតកម្ម ។ សីម៉ា គាត់នឹងចេញច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ធម្មតាដូចមុន នៅពេលដែលគាត់ស្បើយពីការងារ អាចមានពេលវេលាសមស្របក្នុងការឡើងឆាកបាន» ។

ថ្វីដ្បិតតែអ្នកស្រីយឹម សុជាតា អះអាងពីហេតុផលដែល តន់ ច័ន្ទសីម៉ា មិនឡើងឆាកព្រោះតែរវល់ខ្លាំង ដកឃ្លាមិនបានក្ដី ប៉ុន្តែតាមព័តមានពីអ្នកដឹកនាំការប្រគំតន្ត្រីមួយចំនួន បានបង្ហើបថា សីម៉ា ស៊ីថ្លៃខ្ពស់ជាងតារាល្បីៗផ្សេងៗទៀត ហើយបើមិនបានតម្លៃដែលបានកំណត់ទុកនោះទេ ខាងផលិតកម្ម នឹងមិនឲ្យនាងចេញច្រៀង ឡើយ ដែលរឿងនេះក៏ជាហេតុផលមួយធ្វើឲ្យនាងសីម៉ា ជាប់គាំង ចេញច្រៀងតាមឆាកតន្រ្ដីតាមឆាកប៉ុស្ដិ៍ទូរទស្សន៍លែងកើត បើមិនត្រូវថ្លៃគ្នា ។ ចំណែកប្រភពខ្លះថា សីម៉ា កំពុងតែល្បីអីចឹង ថៅកែមិនចង់ឲ្យឡើងឆាកប៉ុស្ដិ៍ទូរទស្សន៍ ព្រោះខ្លាចនាងសាប ។

អ្នកនាងយឹម សុជាតា បញ្ជាក់បន្ថែមថា មិនមែនជាបញ្ហារឿងតម្លៃខ្លួនខ្ពស់នោះទេ គឺសីម៉ា នៅតែច្រៀងតាមឆាកទូរទស្សន៍អ៊ីចឹង នៅពេលដែលគាត់មានពេលវេលាមួយដែលអាចឡើងបាន គឺអត់ពាក់ព័ន្ធលុយ ឬបញ្ហាអីផ្សេងទេ ។

 តន់ ច័ន្ទសីម៉ា ឡើងកូដ ៥ឆ្នាំចុងក្រោយ ដែលធ្វើឲ្យតារាស្រីវ័យក្មេងផ្សេងៗទៀត ពិបាកទប់ទល់ ព្រោះតែនាងមានដៃគូពិសេសក្នុងតារាស្រីផ្សេងៗទៀត មិនអាចធ្វើបានដូចរូបនាង ក្នុងនោះគឺ ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម ជាដើម គ្មានជម្រើសផ្សេងក្រៅពីបន្ដចាប់ដៃនាងតែម្នាក់ជាបន្ដទៀតឡើយ។

អតីតអ្នកចាត់ការទូទៅ Galaxy លោកយឹម តាស្រង់ ធ្លាប់និយាយថា សីម៉ា ស្ថិតក្នុងលំដាប់តារា Grade A ស៊ីថ្លៃច្រៀងឆាកធំ ១កម្មវិធី ៥ពាន់ដុល្លារ ថតស្ពតមួយ តម្លៃ ២ម៉ឺនដុល្លារ ។ ក្រោយGalaxy បញ្ចេញតម្លៃខ្លួនសីម៉ា បែបនេះហើយ ទើបធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី CTN លោកស៊ិន សិលា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា ខាងប៉ុស្ដិ៍លោក រៀបចំតន្រ្ដីប្រចាំសប្ដាហ៍ នៅ Studio គ្មានលទ្ធភាពជួលនោះទេ ហើយលោកសំណូមពរឲ្យខាងផលិតកម្ម គួរតែទម្លាក់តម្លៃខ្លួនសីម៉ា ខ្លះទៅ ដើម្បីឲ្យខាងប៉ុស្ដិ៍ មានលទ្ធភាពហៅនាងច្រៀងដូចតារាផ្សេងៗទៀត ។

 តន់ ច័ន្ទសីម៉ា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ និងធ្លាប់ប្រលងជាប់ផ្នែកស្មូតលេខ១ ប្រចាំខេត្តតាកែវ អំឡុងនាងច្រៀងនៅហាង វីហ្វេ្រន បានតម្លៃខ្លួន ១ខែ ត្រឹមតែ ៤៥០ដុល្លារ និងធ្លាប់រស់នៅបន្ទប់ជួល ក្បែស្ដុប DN ១ខែ តម្លៃ៦០ដុល្លារ។ ប៉ុន្ដែពេលនេះ សីម៉ា មានផ្ទះប្រណិត និងជិះរថយន្ដថ្លៃៗ ពោលគឺផ្លាស់ប្ដូរជីវភាពដូចមេឃ-ដី ។ យ៉ាងណាតារាវ័យ២៧ឆ្នាំ ដែលក្លាហានសារភាពបានកែសម្រស់ ៣ចំណុច គឺច្រមុះ, ចាក់ចង្កា និងពត់ធ្មេញ រូបនេះ តែងតែត្អូញអត់សង្សារ និងជួនកាលពិបាកចិត្តរឿងម៉ែឲ្យយកប្ដី តែមិនដឹងអនាគតប្ដីនៅឯណា បើទោះជាមានឯកឧត្តមលើហ្វេសបុកម្នាក់ ឈ្មោះ Em Rathana ដែលហៅខ្លួនឯងថា ឯកឧត្តមសេរីរតនា  ប្រកាសសុំស្នេហានាងជាសាធារណៈ លើបណ្ដាញសង្គម តាំងពីចុងឆ្នាំ២០២៤ ក្ដី ។  ទស្សនិកជនរង់ចាំមើលថា តន់ ច័ន្ទសីម៉ា នឹងវិលមករកឆាកតន្រ្ដីតូចៗ កើបប្រាក់ល្អិតវិញ នៅពេលណា ? …៕

RELATED ARTICLES