Wednesday, April 30, 2025
Homeតារាខ្មែរស៊ីន យូប៊ីន ថាភាពយន្ដខ្មែរ ប្រឈមលែងមានអ្នកមើល ខណៈលោកហ្វៃ សំអាង ថាមានកត្តាធំ២

ស៊ីន យូប៊ីន ថាភាពយន្ដខ្មែរ ប្រឈមលែងមានអ្នកមើល ខណៈលោកហ្វៃ សំអាង ថាមានកត្តាធំ២

ភ្នំពេញ ៖ តារាសម្ដែងស្រីស្អាត ស៊ីន យូប៊ីន បានប្រាប់អ្នកសារព័តមាន កាលពីពេលថ្មីៗនេះថា ភាពយន្ដខ្មែរ កំពុងប្រឈម «លែងមានអ្នកមើល» ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ម្ចាស់ Sponsors ទាំងឡាយ ហេតុនេះហើយនាងសំណូមពរឲ្យមហាជន កុំបន្ធូដៃ គឺនាំគ្នាគាំទ្ររឿងខ្មែរ បន្ដទៅទៀត ព្រោះភាពយន្ដ ជាការឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងភាសាររបស់ជាតិ។ យូប៊ីន ប្រាប់អ្នកកាសែតថា បច្ចុប្បន្ន ទូរទស្សន៍គេលែងមើលទៅហើយ។

ឯកឧត្តមហ្វៃ សំអាង ផលិតករល្បីឈ្មោះ

ជុំវិញការលើកឡើងរបស់ស៊ីន យូប៊ីន បែបនេះធ្វើឲ្យមហាជនជាច្រើន សរសើរថា នាងហ៊ាននិយាយការពិត ដែលផ្ទុយពីថៅកែផលិតកម្ម និងផលិតករមួយចំនួន ផលិតរឿងមក ពួកគេមានតែអួតរឿងមានអ្នកគាំទ្រច្រើនបំផុត បំបែកឯតទគ្គកម្ម  ឬកើបលុយជាដើម ដែលពេលខ្លះ ចេះតែបំប៉ោងទិន្ន័យចំនួនអ្នកទៅទស្សនាភាពយន្ដខ្មែរ បើទោះជាវិស័យនេះ កំពុងស្ថិតនៅមាត់ជ្រោះក៏ដោយ ។

លោកហ្វៃ សំអាង ផលិករល្បីឈ្មោះ បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នា២០២៥ ថា ការនិយាយរបស់គាត់ (យូប៊ីន) ក៏ត្រូវដែរ ប៉ុន្ដែកត្តាដែលធ្វើឲ្យភាពយន្ដខ្មែរធ្លាក់ចុះបែបនេះ គឺដោយសារតែ ទី១- គុណភាពនៃការផលិតភាពយន្ដ និងទី២- បញ្ហាសេដ្ឋកិច្ច ។ ផលិតកររូបនេះ បានលើកឡើងថា ពេលនេះមិនមែនតែភាពយន្ដខ្មែរទេ ដែលជួបបញ្ហានោះ ភាពយន្ដថៃ និងរឿងបណ្ដាប្រទេសផ្សេងៗទៀត ក៏ធ្លាក់ចុះដូចគ្នាដែរ ។ ប៉ុន្ដែការផលិតភាពយន្ដ គឺត្រូវតែមាន ព្រោះភាពយន្ដ គឺផ្សារភ្ជាប់ទៅនឹងការស់នៅរបស់ប្រទេសជាតិនីមួយៗ។ បើគ្មានភាពយន្ដទេ គឺមានតែដូចសម័យប៉ុល ពត ហើយ។

ស៊ីន យូប៊ីន អតីត Freshie លេខ១ ឆ្នាំ២០១៤ បានវិវឌ្ឍខ្លួនមកជាអ្នកដឹកនាំសម្ដែងភាពយន្ដ ដែលពេលនេះនាងថតខ្លួនឯងផង ដឹកនាំរឿងផង ។ ផលិតករមិនតិចនាក់ទេ ដែលស្រឡាំងកាំង នៅពេលដែលយូប៊ីន យល់ថា រឿងខ្មែរ អាចនឹងលែងមានអ្នកមើល នាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលថ្មីៗនេះ មហាជនបានប្រតិកម្មចំពោះការលើកឡើងរបស់មាស សុខសោភា ដែលថា បើគ្មានអ្នកសិល្បៈ មនុស្សធ្លាក់ក្នុងអន្លង់អវិជ្ជា ។ សម្រាប់យូប៊ីន វិញ នាងបានចុះឡើងៗតាមប្រទេសជាច្រើន ហេតុនេះហើយបានជានាងហ៊ាននិយាយបែបនេះ ព្រោះតែវិស័យសិល្បៈទី៧ នេះ លេចអណ្ដែតៗ ជាច្រើនឆ្នាំមកហើយ គ្រាន់តែផលិតករខ្លះ មិនទទួលស្គាល់ដូចនាងទេ ។ ប៉ុន្តែសម្រាប់ភាពយន្តដែលបញ្ចាំងតាមរោងភាពយន្ត មានការកត់សម្គាល់ឃើញថា រឿងប្រភេទរញ្ជួយព្រលឹង ជាពិសេសរឿងខ្មោច មានទស្សនិកជនមើលច្រើនជាង។

លោកហ្វៃ សំអាង យល់ថា ដើម្បីកុំឲ្យភាពយន្ដខ្មែរ ត្រូវបានមហាជនបំភ្លេច គឺមានកត្តាផ្សេងៗទៀត ដូចជា តួសម្ដែង, ផលិតករ និងទស្សនិកជន។ លោកសង្កត់ធ្ងន់ថា នៅពេលដែលសេដ្ឋកិច្ចវិលមករកភាពល្អប្រសើរ ហើយយើងផលិតភាពយន្ដមួយដែលមានគុណភាពហើយ នោះលោកជឿថា រឿងខ្មែរ នៅតែមានមហាជនគាំទ្រ ។ លោកថ្លែងថា «បើយើងផលិតរឿងមួយដែលគ្មានគុណភាព តើឲ្យទស្សនិកជនទៅមើលរឿងហ្នឹងយ៉ាងម៉េចទៅ?»។

ទោះជាវិស័យភាពយន្ដខ្មែរ ពិបាកទៅមុខមែន ប៉ុន្ដែស៊ីន យូប៊ីន នៅតែបន្ដអាជីពនេះ ដោយសាតែការស្រលាញ់ ហើយតារាដែលចេះ ៥ភាសា គឺខ្មែរ, ថៃ, អង់គ្លេស, វៀតណាម និងឡាវ រូបនេះ ក៏តាំងចិត្តថានឹងប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀត ក្នុងនាមជាអ្នកដឹកនាំសម្តែងភាពយន្ដ (Director) ម្នាក់ ក្រោយនាងធ្លាប់បាត់ មុខជាច្រើនខែ ដោយសារតែសម្ងំទៅបួសជាដូនជី ដើម្បីសមាធិឲ្យអារម្មណ៍ស្ងប់ ។ ចំណែករឿងស្នេហានាង ជាមួយលោកវ៉ៃហាំង នៅតែមិនច្បាស់លាស់ដដែល ៕

RELATED ARTICLES