Wednesday, August 27, 2025
Homeព័ត៌មានជាតិប្តី​ប្រចណ្ឌ​វ៉ៃដំ​រាល់​ថ្ងៃ ប្រពន្ធប្តឹង​ប៉ូលិស​ចាប់

ប្តី​ប្រចណ្ឌ​វ៉ៃដំ​រាល់​ថ្ងៃ ប្រពន្ធប្តឹង​ប៉ូលិស​ចាប់

ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តកំណាចម្នាក់ ហេតុតែស្រលាញ់ប្រពន្ធពេក ទើបក្លាយជាមានចិត្ត ប្រចណ្ឌហួងហែងប្រពន្ធខុសរឿង ឱ្យតែផឹកស្រា ស្រវឹងធ្លាក់ភ្នែក តែងចោទប្រពន្ធថាលួចលាក់ មានប្រុសសហាយ រួចវាយដំប្រពន្ធមិនស្វាង រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ច ឱ្យចាប់អូសកប្តីកំណាចយកទៅចាត់ការតាម ច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទី យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិអូរចារ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ។

ជនបង្កហេតុជាប្តីដែលវាយដំប្រពន្ធ ព្រោះ តែភ្លើងប្រចណ្ឌនោះ មានឈ្មោះទិត្យ សាមិត អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស៊ឹម សុភី អាយុ ៤៥ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់និងប្តីបានចាប់ដៃគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែការ រស់នៅជួបរឿងរកាំរកូសច្រើនជាងសុភមង្គល ព្រោះតែប្តីគឺជាមនុស្សស្រលាញ់ស្រាខ្លាំងជាង ប្រពន្ធកូន ពិសេសមានចិត្តប្រចណ្ឌប្រពន្ធហួស ហេតុ និងតែងប្រើអំពើហិង្សាដាក់ប្រពន្ធស្ទើរ គ្មានលស់ថ្ងៃ។

ស្ត្រីរងគ្រោះ បន្តថា ប្តីនេះប្រចណ្ឌគ្មាន ដឹងក្បាលកន្ទុយអ្វីទេ ឱ្យតែឃើញគាត់និយាយ ស្តីជាមួយមនុស្សប្រុសណា ដឹងតែផ្ទុះកំហឹងដោយ ខ្វះការពិចារណា ហើយមិនគិតថា ប្រុសនោះ ជាមិត្តភក្តិអ្នកជិតខាង ឬសាច់ញាតិអ្វីនោះទេ។ ចំណែកគាត់ តាំងពីដើមរៀងមកមិនធ្លាប់មាន គំនិតបែកបែរចោលប្តី ស្រវាប្រុសថ្មីអីនោះទេ ណាមួយគាត់ចំណាស់នេះទៅហើយមានកិលេស តណ្ហាជាមួយប្រុសឈ្មោលម្តេចនឹងបានទៀត ទៅ ប៉ុន្តែប្តី មិនដែលគិតឃើញបែបនេះឡើយ ឱ្យតែស្រវឹង ដឹងតែចោទគាត់ថាមានសហាយ រករឿងវាយដំគាត់មិនស្វាង ហើយកន្លងមក គាត់ធ្លាប់ប្តឹងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ហៅទៅអប់រំ ព្រមានខ្លះៗដែរ តែប្តីហាក់មិន ខ្លាចរអាអ្វីសោះ។

ស្ត្រីរងគ្រោះជាប្រពន្ធ បានបញ្ជាក់ថា នៅ មុនពេលកើតហេតុ នៅវេលាម៉ោង៩និង១០ នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មិន ដឹងប្តីនេះផឹកស្រវឹងធ្លាក់ភ្នែកពីណាមក ស្រាប់តែចូលដល់ផ្ទះ ក៏ចោទប្រកាន់គាត់ជាប្រពន្ធទាំង ទទឹងទិសថា គាត់ក្បត់ចិត្តប្តី លួចលាក់មានអ្នក ថ្មី ទាំងដែលគាត់មិនដឹងអ្វីសោះ។ បន្ទាប់ពីរក រឿងជេរបញ្ចោរគាត់អស់ចិត្ត ប្តីកំណាចរូបនេះ ក៏ស្ទុះចូលមកចាប់គាត់វាយដំយ៉ាងចាស់ដៃ រហូត មានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងអ្នកជិត ខាងចូលមកជួយឃាត់។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹង ទង្វើឃោរឃៅរបស់ប្តីលែងបាន ស្ត្រីរងគ្រោះ បានសម្រេចរាយការណ៍ប្តឹងសមត្ថកិច្ចចុះចាប់ ឃាត់ខ្លួនប្តីនាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា ខ្លួនពិតជាបានវាយដំប្រពន្ធ ពិតមែន មូលហេតុ ដោយសារតែខ្លួនបានផឹក ស្រាស្រវឹងពេក ម៉្យាងប្រចណ្ឌនឹងប្រពន្ធខ្លះផង ទើបជ្រុលដៃបែបនេះតែម្តង។

ជនបង្កហេតុជាប្តីត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាម នីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES