ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ រវល់ចេញទៅធ្វើការកាស៊ីណូ ទើបទុកឱ្យកូនប្រុស តូចៗចំនួន២នាក់នៅចាំផ្ទះ ស្រាប់តែអកុសល ត្រូវជនមិនស្គាល់មុខចូលមកចាប់កូនប្រុសពៅ ដាក់រថយន្ត រួចបើកចេញទៅបាត់ស្រមោល បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត។
ក្មេងប្រុសរងគ្រោះដែលត្រូវជនមិនស្គាល់ មុខចាប់ដាក់រថយន្តនោះ មានឈ្មោះចឹ ម៉េង អាយុ៨ឆ្នាំ ជាកូនពៅក្នុងចំណោមបងប្អូនប្រុស ២នាក់ មានឪពុកម្តាយជាបុគ្គលិកក្នុងកាស៊ីណូ ក្រុងប៉ោយប៉ែត សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់ក្មេងប្រុស រងគ្រោះតែងនាំគ្នាចេញទៅធ្វើការនៅកាស៊ីណូ បាត់ៗ ដោយទុកឱ្យក្មេងប្រុសរងគ្រោះ និង បងប្រុសម្នាក់ទៀត ទើបនឹងមានអាយុ១០ឆ្នាំ នៅចាំផ្ទះតែ២នាក់។ នៅមុនពេលពេលកើតហេតុ ខណៈដែលក្មេងប្រុសរងគ្រោះជាប្អូនកំពុង រត់លេងនៅខាងមុខផ្ទះ ចំណែកក្មេងប្រុសជា បងកំពុងនៅខាងក្នុងផ្ទះ ស្រាប់តែមានជនមិន ស្គាល់មុខ មិនដឹងជាមានគ្នាប៉ុន្មាននាក់ បានបើក រថយន្តពណ៌ស មិនចាំស្លាកលេខ បានឈប់ រថយន្ត រួចចុះចាប់ក្មេងប្រុសរងគ្រោះដាក់បញ្ចូល រថយន្ត ហើយក៏បើកចាកចេញទៅយ៉ាងប្រញាប់ ប្រញាល់បំផុត។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ក្មេង ប្រុសជាបងបានរត់ចេញមកស្រែកឆោឡោហៅ អ្នកជិតខាងឱ្យជួយ និងប្រាប់ថា មានគេចាប់ ប្អូនប្រុសរបស់ខ្លួនដាក់ចូលរថយន្តយកទៅបាត់ ហើយ តែយឺតពេលបន្តិច ព្រោះរថយន្តនោះ បានបើកគេចបាត់ទៅហើយ ទើបអ្នកជិតខាង បានត្រឹមជួយផ្តល់ដំណឹងដល់ឪពុកម្តាយក្មេង ប្រុសរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ករណីនេះ សមត្ថកិច្ច កំពុងធ្វើការតាមដាន ស្រាវជ្រាវបន្ថែមទៀត និង មិនទាន់ដឹងថា អ្នកណាមកយកក្មេងប្រុស ឬ ក្រុមមិនស្គាល់មុខចាប់យកទៅនោះទេ។
តាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា រថយន្តដែលចាប់ក្មេងប្រុសយកទៅនោះ ជា ប្រភេទរថយន្តទួរីស ពណ៌ស អត់មានស្លាក លេខនោះទេ។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងក្តៅគគុក ដើម្បីបញ្ជាក់ពីមូលហេតុពិត ប្រាកដ និងតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ប្រសិនបើជាករណីចាប់ក្មេងប្រាកដមែននោះ៕