ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ មានម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណី ឆក់ លួចយ៉ាងសកម្ម និង៦នាក់ទៀតជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បញ្ជូននាំខ្លួនទៅតុលាកា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបន្ទាប់ពីចាប់ឃាត់ខ្លួនបាន កន្លងមក ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ត្រូវបានឡើងតុលាកា ពេលនេះ ក្នុងសំណុំរឿង២ផ្សេងគ្នា មានជនសង្ស័យ ម្នាក់ឈ្មោះ នាង ភក្តី ហៅកុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជាមុខសញ្ញា បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ ឆក់កាបូប តាមផ្លូវ យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត ខណ្ឌពោធិសែនជ័យ និងសែនសុខ ចោទប្រកាន់ ក្នុងសំណុំរឿង លួចមានស្ថានទម្ងន់ទោស ក្រោយពី កម្លាំងសមត្ថក៨ច្ចបង្ក្រាបចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ កន្លងមកនៅភូមិថ្មគោល សង្កាត់ចោមចៅ បន្ទាប់ពីជនសង្ស័យ និងមេក្លោង ម្នាក់ទៀត បានធ្វើសកម្មភាព បើកទ្វាររថយន្តលួចកាបូបលុយ របស់ស្រ្តី ថៅកែរោងមា៉សុីនកិនស្រូវម្នាក់ ត្រង់ចំណុចភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ចំណែកមេក្លោង មិនទាន់ចាប់បាននៅឡើយ ។ ដោយឡែក មានជនសង្ស័យចំនួន៦នាក់ផ្សេងទៀត ក្នុងសំណុំរឿង ប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ នៅសង្កាត់ចោមចៅ ។
ជនសង្ស័យទាំង២ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន យកមកសាកសួរនៅផ្នែកជំនាញ រហូតដល់ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះត្រូវបាន នគរបាល ខណ្ឌពោធិសែនជ័យ បញ្ជូនខ្លួនទៅតុលាកា ដើម្បីឲ្យតុលាកា សាកសួរ និងចោទដាក់បន្ទុកជាផ្លូវការ ៕